បាត់ដំបងៈ ជនជាតិ អាមេរិកាំងម្នាក់ អាយុ ៥៣ ឆ្នាំ បានស្លាប់ដោយសារជំងឺរ៉ាំរ៉ៃ កាលពីវេលាម៉ោង ៣ទៀបភ្លឺ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៣ នៅក្នុងមន្ទីរពេទ្យ ឯកជន សុវណ្ណ បាត់ដំបង ត្រូវបានមន្រ្តីនគរបាល បច្ចេកទេសវិទ្យាសាស្រ្ត ក្រុង ខេត្ត ចុះធ្វើកោសល្យវិច្ច័យ រួចបានប្រគល់ ឲ្យទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យ តាមប្រពៃណី ។
ប្រភពព័ត៌មាន ពីសមត្ថកិច្ច បានឲ្យដឹងថា ជនជាតិអាមេរិកាំងម្នាក់ ដែលបានស្លាប់ មានឈ្មោះ ដេម៉ង់រ៉ាយ ហ្វីលីព ភេទ ប្រុស អាយុ ៥៣ ឆ្នាំ មានប្រពន្ធ ជាជនជាតិខ្មែរ ឈ្មោះ ផន ណារ័ត្ន អាយុ ៥៥ ឆ្នាំ មានសញ្ជាតិ អាមេរិក ដូចគ្នា បានមក ស្នាក់នៅបណ្តោះអាសន្ន ផ្ទះជួល ស្ថិតក្នុងក្រុមទី៤ ភូមិកាប់គោថ្មី សង្កាត់អូរចារ ក្រុងបាត់ដំបង ។
បើតាមប្រពន្ធ បានរៀបរាប់ ប្រាប់សមត្ថកិច្ចថា ប្តីរបស់គាត់ បានឈឺច្រើនមុខ ដូចជាជំងឺទឹកនោមផ្អែម ទឹកនោមប្រៃ មានដំបៅរ៉ាំរ៉ៃ មើលមិនជាយូរមកហើយ នៅវេលាម៉ោង ១ យប់ថ្ងៃទី១៧ ខែមេសា គាត់បានធ្វើទុក្ខខ្លាំង រួចបានបញ្ជូន មកគ្លីនិក សុវណ្ណ បាត់ដំបង ដើម្បើព្យាបាល លុះដល់ម៉ោង ៣ ទៀបភ្លឺថ្ងៃដដែល គាត់បានដាច់ខ្យល់ស្លាប់តែម្តង។
បន្ទាប់ពីជនរងគ្រោះ បានស្លាប់ហើយ គ្រូពេទ្យបានរាយការណ៍ ជូនសមត្ថកិច្ច ដើម្បីមកត្រួតពិនិត្យសព ត្រឹមត្រូវតាមសមត្ថ កិច្ចជំនាញ ព្រោះអ្នកស្លាប់ជាជនបរទេស ក្រោយពេលពិនិត្យហើយ សមត្ថកិច្ចបានសន្និដ្ឋានថា ជនរងគ្រោះ ពិតជាបាន ស្លាប់ ដោយសាររោគជំងឺគាត់ច្រើនពេក ដូចប្រពន្ធគាត់បានរៀបរាប់អញ្ចឹងដែរ ហើយបានប្រគល់សព ជនបរទេស ឲ្យទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕
ដោយដើមអម្ពិល
ផ្តល់សិទ្ធដោយ ដើមអម្ពិល