បន្ទាយមានជ័យ៖ បុរសម្នាក់ខូចចាញ់បោកមេខ្យល់ចិត្តបោកលុយអស់ពីខ្លួន និងខំដេកហាលមូសសម្ងំក្នុងដុបក្បែរព្រំដែនអស់រយៈពេល ៣ថ្ងៃ ចេញមិនរួច ទាល់ច្រកបែកគំនិតចងកប៉ុនប៉ងចងកសម្លាប់ខ្លួន តែមិនបានសម្រេច។ លុះល្ងាចឡើងរត់តោងរថយន្តគេរបូតដៃធ្លាក់ ចូលកង់រឺម៉ងសណ្តោង កង់ក្រោយ ត្រូវរថយន្តកិនដាច់ពាក់កណ្តាលខ្លួន ស្លាប់ដូចបំណង….។ ហេតុការណ៍បានកើតឡើងកាលពីវេលាម៉ោង ១៧និង៥០ នាទីល្ងាចថ្ងៃទី ២៣ខែមេសា ឆ្នាំ២០១៣ នៅចំណុចទល់មុខស្ថានីយ៍ប្រេងឥន្ធនៈស៊ូគីមិច តាមបណ្តោយផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិ១ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ។
ជនរងគ្រោះ មានឈ្មោះម៉ប ភឿន ភេទប្រុស អាយុ៣៥ ឆ្នាំ ស្រុកកំណើតភូមិខ្លាឃ្មុំ ឃុំកំពង់ធំ ស្រុកជីក្រែង ខេត្តសៀមរាប។ ចំណែករថយន្តបង្កហេតុជាប្រភេទរថយន្តដឹកទំនិញធុនធំ មានសណ្តោងរ៉ឺម៉ក ម៉ាកហ៊ីយ៉ានដាយ ពណ៌ សលាយខៀវ ពាក់ស្លាក់លេខភ្នំពេញ 3 B 4344 បើកបរដោយឈ្មោះភាព អាយុ៣៦ ឆ្នាំ ស្រុកកំណើតភូមិបឹង៣ ឃុំមោង ស្រុកមោងឬស្សី ខេត្តបាត់ដំបង។
លោកឈឿម សុផុន នាយការិយាល័យនគរបាលចរាចរណ៍ នៃស្នងការខេត្តបន្ទាយមានជ័យ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុនោះ គេបានឃើញជនរងគ្រោះអង្គុយសំកុកនៅក្បែរ កន្លែងកើតហេតុ ចំណែករថយន្តបង្កហេតុបានបើកបរពីទិសដៅពីកើតទៅលិច មកដល់ចំណុចផ្លូវ បំបែបនោះ ក៏បត់ទៅទិសខាងត្បូង ស្រាប់តែជនរងគ្រោះ បានស្ទុះរត់ទៅតោងចំហៀងរថយន្ត ប៉ុន្តែដោយខ្វះការប្រុងបប្រយ័ត្ន ក៏របូតដៃធ្លាក់មកដី ហើយត្រូវបានកង់ក្រោយរ៉ឺម៉ក កិនចំពាក់កណ្តាលខ្លួនដាច់ស្លាប់មួយរំពេច។ ចំណែក អ្នកបើកបរបិតសាប៊ូគូទបាត់ស្រមោល បន្សល់នូវជនរងគ្រោះ និងរថយន្តនៅនឹងកន្លែងកើតហេតុ។
បន្ទាប់ពីហេតុការណ៍កើតឡើង លោកក៏បានបញ្ជា ឲ្យកម្លាំងនគរបាលជំនាញ និងរថយន្តសង្រ្គោះ របស់ស្នងការ ចុះទៅកាន់កន្លែងកើតហេតុភ្លាមៗ ដើម្បីធ្វើការទៅតាមបច្ចេកទេស និងដឹកសពជនរងគ្រោះ ទៅតម្កល់ទុក នៅវត្តស្វាយចាស់ ដើម្បីរង់ចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែករថយន្ត ក៏ត្រូវបានយកមករក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការខេត្តបន្ទាយមានជ័យ ដើម្បីរងចាំធ្វើការដោះស្រាយទៅតាមផ្លូវច្បាប់៕