អន្ទិតលឿន លន់ (កាលនៅជាសង្ឃ), អន្ទិតលឿន លន់ (នៅក្នុងពន្ធនាគារ), អន្ទិតលឿន លន់ និងនាងផង់ អឺត (កាលនៅផ្អែមល្ហែម), លោកឈៀត សូ និងនាងសែន គឹមសេស ក្នុងថ្ងៃរៀបការ (រូបខាងស្តាំ), អ្នកស្រីយឹង អៀក, លោកតាយូ អៀម (រូបតូច កណ្តាល)
ទោះបីជាក្បួនតម្រាថា ខុសខែឆ្នាំ សឹកមិនល្អ ក៏អតីតសង្ឃនេះ បង្ខំ លាចាកសិក្ខាបទ ទៅយកនារីសង្សារម្នាក់ ដែលធ្លាប់យកចង្ហាន់ទៅប្រគេន ដល់កុដិ ធ្វើប្រពន្ធ។ ទីបំផុត ដោយសារស្រវឹងស្រា តណ្ហាអូសទាញឱ្យជាប់ទោសរំលោភស្រីក្រមុំមិនគ្រប់ទឹកម្នាក់ លុះខ្លួនជាប់គុក ក៏ត្រូវប្រពន្ធរត់តាមប្រុសថ្មី រហូតអ្នកស្រុកខ្លះថា មកពីសឹកខុសខែឆ្នាំ ទើបបាន ជារងកម្ម ព្រោះស្រី...។
អ្នកស្រីយឹង អៀក អាយុ៦២ឆ្នាំ រស់នៅភូមិដី ឃុំគោកកឋិន ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បានរៀបរាប់ភ្ជាប់ដោយក្តីអាណិតអាសូរកូនប្រុស ដែលក្លាយជាអ្នកទោសថា គាត់មានកូនទាំងអស់ ៥នាក់ ក្នុងនោះ កូនប្រុសទី៤ ឈ្មោះលឿម លន់ អាយុ៣០ឆ្នាំ បានក្លាយជាប្រធានបទ នៃរឿងរ៉ាវនេះ។ កូនប្រុសនេះ ធ្លាប់បួសជាសង្ឃ បាន៣វស្សា ចេះដឹងផ្លូវលោក ផ្លូវធម៌សន្ធឹក ប៉ុន្តែ ជាអកុសល ពេលកំពុងគង់ជាសុខ ក្នុងភេទជាបព្វជិត ស្រាប់តែមានស្រីក្រមុំម្នាក់ ឈ្មោះ ផង់ អឺត អាយុ២៩ឆ្នាំ ចេះតែយកចង្ហាន់ទៅប្រគេន លោកកូនដល់កុដិ ជារឿយៗ បានទាំងទាក់ទងស្នេហាគ្នាតាមទូរស័ព្ទទៀតផង។ នាងអឺត តែងអង្វរលួងលោមលោកកូន ឱ្យលាចាកសិក្ខាបទ ដើម្បីបានរួមរស់ជាមួយគ្នា រហូតដល់លោកកូនក្តៅចីវរ ទ្រាំមិនបាន ក៏សុំលោកគ្រូសឹក។
អ្នកស្រីយឹង អៀក បន្តថា ពេលនោះ រូបគាត់បានទៅរកហោរាគន់គូរមើល គ្រូប្រាប់ថា សឹកមិនទាន់បាន ទេ ព្រោះខុសខែឆ្នាំ បើហ៊ានជម្នះ នឹងត្រូវរងគ្រោះ ព្រោះស្រី ដូចនេនទុំ មិនខាន គឺបើមិនស្លាប់ ក៏ជាប់គុកដែរ សូម្បីតែលោកគ្រូចៅអធិការ ក៏មានទំនាយយ៉ាងនេះដែរ។ ប៉ុន្តែ ទោះជាគាត់ប្រាប់យ៉ាងណា ក៏លោកកូន មិនស្តាប់ រួចក៏លាចាកសិក្ខាបទ មកនៅផ្ទះវិញ ហើយនៅពេល សក់ដុះរ៉ុយៗ អន្ទិតកូន បានបង្ខំគាត់ឱ្យចូល ស្តីដណ្តឹងនាងអឺត ដែលមានផ្ទះក្បែរគ្នា ធ្វើឱ្យគាត់ ទាល់តម្រិះ ក៏ចាត់ចែងតាមប្រពៃណីទៅ។
អ្នកស្រីយឹម អៀក បន្តទៀតថា នៅពេលមានគ្រួសារ អន្ទិតលន់ តែងចេញទៅរកស៊ីនៅប្រទេសថៃ ជួនកាល ទៅទាំងពីរនាក់ប្តីប្រពន្ធតែម្តង ដោយមានជីវភាពត្រឹមតែរស់ប៉ុណ្ណោះ។ ពួកគេបង្កើតបានកូនស្រី១ ជាចំណងនិស្ស័យ ប៉ុន្តែពេលភ្លើងស្នេហ៍អស់ចំហាយ ស្រាប់តែនាងប្រពន្ធនោះ មិនសូវស្រលាញ់ប្តីដូចមុនទេ ខណៈដែលពីមុន នាងតែងយកចង្ហាន់ទៅប្រគេន លោកជាសង្សារដល់កុដិ។ ថ្ងៃមួយ ពេលអន្ទិតលន់ វិលមក ពីប្រទេសថៃ ក៏ជួបជុំមិត្តភក្តិស៊ីផឹក រហូតដល់ស្រវឹងគ្រប់គ្នា។ ពេលនោះ អន្ទិតលន់ បានដើរទៅបត់ជើងតូច នៅក្បែរផ្ទះ នារីមានសតិមិនគ្រប់ម្នាក់ ឈ្មោះនាងហ៊ើយ ខណៈដែលនាងនេះ កំពុងឱ្យបាយជ្រូក នៅពេលព្រលប់ៗ។ ពេលឃើញអន្ទិតលន់ ឈរបាញ់នោមក្បែររបង ស្រាប់តែនាងហ៊ើយ ស្ទុះទៅឱបពីក្រោយ បណ្តាលឱ្យអ្នកស្រវឹង មានភ្លើងតណ្ហា ឆាបឆេះឡើង រហូតជ្រុលជ្រួសជាមួយគ្នាក្នុងពេលនោះទៅ។ ខណៈដែលពួកគេ សម្រេចតណ្ហារួចរាល់ ស្រាប់តែបងប្អូននាងហ៊ើយ ទៅទាន់ ក៏ប្តឹងអន្ទិតលន់ ដោយចោទប្រកាន់ពីបទចាប់រំលោភស្រីមិនគ្រប់ទឹក ត្រូវប៉ូលិសចាប់បញ្ជូនទៅតុលាការ កាត់ទោសដាក់គុកជាង១០ឆ្នាំ គួរឱ្យសង្វេគ។
ដោយឡែក លោកតាយូ អៀម អាយុ៧០ឆ្នាំ ជាឪពុកអន្ទិតលន់ បានជួយបន្ត ពាក្យភរិយាថា តាំងពីប្តីជាប់គុកមក នាងអឺត មិនដែលឃើញទៅអើតសួរសុខទុក្ខប្តី ឡើយនាងនេះ បានទាំងលួចទាក់ទងជាមួយបុរសម្នាក់ ឈ្មោះឈៀត សូ ដែលមានប្រពន្ធ និងកូន មួយកន្ទេល រស់នៅភូមិថ្មី យ៉ាងរំភើយ។ គាត់ធ្លាប់ដេញកូនប្រសាស្រីនេះ ឱ្យយកអង្ករ ម្ហូប លុយកាក់ ទៅឱ្យកូនប្រុស ដល់ពន្ធនាគារដែរ ប៉ុន្តែ នាងអឺត បែរជាគេចវេះនាំប្រុស ទៅដេកក្នុងផ្ទះសំណាក់ទៅវិញ។ គាត់យល់ថា ហេតុតែសឹកខុសខែឆ្នាំ ទើបអន្ទិតកូនរងកម្ម ព្រោះស្រីបែបនេះ គឺនៅសុខៗ ស្រាប់តែស្រីមិនគ្រប់ទឹក ទៅចាប់ឱប ធ្វើឱ្យតណ្ហាផ្ទុះឡើង រហូតរួមរ័កជាមួយគ្នា ដោយគ្មានការបង្ខិតបង្ខំ បែរជា រងការចោទប្រកាន់ពីបទចាប់រំលោភទៅវិញ។ លុះគេជាប់គុក ស្រាប់តែ ប្រពន្ធអផ្សុក រកប្រុសថ្មីកំដរ។ ដូច្នេះ បើកម្មតាមផ្តន្ទាទៅ ហើយ មិនអាច យកឈ្នះ កម្លាំងកម្មបានឡើយ ត្រូវតែទុកឱ្យទៅតាមដំណើរទៅចុះ។ កាលណាកូនរួចពីគុក គាត់នឹងឱ្យទៅបួសម្តងទៀត ឬក៏បួសមួយជីវិតតែម្តង ដើម្បី រំដោះកម្មពៀរ កុំឱ្យមានតទៅទៀត។
នាងសែន គឹមសេស អាយុ៣៣ឆ្នាំ ជាប្រពន្ធរបស់ បុរសឈៀត សូ បានរៀបរាប់ទាំងឈឺចាប់ថា ប្តីរបស់នាង ដែលធ្លាប់ឱបជាប់នឹងដើមទ្រូងនោះ ត្រូវនាងអឺត ឆក់ យកទៅកំដរអារម្មណ៍ ដោយសារអន្ទិតលន់ ជាប់គុក ទុកឱ្យប្រពន្ធហេងហាង។ នាងធ្លាប់ទៅជេរបញ្ចោរនាង អឺត ផ្អើលភូមិម្តង ទៅហើយ តែនាងនោះមុខក្រាស់ នៅតែឆ្ងាញ់ប្តីគេ គឺគ្រាន់តែប្តីចូលគុក បានកន្លះខែ នាងអឺត ទ្រាំមិនបាន ក៏បើកដៃឱ្យប្តីកំហូចរបស់នាង។
រីឯអ្នកភូមិមួយចំនួន បានឱ្យដឹងស្របគ្នាថា តាមពិត នាងផង់ អឺត និងអន្ទិតលន់ ស្រលាញ់គ្នា តាំងពីនៅស្ទាវ លុះកំលោះលន់ ចេញទៅបួស នាងនេះ ចេះតែតាមលួងលោមអង្វរលោកឱ្យសឹក។ លុះប្តីមានរឿងជាប់គុកច្រវាក់ អត់គិតទៅសួរសុខទុក្ខអ្វីទេ បែរជាឆក់ប្តីគេទៅវិញ។ ពួកគាត់យល់ ថា មកពីអន្ទិតលន់ មានកម្មពៀរ ទើបរងគ្រោះព្រោះស្រីបែបនេះ មិនខុសពី រឿងទុំទាវ នោះឡើយ។
គួរបញ្ជាក់ថា រឿង “ទុំទាវ” ក៏បានតំណាលពី នេនទុំ ក្តៅចីវរ ព្រោះ លង់សម្រស់នាងទាវ រហូតសុំ លោកគ្រូសឹក លុះលោកគ្រូចៅអធិការ វាយលេខអត្តៈ ឃើញថា ខែឆ្នាំមិនល្អ បើសឹកទៅ នឹងជួបគ្រោះថ្នាក់ ដល់ជីវិត។ ប៉ុន្តែ នេនទុំ មិនស្តាប់ ក៏លួចសឹកដំបូក រហូតបានជួបនាងទាវ និងក្ស័យជីវ៉ា ដោយសារត្រូវគេសម្លាប់។ រីឯអន្ទិតលន់ មិនស្លាប់ទេ គ្រាន់តែជាប់គុក ជាង១០ឆ្នាំប៉ុណ្ណោះ និងត្រូវប្រពន្ធផិតក្បត់ទៀត ដែលករណីនេះ ត្រូវអ្នកស្រុកផ្តោតជំនឿទៅលើកម្មពៀរទាំងស្រុង ៕
ប្រភពៈ អង្គរធំ