ស្នេហា​ក្នុង​វ័យសិក្សា

Sunday, April 21, 2013


ពាក្យថា​ស្នេហា​មាន​អត្ថន័យ​យ៉ាង​ ជ្រាលជ្រៅ​ចំពោះ​មនុស្ស រហូត​ហ៊ាន​ធ្វើអត្ដឃាត​ខ្លួនឯង ឬធ្វើ​ឃាដ​អ្នកដទៃ​ទៀតផង។ ជាក់ស្ដែង​សម្រាប់​យុវជន និង​យុវតី​សម័យថ្មី​នេះមាន​ការជ្រួលជ្រើម​នឹងរឿងស្នេ​ហា​ខ្លាំងណាស់ ដោយ​អ្នកខ្លះ​ក៏យំ អ្នកខ្លះ​ក៏សើច​សប្បាយ ដោយ​គ្មាន​ខ្វាយខ្វល់​ពីរឿង​អ្វីផ្សេង​ទៀត​ឡើយ។

រូបភាពទស្សនាវដ្តីសុខភាពយើង
ទស្សនាវដ្ដី សុខភាព​យើង បានជួប​ជាមួយ​នឹង​ព្រះតេជគុណ គង់ ផែង សមណ​និស្សិត​នៃសាកល​វិទ្យាល័យ​ព្រះសីហនុរាជ នឹង​ធ្វើការ​បកស្រាយ​អំពី​ប្រធានបទ​ស្នេហា​ក្នុងវ័យ​សិក្សា ដើម្បីឱ្យ​លោកអ្នក​នាងកញ្ញា​បានជ្រាប និងយល់​កាន់តែ​ច្បាស់​អំពី​ប្រធានបទ​នេះ។
ស្នេហា​ក្នុងវ័យ​សិក្សា​ជាអ្វី?
ស្នេហា​ក្នុងវ័យ​សិក្សា​គឺសំដៅ​ទៅលើ​​សេចក្ដ្ដី​ស្រឡាញ់​ សេក្ដី​ស្នេហា​របស់​ក្មេងៗ ដែល​កំពុងតែ​សិក្សា ដោយ​មិន​ផ្ដោត​អារម្មណ៍​ទៅលើការ​សិក្សា បែរជា​យករឿង​ស្នេហាយកមក​ដៅនៅក្នុង​ខ្លួនទៅវិញ។ បើតាម​សៀវភៅ​វចនានុក្រម​សម្ដេ្ដច​ព្រះសង្ឃ​រាជ ជួន ណាត បាន​បែងចែក​ស្នេហា​ជា៣​សង្កាត់ ទីមួយ​ស្នេហា ទីពីរស្នេហ៍​ហឺត និងទី៣​ស្នេហ៍ហៃ ហើយ​ពាក្យ​របស់វាមាន​អត្ថន័យ​ខុសៗ គ្នា ៖
1 . ស្នេហា បាន​សេចក្ដីថា​ជាការ​ស្រឡាញ់ ការ​ពេញចិត្ដ ការ​ចូលចិត្ដ។ ហើយ​សម្ដេច​សង្ឃរាជ ជួន ណាត បាន​ចងក្រង ជាសុភាសិត​ថា ហៃមាស​ស្នេហា ក្រែងបាន​ផ្ដាំថា ឱ្យខ្ញុំ​ចូលមក​ពុំមែន​ទេ ឬកែវ​ថ្លៃពន្លក​ខ្ញុំបាន​ជាមក​ហើយតើ​ឱ្យទៅ​ណា ក្នុង​វចនានុក្រម​បានចង​ជាពាក្យ​ដូច្នេះសំដៅ​ដល់​សេចក្ដី​ស្រឡាញ់​ ជាប់ជំពាក់​រវាង​ភេទខុសគ្នា និង​ដូចគ្នា។
. ស្នេហ៍​ហឺត ខ្លាំង​ជាងស្នេហា​បន្ដិច ព្រោះ​មានភាព​ស្អិតជាង​ស្នេហា​ធម្មតា ដោយចង​ជាសុភាសិត​ថា ស្នេហា​ស្នេហ៍ហឺត នាំឱ្យ​ផ្ដាក់ផ្ដើត ភ្លេចការ​បរទោះ​នៅក្នុង​ផ្ទះទោះ​បីចេញ​ឬចូល គ្មាន​ចិត្ដត្រេកអរ​ចំពោះ​ការងារ។ ស្នេហា​គឺសុទ្ធសឹង​ជាគុណ​វិបត្ដិ​ដែល​លើកឡើង​ទាក់ទង​ទៅនឹង​ស្នេហា​របស់​ មនុស្ស​រួមទាំង​យុវវ័យ​ផងដែរ។
3 . ស្នេហ៍​ហៃ វាជ្រៅ​ជាងស្នេហា​បន្ដិចទៀត ស្នេហ៍ហៃ​គឺជា​សេចក្ដី​ស្រឡាញ់​ជ្រុលជ្រួស​ហួសហេតុ ការពារ​រារាំង អាច​ជាការ​ប្រច័ណ្ឌ​ក៏ថាបាន​ដែរ។ ហើយ​សម្ដេច​សង្ឃរាជ ជួន ណាត បាន​ចងជា​សុភាពសិត​ថា ស្នេហា​ស្នេហ៍​ហៃជាតួ​ចង្រៃ បំផ្លាញ​ទ្រព្យព្យាង្គ ងាប់​ចិត្ដ ចូល​ជាក់ធ្លាក់​ការសិក្សា​នាំឱ្យ​អាត្មា​ខូចកេរិ៍្ដ​ខូចឈ្មោះ។
មូលហេតុ​ស្នេហា​ក្នុងវ័យ​សិក្សា
មូលហេតុ​ដែល​បណ្ដាល​យុវវ័យ​ឆាប់មាន​ស្នេហា​មានកត្ដា​ជាច្រើន​ដូចជា ៖
1 . សារពាង្គកាយ ៖ ដោយសារ​កត្ដា​សារពាង្គកាយ​មានការ​លូតលាស់​លឿនពេក កាល​ណាមនុស្ស​មានការ​លូតលាស់ ហើយ​វ័យ​កាន់តែ​ចម្រើន​ឡើងៗ ដោយមាន​អារម្មណ៍​ថាខុស​ប្លែកពីមុន​(មិនដូចជា​នៅកុមារ​ទៀតឡើយ) ចាប់ផ្ដើម​គិតពីរឿង​ស្នេហា​តែម្ដង។
2 . ការ​ទំនាក់ទំនង ៖ បើការ​ទំនាក់ទំនង​នេះជា​លក្ខណៈ​ធម្មតា​អត់អីទេ ប៉ុន្ដែ​ច្រើនតែទំនាក់ទំនង​បែបជា​ឯកជន​ច្រើនជាង​សាធារណៈ ដូចនេះ​ការ​ទំនាក់​ទំនង​នាំឱ្យ​កើតមាន​ស្នេហា​បាន ប៉ុន្ដែ​មិនអាច​កាត់ផ្ដាច់​បាននោះ​ទេនូវការ​ទំនាក់ទំនង ដោយ​គ្រាន់តែ​ថា ការ​ទំនាក់ទំនង​រវាង​មនុស្ស​និងមនុស្ស រវាង​ស្រី និង​ប្រុស​គឺជា​រឿងធម្មតា ប៉ុន្ដែ​ទំនាក់ទំនង​នេះអាច​ក្លាយ​ជាស្នេហា​បាន។
. តណ្ហា បើតាម​ធម៌​ព្រះសម្មា​សាមពុទ្ធ​សម្ដែង​ថាមក​ពីតណ្ហា​នេះឯង​ដែលនាំ​ ឱ្យស្រឡាញ់។ ដោយសារ​តែមនុស្ស​ចេះសម្គាល់​ថាស្អាត ថា​ល្អ ថាស ថា​ខ្មៅ ទើប​នាំឱ្យ​កើតមាន​សេចក្ដី​ស្នេហា​នេះបាន។
4 . វប្បធម៌ និង​អរិយធម៌​បរទេស ៖ ដោយសារ​តែវប្បធម៌ អរិយធម៌​របស់​ពួក​បរទេសជ្រាប​ចូលផ្នត់​គំនិត​របស់​យុវវ័យ​ខ្មែរ ជាពិសេស​វាតាម​រយៈ​បច្ចេកវិទ្យា​ទំនើប ដូចជា​អ៊ិនធឺណេត ហ្វេសបុក ទូរទស្សន៍ សម្ភារៈ​និយម និងតាម​ប្រព័ន្ធ​បច្ចេកវិទ្យា ទំនើបៗ​ជាច្រើន​ទៀត។
រូបភាពទស្សនាវដ្តីសុខភាពយើង
ផល​ប៉ះពាល់​ស្នេហា​ក្នុងវ័យ​សិក្សា
ប្រសិនជា​យុវវ័យ​មានស្នេហា​វាធ្វើ​ឱ្យមាន​ផល​ប៉ះពាល់​ទៅដល់​ផ្នែក​ ជាច្រើន ដូចជា​ការងារ​ធ្វើដោយ​មិនយកចិត្ដ​ទុកដាក់ មិនថាការ​មិនមាន​អារម្មណ៍​ក្នុងការ​សិក្សា​រៀនសូត្រ ខាត​ថវិកា​របស់​មាតាបិតា ឬ​អាណា​ព្យាបាល រហូត​អាចនឹង​បោះបង់​ចោលការ សិក្សា​ថែមទៀត​ផង។ ដូចនេះ​វាធ្វើ​ឱ្យខាត​ទាំង​ពេលវេលា និង​ថវិកា​ដោយឥត​ប្រយោជន៍ តែ​ប្រសិនជា​ឈានទៅ​ដល់ការ​កើតទុក្ខ​ខ្លាំង អាចមាន​វិបត្ដិ​ផ្លូវចិត្ដ ដោយសារ​តែរឿង​ស្នេហា រហូត​ធ្វើឱ្យ​មានការ​ឈឺ​ចុកចាប់ អាចឈាន​ដល់ការ​លោតទឹក លេប​ថ្នាំ ចងក សម្លាប់​ខ្លួន និង​ខូច​កិត្ដិយស។ បើនារី​វិញអាច​មាន​ផ្ទៃពោះ​មុនពេល​រៀបការ ត្រូវទៅ​ពន្លូតយក​កូនចេញ វាធ្វើ​ឱ្យខូច​សុខភាព អាចបណ្ដាល​ឱ្យស្លាប់​បាត់បង់​ជីវិត​ក៏អាច​ថាបាន ប៉ុន្ដែ​ប្រសិន​ជាហ៊ាន​ទុកកូន វាធ្វើ​ឱ្យខូច​កិត្ដិយស​នៅក្នុង​សង្គម​តែម្ដង គេអាច​និយាយ បានថា​ទុំមុន​ស្រគាល ព្រោះ​មិនទាន់​បាន​រៀបការផង​មាន​ផ្ទៃពោះ​ទៅហើយ។ បើ​និយាយ​ពីមាតាបិតា ឬ​អាណា​ព្យាបាល វា​ធ្វើឱ្យ​ខាតបង់​ច្រើន ខាតទាំង​លុយកាក់ ខាត​ទាំងទឹក​ចិត្ដ បាត់បង់​កិត្ដិយស ខូច​កេរិ៍្ដឈ្មោះ។ ចំពោះ​សង្គម​វិញ ស្នេហា​មិនមែន​ជាស្នាដៃ​សម្រាប់ សង្គម ឬ​ជាការ​ស្ថាបនា​ឱ្យសង្គម​ទេ បើ​ស្នេហា​ជាតិអាច​និយាយ​បាន ប៉ុន្ដែបើ​ស្នេហា​រវាង​មនុស្ស និង​មនុស្ស មិនមែន​ជាស្នាដៃ ឬ​ជាគំរូល្អ​សម្រាប់​សង្គម​នោះទេ។ វាជាគំរូ​មួយ​អាក្រក់​ដែលមនុស្ស​គ្រប់គ្នា​ឃើញ​នរណា​ម្នាក់​មាន​ស្នេហា មាន​វិបត្ដិ​ស្នេហា​តែងតែ ជ្រៀតជ្រែក​ថាឱ្យ​អ្នកទាំង​នេះ។ ពេលស​ង្គម​ជួបមនុស្សបែ​បនេះ ហាក់បី​ដូចជា​បាត់បង់​នូវទំញំង​ស្នងឫស្សី ធម្មតា​ក្មេងៗ​ប្រៀប​ប្រដូច ទៅនឹង​ទំញំង​សម្រាប់​ស្នង​តំណែង​មនុស្សចាស់ៗ តែផ្ទុយ​ទៅវិញ​ក្មេងៗ​មិនបាន​ធ្វើជា​ទំញំង​ទេ ព្រោះ​ទំញំង​ត្រូវបាន​ស្នេហា​កាប់​បំផ្លាញ អស់​ហើយ។
ដំបូន្មាន​របស់​ព្រះតេជគុណ
ត្រង់ចំណុច​នេះ​ព្រះតេជគុណផ្ដ​ល់ជា​យោបល់​ដល់​ស្រទាប់​យុវជន​ទាំងអស់​ ឱ្យបានជ្រាប​ថា បើតាម​ព្រះសម្មា​សាមពុទ្ធ ព្រះអង្គ​សម្ដែង​ថា ពេលដែល​សិស្ស​ត្រូវ​ព្យាយាម​រៀនសូត្រគឺ ៖
  • វ័យ​ក្មេង ឬ​បឋមវ័យ ជាពេល​ត្រូវសិក្សា​រៀនសូត្រ
  • មិនមាន​ជម្ងឺ មនុស្ស​អត់មាន​ជម្ងឺ​ទាំងផ្លូវកាយ ទាំង​ផ្លូវចិត្ដ។ បើមាន​ជម្ងឺ​ផ្លូវកាយ​ត្រូវ​ព្យាបាល​ឱ្យជា បើមាន​ជម្ងឺ​តាម​ផ្លូវចិត្ដ​ត្រូវ​ព្យាបាល​តាមផ្លូវចិត្ដ​ដែរ។ ប្រសិន​ជាមាន​ជម្ងឺ​មិនអាច​សិក្សា​រៀនសូត្រ​បានទេ ព្រោះ​អារម្មណ៍​មិនមូល។
  • មាន​ទ្រព្យសម្បត្ដិ​ធូរធារ ពេល​ដែលមាន​ជីវភាព​ធូរធារ​ទើបអាច​រៀនបាន​ស្រួល មិន​ខ្វាយខ្វល់​រឿង​ថវិកា​រៀនសូត្រ។
  • ព្រមព្រៀង​គ្នា មាន​ន័យថា​មនុស្ស​ត្រូវចេះ​រាក់ទាក់​គ្នា មើលគ្នា​ដោយ​សេចក្ដី​ស្រឡាញ់។ ហើយ​សេចក្ដី​ស្រឡាញ់​នេះ មិនមែន​មើលគ្នា​ដោយ​សេចក្ដី​ស្នេហា​ទេ មើលគ្នា​ដោយ​ការរាប់អាន។
  • កាលណា​ដែល​មនុស្ស​មានការ​ព្រមព្រៀង​គ្នាហើយ ពេលមាន​កំហុស​ត្រូវចេះ​សុំទោស​អភ័យទោស​ឱ្យគ្នា​ទៅវិញ​ទៅមក។
សម្រាប់​យុវវ័យ​ដែលកំពុង​សិក្សា​រៀនសូត្រ ត្រូវធ្វើ​យ៉ាងណា​កុំឱ្យ​មាន​ស្នេហា។ ប្អូនៗ​ទាំងអស់គ្នា គប្បីត្រូវ​ពិចារណា​លើ ដំបូន្មាន​របស់​មាតាបិតា អាណា​ព្យាបាល លោកគ្រូ​អ្នកគ្រូ ហើយ​ត្រូវសិក្សា​ឱ្យបាន​ច្រើន ត្រូវរៀន​អំពីការ​អប់រំ​ក្នុងសង្គម ហើយ​ក្នុងសង្គម​ត្រូវតែ​ចាប់យកតែ​ចំណុច​ណាដែលល្អ​បានហើយ។
 

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង

Copyright @ 2013 Mobile88. Designed by Templateism | MyBloggerLab

Blog Archive

About Metro

Follow us on Facebook