ភ្នំពេញ ៖ មន្រ្តីបម្រើការ នៅទីស្តីការ គណៈរដ្ឋមន្រ្តី រួមជាមួយប្រពន្ធ ត្រូវក្រុមចោរមានគ្នាពីរនាក់ ធ្វើសកម្មភាព ភ្ជង់និងវាយប្លន់ យកទ្រព្យសម្បត្តិ មានតម្លៃប្រមាណ ៤ម៉ឺនដុល្លារ បន្ទាប់ពីជនរងគ្រោះ ត្រឡប់ពីដើរលេងវិញ ដោយចុះពីលើរថយន្ត ដើរចូលទៅបើកទ្ចារ ផ្ទះទៅហើយនោះ។
ករណី អំពើ ប្លន់ប្រដាប់អាវុធ ដ៏ព្រហើនខាងលើនេះ បានកើតឡើងកាលពី វេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៣ នៅចំណុចផ្ទះលេខ១៩៩A ផ្លូវ លេខ៥១៦ ក្រុម៥២ភូមិ១៣សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក។
មន្រ្តីនគរបាល ខណ្ឌទួលគោកបានឲ្យដឹងថា ជនរងគ្រោះក្នុងករណីប្លន់នេះមានឈ្មោះយ៉ាន់ វ៉ាន់យ៉ង ភេទប្រុស អាយុជាង៤៤ឆ្នាំ មុខរបរជាមន្ត្រីទីស្ដីការ គណៈរដ្ឋមន្ត្រី ត្រូវក្រុមចោរវាយ រងរបួសត្រង់ក្បាល និងប្រពន្ធមាន ឈ្មោះថោង នី អាយុ៤០ឆ្នាំមុខរបរលក់គ្រឿងបន្លាស់រថយន្ត ស្នាក់នៅ ផ្ទះកើតហេតុខាងលើ ។ ចំណែក មានគ្នា២នាក់ ជិះម៉ូតូ១គ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ មិនចាំស្លាកលេខ ប្រដាប់ដោយកាំភ្លើងខ្លី២ដើម មិនចាំម៉ាក។
មន្រ្តីនគរបាលមូលដ្ឋាន បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះជាមួយប្រពន្ធ និងកូន បានជិះរថយន្ត១គ្រឿង ម៉ាកប្រាដូ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2I-4707 បាននាំគ្នាទៅដើរលេង ។ លុះពេលត្រឡប់មក វិញ ក៏បើករថយន្តចូលទៅក្នុងផ្ទះ ដោយឲ្យកូនប្រុសជាអ្នកបើករបង និងទ្វាផ្ទះ។ ខណៈនោះ ស្រាប់តែមានក្រុមចោរ ២នាក់ ជិះម៉ូតូចូលតាមពីក្រោយ ហើយក៏បានធ្វើសកម្មភាពប្លន់តែម្តង ដោយក្រុមចោរម្នាក់ ដកកាំភ្លើងវាយនិងភ្ជង់ជនរងគ្រោះជាប្តី ដោះយក ចិញ្ចៀនពេជ្រ ។ ចំណែកជនល្មើសម្នាក់ទៀត ស្ទុះទៅភ្ជង់ជនរងគ្រោះជាប្រពន្ធដោះយកខ្សែកពេជ្រ និងដណ្តើមយកកាបូបលុយ ហើយជិះម៉ូតូគេចខ្លួនបាត់ដោយសុវត្ថិភាព ។
នគរបាលបន្តថា ទ្រព្យសម្បត្តិ ដែលក្រុមចោរប្លន់យកទៅនោះ រួមមានចិញ្ចៀនពេជ្រ១វង់, ខ្សែ.កប្លាទីន១ខ្សែទម្ងន់ប្រមាណ២ តម្លឹង មានដាំបន្តោងពេជ្រ១, ទូរស័ព្ទដៃស៊េរីទំនើប៤គ្រឿង, ប្រាក់ខ្មែរ២លានរៀល ប្រាក់បាត២ម៉ឺនបាតនិងប្រាក់ដុល្លារ៣០០ដុល្លារ សរុបជាប្រាក់ទាំងអស់ប្រមាណ៤ម៉ឺនដុល្លារ ។
ក្រោយកើតហេតុ គេឃើញសមត្ថកិច្ចមូល ដ្ឋានចុះមកច្រូងច្រាង ធ្ចើកំណត់ហេតុ ដើម្បីកំណត់មុខសញ្ញា ក្រុមចោរប្លន់ទាំងនេះ ៕
ដោយ៖ ដើមអម្ពិល
ផ្តល់សិទ្ធដោយ ដើមអម្ពិល