តលួស​បង្កៃ​ចរន្ត​អគ្គិ​សនី ការពារ​ទ្រុង​សត្វ​ក្ងោក-ក្ងាន ខ្លាច​ចោរ​លួច ឆក់​ខ្លួន​ឯង​ស្លាប់

Friday, April 19, 2013

ខេត្តកំពង់ស្ពឺ ៖ បុរសម្នាក់ដែលគេដឹងថា ជាអ្នកចាំដីឱ្យលោកមេធាវី បែន សុនសម័យ ត្រូវបានគេប្រទះឃើញដេកស្លាប់ផ្កាប់ មុខក្បែរទ្រុងចិញ្ចឹមក្ងោក និងក្ងាន នៅក្នុងដីឡូត៍មួយកន្លែងស្ថិតក្នុងភូមិចំបក់ ឃុំវល្លិស ស្រុកសំរោងទង កាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី១៩ មេសា។
ប្រភពពីសាក្សីបានឱ្យដឹងថា ជនរងគ្រោះគឺជាអ្នកចាំដីឱ្យ លោកមេធាវី បែន សុនសម័យ ហើយដោយផ្ទះនោះមានចិញ្ចឹមក្ងោក និងក្ងានច្រើនទំនងជាខ្លាចមានចោរចូលលួច ចាប់សត្វទាំងនោះក៏បានរាយខ្សែលួស តចរន្តអគ្គិសនីទុកការពារ តែការធ្វើបែបនេះបែរជាភ្លាត់ស្នៀតឆក់ ខ្លួនឯងស្លាប់ទៅវិញ ។ បើតាមមន្ត្រីនគរបាលមួយរូបឱ្យដឹងដែរថា បើសិនជាការធ្វើបែបនេះ មិនមែនឆក់ស្លាប់ខ្លួនឯង ហើយបែរជាឆក់ស្លាប់អ្នកដទៃវិញនោះ អ្នកទទួលខុសត្រូវគឺម្ចាស់ផ្ទះផ្ទាល់តែម្ដង ហើយរឿងឆក់ស្លាប់អ្នកបម្រើនេះក៏ជារឿង ដែលម្ចាស់ផ្ទះត្រូវទទួលខុសត្រូវដែរ ។ 
នៅកន្លែងកើតហេតុ គេឃើញមានវត្តមានរបស់លោកទុង រតនា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត ដឹកនាំកម្លាំងនគរបាលបច្ចេកទេស និងគ្រូពេទ្យ ព្រមទាំងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ធ្វើការ ត្រួតពិនិត្យសពយ៉ាងយកចិត្តទុកដាក់បំផុត ។ នៅលើខ្លួនប្រាណសព គេឃើញមានស្នាមជាំនៅគុម្ពត្រចៀក និងនៅលើដោះខាងឆ្វេង និងកំភួនដៃឆ្វេង ដែលស្នាមនេះបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារខ្សែភ្លើងឆក់ពិតប្រាកដមែន ដោយសពមានសភាពដេកស្លាប់ផ្កាប់មុខនៅក្បែរទ្រុងសត្វក្ងោក និងក្ងាន ។ 
លោកសម សាក់ នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបានឱ្យដឹងថា សពត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាម ប្រពៃណីក្រោយពីសមត្ថកិច្ចធ្វើកោសល្យវិច័យរួចរាល់ ។ លោកបានបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយ ចរន្តអគ្គិសនីឆក់ពិតប្រាកដមែន មិនមានជាប់ពាក់ព័ន្ធនឹងករណីឃាតកម្មនោះទេ ៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

Copyright @ 2013 Mobile88. Designed by Templateism | MyBloggerLab

Blog Archive

About Metro

Follow us on Facebook