ស្រី្តមានផ្ទៃពោះ ៤ ខែ លេបថ្នាំសម្លាប់ខ្លួន ក្រោយពី ប្តីវាយដំ

Wednesday, April 17, 2013

បន្ទាយមានជ័យៈ ស្រី្តមានផ្ទៃពោះ ៤ ខែម្នាក់ លេបថ្នាំសម្លាប់ខ្លួន កណ្តាល បុណ្យចូលឆ្នាំ ថ្ងៃទីពីរ ត្រូវនឹង ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៣ នៅចំណុច ភូមិសុខសាន្ត សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្រោយពីប្តី វាយដំ ព្រោះខឹងប្រពន្ធ មិនឲ្យទៅដើរលេង ជាមួយស្ត្រីម៉េម៉ាយម្នាក់ ក្នុងភូមិ  ក្រោយកើតហេតុ កម្លាំង អ.ហ ក្រុងប៉ោយប៉ែត បានចុះស្រាវជ្រាវ ទើបឈានដល់ការឃាត់ខ្លួន ជនសង្ស័យ ជាប្តីយកមកសួរនាំ និងកសាង សំណុំរឿង បញ្ជូនទៅតុលាការ ចាត់ការតាមច្បាប់ ។
លោក ហម ម៉ុត មេបញ្ជាការ អ.ហ ក្រុងប៉ោយប៉ែត បានឲ្យដឹង នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៣ នេះថា បុរសជាប្តី ដែលកម្លាំង អ.ហ ឃាត់ខ្លួនមាន ឈ្មោះ ស៊ីម ពៅ ភេទប្រុស អាយុ ១៨ ឆ្នាំ ។ ប្រពន្ធរងគ្រោះ ដែលលេបថ្នាំសម្លាប់ខ្លួន មានឈ្មោះ ចាន់ រដ្ឋា ភេទស្រី អាយុ ១៧ ឆ្នាំ មានផ្ទៃពោះ ៤ ខែ បច្ចុប្បន្ន ពួកគេរស់ នៅក្នុងភូមិឃុំកើតហេតុខាងលើ ។
លោកមេបញ្ជាការ បានបន្តថា ការឃាត់ខ្លួន ជនសង្ស័យខាងលើ គឺធ្វើឡើង ក្រោយពីទទួលបានពាក្យបណ្តឹង របស់ឪពុកស្ត្រីរងគ្រោះឈ្មោះ ឈឿន ចាន់ ភេទប្រុស អាយុ ៤៧ ឆ្នាំ រស់នៅភូមិមិត្តភាព ឃុំទួលពង្រ ស្រុកម៉ាឡៃ បានរៀបរាប់ថា កូនស្រីរបស់គាត់ កាលពីវេលាម៉ោង ៣ និង ៣០ នាទី ល្ងាច ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៣ ដែលជាថ្ងៃបុណ្យចូលឆ្នាំទីពីរ មុនស្លាប់ នាងត្រូវបានប្តីវាយ ធ្វើបាបលើរូបរាងកាយ និងធ្វើបាប ផ្លូវចិត្ត រហូតទ្រាំ មិនបាន ក៏យកថ្នាំបំពុលកុក លេបសម្លាប់ខ្លួន ។  ព្រោះប្តីនាងខឹងនឹងប្រពន្ធ ហាមមិនឲ្យ ដើរលេងជាមួយស្ត្រីម៉េម៉ាយម្នាក់ ក្នុងភូមិ ទើបវាយប្រពន្ធ ។ មុនកើតហេតុ ២ថ្ងៃ ក៏ត្រូវកូនប្រសាររូបនេះ វាយដំ ធ្វើបាបកូនស្រីរបស់គាត់ផងដែរ ។
លោក ហម ម៉ុត បានបញ្ជាក់ថា ក្រោយការបញ្ជាផ្ទាល់ ពីលោកឧត្តមសេនីយ៍ទោ រត្ន័ ស៊្រាង មេបញ្ជាការរង  អ.ហ លើផ្ទៃប្រទេស និងជាមេបញ្ជាការ អ.ហ ខេត្តបន្ទាយមានជ័យ និងបានការអនុញ្ញាត ពីលោក ឡុង ជាប ព្រះរាជអាជ្ញារង អមសាលាដំបូង ខេត្តបន្ទាយមានជ័យ កម្លាំង អ.ហ ក្រុងប៉ោយ ប៉ែត បានចុះពិនិត្យសព និង ឃាត់ខ្លួនឈ្មោះ ស៊ីម ពៅ ដែលជាប្តី ស្រី្តរងគ្រោះ យកមកសួរនាំ និងបញ្ជូនទៅទីបញ្ជាការ អ.ហ ខេត្តបន្ទាយ មានជ័យ កសាងសំណុំរឿង បញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធីច្បាប់ ៕



ដោយ ដើមអម្ពិល

Copyright @ 2013 Mobile88. Designed by Templateism | MyBloggerLab

Blog Archive

About Metro

Follow us on Facebook