តុលាការ​កោះ​ហៅ​លោក​ កែប ជុតិមា ចូល​បំភ្លឺ​នឹង​បណ្តឹង​យាយ​ក្រពើ

Tuesday, April 23, 2013

ភ្នំពេញៈ សាលា​ដំបូង​រាជធានី​ភ្នំពេញ​ បាន​ចេញ​ដីកា​កោះ​ហៅ​លោក​ កែប ជុតិមា អភិបាល​រាជ​ធានី​ភ្នំពេញ ដែល​មាន​ឈ្មោះ​នៅ​ក្នុង​ព្រះ​រាជ​ក្រិត្យ​ចូល​និវត្តន៍ ឲ្យ​ចូល​ខ្លួន​បំភ្លឺ​ពាក់​ព័ន្ធនឹង​បណ្តឹង​របស់​លោក​ស្រី ឈិន សុគន្ធារី ហៅ​យាយ​ក្រពើ ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​ក្រុមហ៊ុន ឡាយី​ម៊ិច ហូល​ឌីង​គ្រុប ដែល​បាន​ប្តឹង​លោក​ពី​ការ​ប្រើ​អំណាច ដោយ​រំលោភ​ការ​ក្លែង​បន្លំ ការ​កសាង​ប័ណ្ណ​ដោយ​បំពាន និង ការ​ធ្វើ​របាយ​ការណ៍​ភូត​កុហក​លោក​នាយក​រដ្ឋ​មន្រ្តី​ ដើម្បី​រឹប​អូស​​យក​ដី​របស់​លោក​ស្រី​ស្រប​ច្បាប់​ ចំនួន​ជាង ៣៤ ហិកតា ​ស្ថិត​នៅ​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ​កាល​ពី​ឆ្នាំ ២០១២។ លោក មាស ច័ន្ទពិសិដ្ឋ ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​ប្រសាសន៍​ថា អយ្យ​ការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​ចេញ​ដីកា​កោះ​ហៅ​លោក​កែប ជុតិមា អភិបាល​រាជ​ធានី​ភ្នំពេញ ឲ្យ​ចូល​ខ្លួន​បំភ្លឺ នៅ​ស្ថាប័ន​អយ្យការ​ពាក់​ព័ន្ធ នឹង​បណ្តឹង​របស់​លោក​ស្រី ឈិន សុគន្ធារី ក៏​ប៉ុន្តែ រហូត​ទល់​ពេល​នេះ លោក​អភិបាល​រាជធានី​ភ្នំពេញ មិន​ទាន់​បាន​មក​បំភ្លឺ នៅ​អយ្យការ​តុលាការ​នៅ​ឡើយ​ទេ។
លោក មាស ច័ន្ទ​ពិសិដ្ឋ បាន​ថ្លែង​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ​ ថា៖​«សំណុំ​រឿង​របស់​​លោក​កែប ជុតិមា គឺ​ស្ថិត​នៅ​លើ​ដៃ​របស់​ខ្ញុំ។ ខ្ញុំ​បាន​ចេញ ដីកា​កោះ​ហៅ​គាត់​(លោ​កែប ជុតិមា) ឲ្យ​ចូល​មក​ឆ្លើយ​បំភ្លឺ នៅ​អយ្យ​ការ​តុលាការ​ហើយ កាល​ពី​មុន ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​កន្លង​ទៅ​នេះ។​ ក៏​ប៉ុន្តែ រហូត​មក​ទល់​ពេល​នេះ គាត់​មិន​ទាន់​បាន​ចូល​ឆ្លើយ​បំភ្លឺ នឹង​ខ្ញុំ​នៅ​ឡើយ​ទេ»។
លោក​ព្រះ​រាជ​អាជ្ញា​រង​ មាស ច័ន្ទពិសិដ្ឋ បាន​បន្ថែម​ថា៖ «ឥឡូវ​នេះ ខ្ញុំ​កំពុង​តែ​ធ្វើ​ការ​ស៊ើប​អង្កេត​ករណី​នេះ និង​រង់ចាំ​គាត់​ចូល​ខ្លួន មក​ឆ្លើយ​បំភ្លឺ​នៅ​អយ្យការ​តុលាការ តាម​ដីកាកោះ»។
ទោះ​ជា​យ៉ាង​ណា​ក៏ដោ​យ លោក មាស ច័ន្ទ​ពិសិដ្ឋ ​មិន​បាន​បញ្ជាក់​ប្រាប់​ឲ្យ​បាន​ច្បាស់ អំពី​កាល​បរិច្ឆេទ នៃ ដីកា​កោះ​ហៅ​លោក​អភិបាល​រាជធានី​ភ្នំពេញ​ កែប ជុតិមា ដែល​លោក​បាន​ចេញ​កោះ​ហៅ ឲ្យ​ចូល​ខ្លួន​បំភ្លឺ​នោះ​ឡើយ។
លោក​សុខ សំអឿន​ មេធាវី​ការពារ​ក្តី​លោក​ស្រី ឈិន សុគន្ធារី បាន​ដឹង​ថា កូន​ក្តី​របស់​លោក​គឺ​ឈិន​ សុគន្ធារី បាន​ដាក់​ពាក្យ​ប្តឹង លោក​កែប ជុតិមា​ ​​​អភិបាល​រាជធានី​ភ្នំពេញ​ជា​ផ្លូវ​ការណ៍​ទៅ​តុលាការ​រាជ​ធានី​ភ្នំពេញ ​​កាល​ពី​ថ្ងៃ ​ទី ២១ ខែ មីនា ឆ្នាំ ២០១៣។ ឥឡូវ​នេះ ​បណ្តឹង​របស់​លោកស្រី ឈិន សុគន្ធារី ​​​កំពុង​ស្ថិត​នៅ​ក្នុង​ដៃ ​តុលាការ​នៅ​ឡើយ។
លោក សុខ សំអឿន​ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​៖«ខ្ញុំ​បាន​ដាក់​សារណា​ការពារ​កូន​ក្តី​ ខ្ញុំ ជូន​ទៅ អយ្យការ​តុលាការ​រាជធានី​ភ្នំពេញ រួច​ហើយ​កាល​ពី​ថ្ងៃ​ទី ៥ ខែ​មេសា ២០១៣។ ​​ឥឡូវ​នេះ ខ្ញុំ​កំពុង​តែ រង់​ចាំ​មើល​ចំណាត់​ពី​តុលាការ»។
យោង​តាម​ពាក្យ​បណ្តឹង​ចម្លង​មួយ​ច្បាប់​របស់​លោកក្រី ឈិន សុគន្ធារី ដែល​មាន​បោះ​ត្រា​ទទួល​ស្គាល់​ដោយ​​អយ្យការ​សាលា​រាជធានី​ភ្នំពេញ ​​ចុះ​ថ្ងៃទី ២០ ខែ​មីនា ឆ្នាំ ២០១៣ និង ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទទួល​បាន លោក​ស្រី ឈិន សុគន្ធារី បាន​ចោទ​ប្រកាន់​ថា កាល​ពី​ថ្ងៃទី​ ៣០ ខែ សីហា ឆ្នាំ ២០១២ លោក​កែប ជុតិមា អភិបាល​នៃ គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង គូកន បាន​ប្រើ​អំណាច​​​ដោយ​រំលោភ និង បាន​ដក​ហូត​ដី​របស់​គាត់​ចំនួន ៣៤២, ​២៣៦. ៨៩​ ម៉ែត្រ​ការ៉េ (ប្រហែល​ជាង​៣៤ ហិកតា) ស្ថិត​នៅ​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​​​ដែល​លោក​ស្រី​បាន​កាន់​កាប់​ដោយ​សន្តិភាព តាំង​ពី​ឆ្នាំ ១៩៩៩ ព្រម​បាន​បង់​ពន្ធ​ជូន​រដ្ឋ ជា​រៀង​រាល់​ឆ្នាំ​ទៀត​ផង និង​បាន​កាត់​ចូល​ទៅ​ក្នុង​អនុក្រិត្យលេខៈ ១០១ អនក្រ ចុះថ្ងៃ ទី ១០ ខែ​កក្កដា ឆ្នាំ ២០១២។
លោក​ស្រី​ឈិន សុគន្ធារី បាន​ថ្លែង​ថា៖ «ទោះ​បីជា​បាន​ដឹង​ច្បាស់​ថា ដី​ខាង​លើ​នេះ​ នាង​ខ្ញុំ​បាន​កាន់​កាប់ ដោយ​ស្រប​ច្បាប់​ហើយ​ក៏​ដោយ ក៏​លោក​កែប ជុតិមា និង គូកន​នៅ​តែ​បំពាន រំលោភ​ដោយ​គ្មាន​ក្រែង រអែង​ច្បាប់​​បន្តិច​ណា​ឡើយ ពួក​គាត់​ថែម​ទាំង​បាន​ធ្វើ​របាយ​ការណ៍​ភូត​កុហក សមេ្តច នាយក​រដ្ឋ​មន្រ្តី ថា នាង​ខ្ញុំ​រំលោភ​​​កាន់​កាប់​ដី​សាធារណៈ​របស់​រដ្ឋ​ទៅ​វិញ»។
«អាស្រ័យ​ហេតុ​នេះ នាង​ខ្ញុំ សូម​ប្តឹង​លោក​កែប ជុតិមា និង គូកន ​ពី​ការ​ប្រើ​អំណាច ដោយ​រំលោភ ការ​ក្លែង​បន្លំ ការ​កសាង​ប័ណ្ណ​ដោយ​បំពាន និង ការ​ធ្វើ​របាយ​ការណ៍​ភូត​កុហក សមេ្តច នាយក​រដ្ឋ​មន្រ្តី​ ដើម្បី​រឹប​អូស​​យក​ដី របស់​នាង​ខ្ញុំ​ស្រប​ច្បាប់ ចំនួន​ជាង ៣៤ ហិកតា។ នាង​ខ្ញុំ សូម​សំណូម​ពរ ​ឲ្យ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ ផ្តន្ទាទោស លោក កែប ជុតិមា និង គូកន​តាម​ច្បាប់។ សុំ​ឲ្យ​រដ្ឋ​ប្រគល់​ដី​ខាង​លើ​មក នាង​ខ្ញុំ​វិញ និង បង្ខំ​ឲ្យ​លោក​កែប ជុតិមា និង គូកន សង​ជម្ងឺ​ចិត្ត​មក​នាង​ខ្ញុំ ១០០ លាន​ដុល្លារ​អាមេរិក»។
ជាមួយ​នឹង​ពាក្យ​បណ្តឹង​ខាង​លើ​នេះ លោក​ស្រីឈិន សុគន្ធារី ក៏​បាន​អំពាវនាវ​ដល់​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន​សែន ជួយ​ផ្តល់​យុត្តិធម៌​និង​​​ផ្តល់​ដី​ដែល​ក្រុមហ៊ុន​គាត់​កាន់​កាប់​ទំហំ​ ៣៤ ហិកតា ២២ អា និង ៣៦,៨៩ ខាង​លើ និង​ដែល​ត្រូវ​បាន​រាជ​រដ្ឋាភិបាល​កាត់​ចូល​ក្នុង​អនុក្រិត្យ និង​ជា​សម្បត្តិ​រដ្ឋ កាល​ពី​ឆ្នាំ ២០១២​នោះ ​​ជូន​ក្រុម​គ្រួសារ​គាត់​វិញ។
លោក​កែប ជុតិមា អភិបាល​រាជធានី​ភ្នំពេញ និង មេធាវី​ការពារ​ក្តី មិន​អាច​ទាក់​ទង ដើម្បី​សុំ ការ​បំភ្លឺ​បាន​ឡើយ។
សូម​បញ្ជាក់​លោក​ស្រី​ឈិន សុគន្ធារី អាយុ ៥៨ ឆ្នាំ ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ កាត់​ទោស​កំបាំង​មុខ ជាប់​ពន្ធនា​គារ រយៈពេល ៤ ឆ្នាំ ៦ខែ ពី​បទ« ធ្វើ​ឲ្យ​ប៉ះ​ពាល់​​លើ​កម្មសិទ្ធិ​សាធារណៈ» នៅ​លើ​ដី​ដែល​គាត់​បាន​កាន់​កាប់​ខាង​លើ ព្រម​ទាំង ចេញ​ដីកា​ចាប់​ខ្លួន​ទៀត​ផង កាល​ពី​ខែ ធ្នូ ឆ្នាំ ២០១២៕

                                                 លោក​ កែប ជុតិមា អភិបាល​រាជ​ធានី​ភ្នំពេញ
ប្រភព៖  ភ្នំពេញប៉ុស្តិ៍

Copyright @ 2013 Mobile88. Designed by Templateism | MyBloggerLab

Blog Archive

About Metro

Follow us on Facebook