MoneySmart លេខ ចេញផ្សាយថ្ងៃទីព្រហស្បតិ៍ទី២១ ខែមីនា ឆ្នាំ២០១៣ បានចុះផ្សាយអំពីមេដឹកនាំដែលរកប្រាក់បានច្រើនបំផុតចំនួន៧រូប នៅក្នុងអាជីពនយោបាយនៅលើពិភពលោកសម្រាប់ឆ្នាំ២០១៣នេះ។ តួលេខដែលផ្ដល់ឲ្យខាងក្រោមនេះគឺជាតួលេខដែលស្ទើរតែត្រឹមត្រូវ។ តួលេខទាំងនេះមិនត្រូវបានយកមកគិតនូវប្រាក់ផ្ដល់ឲ្យពិសេសដូចជា ថ្លៃផ្ទះ និងប្រាក់ឧបត្ថម្ភរថយន្ត និងប្រាក់រង្វាន់លើកទឹកចិត្ត។ល។
ម្យ៉ាងទៀត ប្រាក់ខែរបស់អ្នកនយោបាយអាចផ្លាស់ប្ដូរយ៉ាងឆាប់រហ័សនិងអាស្រ័យទៅលើ អង្គភាពគ្រប់គ្រងសាមីជន និងនយោបាយរបស់ខ្លួន។ ខាងក្រោមនេះគឺជាមេដឹកនាំនយោបាយដែលMoneySmart បានចុះពីលេខ៧ទៅវិញ ដោយគិតប្រាក់ខែជាដុល្លារសិង្ហបុរី។
*ថ្នាក់ទី៧៖ លោក ហ្វ្រង់ស័រ ហូឡង់ ប្រធានាធិបតីបារាំង
លោកហ្វ្រង់ស័រ ហូឡង់ មានប្រាក់ខែប្រហែល២៩១,៦៨០ដុល្លារសិង្ហបុរី នៅក្នុងមួយឆ្នាំ។ លោកគ្រប់គ្រងប្រជាជនប្រហែល៦៥លាននាក់លើផ្ទៃក្រឡាដីទំហំ៦៧៥,០០០គីឡូម៉ែត្រក្រឡា។
*ថ្នាក់ទី៦៖ លោកស្ដេហ្វិនហាព័រ នាយករដ្ឋមន្ត្រីកាណាដា
លោកស្ដេហ្វិនហាព័រ មានប្រាក់ខែប្រចាំឆ្នាំចំនួន៣៨៧,៣៥១ដុល្លារសិង្ហបុរី។ លោកគ្រប់គ្រងប្រជាជនប្រហែល៣៤.៤លាននាក់របស់ប្រទេសកាណាដាដែលមានផ្ទៃដីជិត១០លានគូឡូម៉ែត្រក្រឡា។
*ថ្នាក់ទី៥៖ លោក អ៊ូហ៊ូរូកេនយ៉ាតា ប្រធានាធិបតីកេនយ៉ា
លោកកេនយ៉ាតា មានប្រាក់ខែ ៣៩០,៥៦១ដុល្លារសិង្ហបុរី នៅក្នុងមួយឆ្នាំ។ លោកគ្រប់គ្រងប្រជាជន៤១.៦លាននាក់។ ប្រទេសកេនយ៉ាមានផ្ទៃក្រឡា ៥៨០,០០០ គីឡូម៉ែត្រក្រឡា។ លោក កេនយ៉ាតា បានធ្វើឲ្យតុលាការឧក្រិដ្ឋកម្មអន្តរជាតិជឿថាលោកមិនបានប្រព្រឹត្តិ អំពើឧក្រិដ្ឋប្រឆាំងនឹងមនុស្សជាតិទេ។
*ថ្នាក់ទី៤ ៖ លោកម៉ៃឃើល ឌីហៃហ្គីន ប្រធានាធិបតីអៀរឡង់
លោកម៉ែឃើលឌី ហៃហ្គីន បានប្រាក់ខែ ៤០៤,៩៥០ដុល្លារសិង្ហបុរី លោកគ្រប់គ្រងប្រទេស ដែលមានប្រជាជន៤.៥លាននាក់ និងមានផ្ទៃដី ៨៤,០០០គីឡូម៉ែត្រក្រឡា។
*ថ្នាក់ទី៣៖ លោកបារ៉ាក់ អូបាម៉ា ប្រធានាធិបតីអាមេរិក
លោក បារ៉ាក់អូបាម៉ា មានប្រាក់ខែប្រហែល ៥០០,៧២០ដុល្លារសឹង្ហបុរី នៅក្នុងមួយឆ្នាំ។ លោកគ្រប់គ្រងប្រទេសដែលមានប្រជាជនប្រហែល ៣១៤លាននាក់ និងមានផ្ទៃក្រឡាទំហំ ៩.៨លានគីឡូម៉ែត្រក្រឡា។
*ថ្នាក់ទី២៖ លោកដូណាល់ធីសាង នាយកប្រតិបត្តិហុងកុង
លោក ធីសាង មានប្រាក់ខែ ៦៤២,១៧៣ដុល្លារសឹង្ហបុរី នៅក្នុងមួយឆ្នាំ។ លោកគ្រប់គ្រងប្រជាជនជាង៧លាននាក់របស់ទឹកដីហុងកុង ដែលមានទំហំ១.១០០គីឡូម៉ែត្រក្រឡា។
*ថ្នាក់ទី១៖ លោកលីសៀនលួង នាយករដ្ឋមន្ត្រីសិង្ហបុរី
លោក លីមានប្រាក់ខែ២.២លានដុល្លារសិង្ហបុរី នៅក្នុងមួយឆ្នាំ។ លោកគ្រប់គ្រងប្រជាជនប្រហែល ៥.១លាននាក់លើផ្ទៃដីទំហំ៧១០គីឡូម៉ែត្រក្រឡា។ លោកលីមានប្រាក់ខែស្មើនឹងមេដឹកនាំ៤ឬ៥នាក់នៅក្នុងបញ្ជីនេះ៕