បច្ចុប្បន្នបុគ្គលិកការិយាល័យ និងសិស្សនិស្សិតភាគច្រើន ត្រូវតម្រូវឲ្យប្រើប្រាស់កុំព្យូទ័រសម្រាប់ធ្វើការងារ និងរៀនសូត្រ។ ធ្វើការលើ និងមើលកុំព្យូទ័ររាប់ម៉ោងរៀងរាល់ថ្ងៃ នឹងធ្វើឲ្យភ្នែកអ្នកស្ពឹក និងឈឺដែលអាចនឹងខូចភ្នែក (ចាញ់ពន្លឺ ម្ញ៉ូប ជាដើម)។
សូមបង្ហាញជូនវិធីសាស្ត្រងាយៗមួយចំនួន ដើម្បីការពារភ្នែកអ្នកមិនឲ្យមានបញ្ហា ឬខូច ពេលប្រើកុំព្យូទ័រ៖
១. ឲ្យភ្នែកសម្រាក ៖ ជាការប្រសើរ បើអ្នកងើបចេញពីកៅអីធ្វើការ និងសម្លឹងមើលទៅរបស់ផ្សេងៗឆ្ងាយៗបន្តិចនៅជុំវិញខ្លួន ប្រមាណជា ១០ វិនាទី រហូតដល់អ្នកមានអារម្មណ៍ថា ភ្នែកអ្នករាងធូរស្បើយបន្តិច។ បន្ថែមពីនេះ បើអ្នកសម្លឹងរុក្ខជាតិ (ផ្កា ឬដើមឈើ) ពណ៌បៃតង ជុំវិញខ្លួនអ្នក កាន់តែប្រសើរ។
២. ធ្វើចលនាភ្នែក ៖ បើសិនអ្នកត្រូវអង្គុយធ្វើការមុខកុំព្យូទ័ររាប់ម៉ោង និងមិនអាចក្រោកចេញពីកៅអីបាន អាចធ្វើចលនាភ្នែកបាន ពោលគឺធ្វើឲ្យគ្រាប់ភ្នែកវិលជុំវិញចុះឡើងៗ។ វិលទៅឆ្វេង វិលទៅស្ដាំ វិលទៅលើ និងវិលចុះក្រោម។ ធ្វើបែបនេះដដែលៗ ៣ ដង ដើម្បីឲ្យភ្នែកបានសម្រាក។
៣. ព្រិចភ្នែក ៖ ត្រូវព្រិចភ្នែកឲ្យបានញឹកញាប់ ដើម្បីរក្សាសំណើមក្នុងកែវភ្នែក។ វិធីសាស្ត្រនេះ សំខាន់ណាស់ បើសិនអ្នកពាក់ lense ភ្នែក។ មនុស្សភាគច្រើនតែងតែផ្ដោតលើការងារពួកគេខ្លាំង រហូតដល់មិនសូវព្រិចភ្នែក ដែលបណ្ដាលឲ្យកែវភ្នែកអ្នកស្ងួត។
៤. ដកដង្ហើមទៀងទាត់ ៖ ស្ដាប់ឮដំបូង អ្នកនឹងគិតថា បើមិនឲ្យដកដង្ហើម មានតែស្លាប់។ អេហេ! ត្រង់នេះមានន័យថា ជាទូទៅ អ្នកដែលអង្គុយសម្លឹងធ្វើការលើកុំព្យូទ័រដោយយកចិត្តទុកដាក់ មានចលនាដំណកដង្ហើមតិចជាងសព្វដង។ ដូច្នេះ បើអ្នករំលឹកខ្លួនឯងធ្វើចលនាដំណកដង្ហើមដូចធម្មតា វានឹងជួយជំរុញចលនាឈាម។
៥. រៀបចំកុំព្យូទ័រ ៖ នេះជាបញ្ហាបច្ចេកទេសសំខាន់បំផុតដែលមិនអាចខ្វះបាន!
ក. ដាក់អេក្រង់កុំព្យូទ័រឲ្យទាបជាងកម្ពស់អ្នកអង្គុយ ដើម្បីឲ្យភ្នែកសម្លឹងបាញ់ចុះក្រោម។ ពេលដែលអ្នកសម្លឹងចុះក្រោម មានន័យថា កែវភ្នែកអ្នក ការពារដោយត្របកភ្នែក ដែលធ្វើអ្នកឲ្យអ្នកព្រិចភ្នែកញឹកញយដោយមិនដឹងខ្លួន និងបង្កើតជាប្រេងការពារកែវភ្នែក។
ខ. សារេចម្ងាយអេក្រង់កុំព្យូទ័រ៖ ចម្ងាយរវាងភ្នែកអ្នក និងអេក្រង់កុំព្យូទ័រ គួរមានចាប់ពី ៥០ ទៅ ៧០ សង់ទីម៉ែត្រ និងទាបជាងខ្សែភ្នែកអ្នកពី ១០ ទៅ ២០ សង់ទីម៉ែត្រ។ មុំ និងចម្ងាយ អាចកាត់បន្ថយភាពនឿយហត់របស់ភ្នែកអ្នកបាន។
គ. សារេពន្លឺអេក្រង់កុំព្យូទ័រ៖ ការប្រើពន្លឺអេក្រង់កុំព្យូទ័រ ជាបញ្ហាចំបាច់ ព្រោះពន្លឺភ្លឺពេក នឹងប៉ះពាល់ដល់កែវ និងធ្វើឲ្យក្រហាយហូរទឹកភ្នែក។ បើអ្នកធ្វើការនៅទីភ្លឺមានពន្លឺគ្រប់គ្រាន់ អ្នកអាចសារេពន្លឺអេក្រង់កុំព្យូទ័រឲ្យភ្លឺល្មម ឬលើសនេះបន្តិច។ បើនៅទីងងឹត អ្នកគប្បីបន្ថយពន្លឺកុំឲ្យភ្លឺខ្លាំង។
៦. កំណត់ការពាក់ឡែនភ្នែក ៖ បើអ្នកពាក់ឡែនភ្នែក នោះភ្នែកមានទឹកភ្នែកតិចតួច និងងាយនឹងស្ងួត។ ករណីនេះ អ្នកគប្បីប្រើវ៉ែនតាធម្មតាការពារពន្លឺកុំព្យូទ័រ ជាការប្រសើរ បើអ្នកប្រើកុំព្យូរទ័រយូរ។
៧. របបអាហារជំនួយភ្នែក ៖ ក្រៅពីវីធីសាស្ត្រការពារផ្ទាល់ខាងលើ អ្នកក៏ត្រូវម៉ត់ចត់លើការជ្រើសរើសរបបអាហារសម្រាប់ជំនួយភ្នែកផងដែរ ។ អាហារទាំងនោះមានដូចជា ត្រីសមុទ្រ (salmon) បន្លៃបៃតង ការ៉ុត ស្ពៃ ដំឡូងជ្វា និងផ្លែឈើសម្បូរវីតាមីន A ដូចជាស្វាយ ប៉េងប៉ោះ ឪឡឹក-ល-។ លើសពីនេះ កុំភ្លេចទទួលទានទឹកឲ្យបានច្រើន ដើម្បីកាត់បន្ថយសម្ងួតទឹកក្នុងកែវភ្នែក៕IM