ភ្នំពេញៈ មានភាពភ្ញាក់ផ្អើលមួយ បានកើតឡើងបន្ទាប់ពី កម្លាំងនគរបាល មូលដ្ឋានដើរល្បាត នៅក្នុងមូលដ្ឋាន របស់ខ្លួន ដើម្បីរក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋនោះ ស្រាប់តែប្រទះឃើញ ស្រ្តីជនជាតិចិនម្នាក់ ដេកដួលសន្លប់នៅ តាមចិញ្ចើមផ្លូវដោយ ពុំដឹងមូលហេតុច្បាស់។ ភ្លាមៗនោះត្រូវ បាននគរបាល ហៅ រថយន្តរបស់ ក្រុមសង្រ្គោះ៧១១ កងពលតូចលេខ៧០ ដឹកយកទៅកាន់មន្ទីរពេទ្យកាល់ម៉ែត ដើម្បីជួយសង្គ្រោះ អាយុជីវិត។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង៨ និង៣០នាទីយប់ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៣ ស្ថិតនៅទល់វត្តសុភាឃួនតាម បណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ហើយ រហូតដល់ព្រឹកថ្ងៃទី១៨ ខែឆ្នាំ ដដែលគេពុំទាន់ដឹងមូល ហេតុអ្វីច្បាស់លាស់នៃការ ដួលសន្លប់របស់ ស្រ្តីជនជាតិចិននេះបាននៅឡើយ ដោយនៅជាប់នឹងខ្លួនរបស់ស្រ្តីរងគ្រោះ គេប្រទះឃើញមានកាបូប មួយនៅក្នុងកាបូប នោះមានតែប៊ិចសរសេរ៣ដើម ក្រដាសមួយ១សន្លឹក និងលិខិតឆ្លងដែនថតចម្លង មួយ សន្លឹក។
បើយោងតាមនគរបាល បានឲ្យដឹងថា បើយោងតាមអត្តសញ្ញាណ នៅក្នុងលិខិតឆ្លងដែនថតចម្លង ស្រ្តីខាងលើនេះ មានឈ្មោះ ដាយ ង៉ូម៉ីង អាយុ៤២ឆ្នាំ កាន់លិខិតឆ្លងដែន លេខ G 20412507 ។
ប្រភពបានបន្តថា មុនពេលកើតហេតុនគរបាលនៅមូលដ្ឋានបានដើរល្បាត ក្នុងភូមិសាស្រ្តរបស់ខ្លួនលុះមកដល់ ចំណុចកើតហេតុខាងលើ ក៏ប្រទះឃើញស្រ្តីជនជាតិចិន ដេកដួលសន្លប់ ស្តូកស្តឹងនៅទល់មុខ វត្តសុភាឃួនហើយក៏ មានការភ្ញាក់ផ្អើលមួយកើតឡើងដោយដំបូងសន្និដ្ឋានថា ប្រហែលជាមានក្រុម ក្មេងស្ទាវធ្វើបាបហើយមើលទៅ ឬក៏ជាករណីខ្យល់គរ ប៉ុន្តែបន្ទាប់ពីក្រុមគ្រូពេទ្យដឹកយក ទៅសង្គ្រោះស្រាប់ តែពុំអាចរកមូលដ្ឋាននៃស្ថានភាពជំងឺ ស្រ្តីខាងលើនេះបានទៅវិញ ហើយពេលនេះស្រ្តីរងគ្រោះកំពុង សម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត ដោយមានការតាមដានពីស្ថានភាពជំងឺយ៉ាងយកចិត្ត ទុកដាក់បំផុតពីក្រុមគ្រូពេទ្យ៕
ដោយៈ ដើមអម្ពិល
ផ្តល់សិទ្ធដោយ ដើមអម្ពិល