កណ្ដាលៈ លោកសង្ឃ ៣អង្គ ដែលគង់រៀនសូត្រ នៅក្នុងវត្តជលធារ៉ាសម្បត្តិ ហៅវត្ត ទួល ក្រសាំង នៅថ្ងៃចូលឆ្នាំបង្ហើយបានបបួលគ្នា ទិញស្រាបៀរ ផឹក រហូតដល់ស្រវឹងស្រែកឡូឡា ពេញកុដិ បង្កការភ្ញាក់ផ្អើលដល់ពុទ្ធបរិស័ទនាំគ្នា មកចោមរោមមើល ហើយចុងក្រោយត្រូវ សមត្ថកិច្ចនាំខ្លួន ។
ហេតុការណ៍ភ្ញាក់ផ្អើល ព្រះសង្ឃនាំគ្នាឆាន់ស្រា រហូតស្រវឹងស្រែកឡូឡា ខាងលើនេះកើត ឡើង កាលពីវេលាម៉ោង ៦និង ១០នាទីល្ងាច ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៣ នៅក្នុងវត្តជលធារ៉ាសម្បត្តិ ហៅវត្ត ទួលក្រសាំង ស្ថិតក្នុងភូមិទួលក្រសាំង ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល ។
ប្រភពព័ត៌មាន ពីមន្ត្រីនគរបាលបាន ឲ្យដឹងថា ព្រះសង្ឃ ៣ អង្គ ដែលមកគង់ នៅវត្តខាង លើ ហើយនាំគ្នាឆាន់ ស្រា រហូតស្រវឹង មានព្រះនាម ទី១-យិន នឿម ព្រះជន្ម២៩ឆ្នាំ មាន ស្រុកកំណើត នៅភូមិកែរ៉ង ឃុំឈើទាល ស្រុក សណ្ដាន់ ខេត្តកំពង់ធំ, ទី២-អ៊ឹម ចាន់ថន ព្រះជន្ម ២២ ឆ្នាំ មានស្រុកកំណើត នៅភូមិ-ឃុំគោកបន្ទាយ ស្រុក រលាប្អៀរ ខេត្តកំពង់ឆ្នាំង និងទី៣-ខាត់ សារ៉ាត់ ព្រះជន្ម ២២ ឆ្នាំ មានស្រុកកំណើត នៅភូមិ-ឃុំគោកបន្ទាយ ស្រុក រលាប្អៀរ ខេត្តកំពង់ឆ្នាំង ។ ព្រះសង្ឃទាំង៣អង្គនេះ បានមកគង់ និងរៀនសូត្រនៅវត្តខាង លើ។
ប្រភពដដែលបន្តថា បន្ទាប់ពីព្រះសង្ឃទាំង ៣ អង្គ ខាងលើ ឆាន់ស្រាហើយស្រែកឡូឡាឮដល់ ពុទ្ធ បរិស័ទ ដែលនាំគ្នាមកធ្វើបុណ្យ មានគ្នារាប់រយ នាក់នាំគ្នាឡោមព័ទ្ធវត្តហើយចង់ផ្ទុះអំពើហិង្សា ក៏ព្រោះតែមានកំហឹង មិនគួរព្រះសង្ឃមក ឆាន់ស្រា ធ្វើឲ្យខូចដល់ព្រះសង្ឃឯទៀត ជាពិសេស ប៉ះពាល់ដល់សាសនា ព្រះពុទ្ធ ដែលជាសាសនា របស់រដ្ឋ។ ក្រោយពីប្រជាពលរដ្ឋរាប់រយនាក់ ឡោមព័ទ្ធវត្ត សមត្ថកិច្ច បានចុះទៅធ្វើអន្តរាគមន៍ ហើយ យកព្រះសង្ឃទាំង ៣អង្គខាងលើ មកកាន់វត្តឈូងលៀប ស្ថិតក្នុងឃុំរកាខ្ពស់ ស្រុកស្អាង ជាបណ្ដោះអាសន្ន ដើម្បីដោះស្រាយ ជាក្រោយ ៕
ដោយដើមអម្ពិល