ការបង្ហាញខ្លួនប្រកបដោយការភ្ញាក់ផ្អើល របស់លី ម៉ារីណា នាពេលថ្មីៗនេះ មិនត្រឹមតែដើម្បីលាងសម្អាតឈ្មោះពីរឿងអាស្រូវនោះទេ ប្រភពព័ត៌មានរាយការណ៍ថា នាងមកស្ទាបស្ទង់ ដើម្បីធ្វើជំនួញធំមួយ។ ស្វាមីរបស់នាង បានចេញទៅសហរដ្ឋអាមេរិក មួយរយៈហើយ ប៉ុន្តែម៉ារីណា នៅសម្ងំសម្រាកកាយនៅស្រុកខ្មែរ នៅឡើយ...។
ប្រភពព័ត៌មានដែលកៀកជិតនឹងលី ម៉ារីណា បានឱ្យ “អង្គរធំ” ដឹងថា អតីតតារាសម្តែងដ៏ស្រស់សោភា និងស្វាមីរបស់នាង កំពុងចាប់ដៃគូជាមួយ មិត្តស្និទ្ធស្នាលពូកែខាងកិច្ចការជំនួញ នៅសហរដ្ឋអាមេរិក ដើម្បីបង្កើតមុខជំនួញមួយ នៅស្រុកខ្មែរ ដែលនឹងតម្រូវឱ្យនាងឡើងចុះ រវាងរាជធានីភ្នំពេញ និងទីក្រុងស៊ីអេតថល (Seattle) របស់អាមេរិក ញឹកញាប់។
ខ្សែចង្វាក់ពាណិជ្ជកម្មដែលគេដឹងថា ម៉ារីណា មានចំណាប់អារម្មណ៍យ៉ាងខ្លាំងនោះ គឺការនាំយកផលិតផលថែរក្សាសម្រស់ ដែលមានម៉ាកយីហោល្បីៗ ពីអាមេរិក មកលក់នៅស្រុកខ្មែរ។ នាងទំនងជាបើកហាងធំមួយ ដើម្បីតាំងលក់ផលិតផលទាំងនោះ ទៀតផង ដែលនឹងត្រូវចំណាយទុនច្រើនក្រាស់ក្រែល។
ក្នុងដំណើរធ្វើឱ្យមុខរបរនេះលេចចេញជារូបរាង “អង្គរធំ” ទទួលបានដំណឹងថា ស្វាមីរបស់នាង គឺ លោកសាត ចាន់ថន បានចេញទៅសហរដ្ឋអាមេរិក តែម្នាក់ឯង តាំងពីមុនពាក់កណ្តាលខែមីនា ដោយ ទុកឱ្យភរិយាសាច់សខ្ចី នៅលំហែកាយនៅស្រុកខ្មែរ តែម្នាក់ឯង។
ប្រភពក្រៅរង្វង់សិល្បៈ បានឱ្យដឹងថា លោកចាន់ថន នឹងវិលត្រឡប់មកស្រុកខ្មែរ វិញ នាចុងខែនេះ ដោយនឹងនាំមកនូវផែនការជំនួញច្បាស់លាស់មួយ។ គេមិនដឹងថា ហេតុអ្វីម៉ារីណា មិនទៅជាមួយស្វាមីនោះទេ។ ប៉ុន្តែ គេសន្និដ្ឋានថា នាងនៅសិក្សាទីផ្សារបន្ថែម ដោយរួមទាំងតម្រូវការរបស់អតិថិជន ទីតាំង បើកហាង និងមូលធនសរុបដែលត្រូវការ ជាដើម។
លី ម៉ារីណា មិនអាចទាក់ទងបាន ដើម្បីសុំព័ត៌មានលម្អិតពីផែនការធ្វើជំនួញនេះទេ បើទោះជាមានការអះអាងយ៉ាងច្បាស់ការណ៍ថា នាងកំពុងរស់នៅរាជធានីភ្នំពេញ នៅឡើយក៏ដោយ។
យ៉ាងណាក៏ដោយ យោងតាមអ្នកសិល្បៈ ដែលកៀកជិតនឹងរូបនាង បានឱ្យដឹងថា ម៉ារីណា ធ្លាប់បង្ហើបពីការបង្កើតជំនួញមួយប្រាកដមែន ប៉ុន្តែ អ្នកក្នុងរង្វង់សិល្បៈភាគច្រើន មិនដឹងថា នោះជាជំនួញបែបណាទេ។
សូមរំលឹកថា លី ម៉ារីណា ដែលបាត់មុខអស់រយៈពេល១ឆ្នាំ ក្រោមរលកព័ត៌មានចចាមអារ៉ាមស្នេហាអាស្រូវ តែនាងបានលេចមុខក្រឡឺម នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីដើមខែកុម្ភៈ ដោយមានវត្តមានស្វាមីរបស់នាងនៅក្បែរកាយផង។
ដើម្បីបញ្ជាក់ថា នាងមិនស្ថិតក្នុងពិភពស្នេហាអាថ៌កំបាំងជាមួយមន្ត្រីធំ ដូចការចោទប្រកាន់ អ្នកសារព័ត៌មានមួយចំនួន ត្រូវបានផ្តល់ដំណឹងពីការត្រឡប់មកវិញ របស់នាង ដើម្បីផ្តិតយករូបភាព និងសម្តី ទុកជាភ័ស្តុតាង។ បើទោះជាយ៉ាងនេះក្តី មនុស្សជាច្រើននៅតែស្រពេចស្រពិលចំពោះរឿងដែលបាន កើតឡើងចំពោះនាង។ នាងបានដកខ្លួនពីសិល្បៈ យ៉ាងប្រញាប់ប្រញាល់ កាលពីចុងឆ្នាំ ២០១១ ដោយអះអាងថា ទៅរស់នៅសហរដ្ឋអាមេរិក ជាមួយស្វាមី ខណៈដែល ប្រភពខ្លះប្រាប់ថា នាងនៅសម្ងំលាក់មុខមិនឆ្ងាយពីប្រទេសកម្ពុជា។ មិនបានប៉ុន្មាន មានការចោទប្រកាន់ថា នាងមានទំនាក់ទំនងពិសេស ជាមួយមន្ត្រីធំម្នាក់ ដែល ទំនាក់ទំនងនេះបានគំរាមកំហែងដល់អាយុជីវិតរបស់នាង។
ក្រោមសន្ទុះ ព័ត៌មានបោកបក់នេះ ម៉ារីណា មិនចេញមុខបកស្រាយឡើយ រហូតដល់ រឿងនេះស្ងប់ស្ងាត់ទៅវិញ។ វត្តមានរបស់ម៉ារីណា នៅស្រុកខ្មែរ លើកនេះ បង្កប់ដោយភាពរីករាយ។ ពេលទើបចុះពីលើយន្តហោះ អតីតតារាសម្តែងរូបនេះ និយាយ ថា នាងមិនមានរឿងដូចការចោទប្រកាន់ ហើយយល់ថា រឿងរ៉ាវកន្លងមក កើតចេញពីការច្រណែនឈ្នានីសដោយក្រុមមនុស្សមិនស្គាល់មុខ។ រហូតមកដល់ពេលនេះ គេមិនទាន់ឃើញលី ម៉ារីណា ចេញមុខតាម កញ្ចក់ទូរទស្សន៍នោះទេ ខុសពីតារាស្រីផ្សេងទៀត ដែលជាទូទៅ នឹងប្រើកម្មវិធីកម្សាន្តរបស់ស្ថានីយទូរទស្សន៍នានា ជាមធ្យោបាយទាក់ទងមហាជន ជាការស្វាគមន៍ បន្ទាប់ពីពួកគេឃ្លាតឆ្ងាយអស់មួយរយៈ។
ប៉ុន្តែ គេឃើញម៉ារីណា បណ្តើរស្វាមីដើរលេងកម្សាន្ត និង បរិភោគអាហារតាមភោជនីយដ្ឋាននានា ដើម្បីបញ្ជាក់ថា នាងពុំមាន បញ្ហាផ្នែកសុវត្ថិភាព។ កាលពីដើមខែមីនា នាងបានរៀបចំពិធីខួបកំណើតឱ្យលោកចាន់ថន ដោយមានការចូលរួមពីមិត្តភក្តិសិល្បៈ ជិតដិត។ កម្មវិធីធ្វើឡើងជាលក្ខណៈឯកជន និងមានការយកចិត្ត ទុកដាក់ផ្នែកសន្តិសុខគួរសម។
យោងតាមប្រភពក្នុងចង្កោមសិល្បៈ លី ម៉ារីណា អាច នឹងរំកិលខ្លួនចូលសិល្បៈវិញ នៅពេលដែលមុខជំនួញរបស់នាង ចាប់ផ្តើមដំណើរការ។ សិល្បៈមិនត្រឹមតែជាអាជីពដែលនាង មិនចង់បោះបង់នោះទេ តែក៏ជាមុខរបរដែលនាងសង្ឃឹមថា នឹងជួយលើកស្ទួយមុខជំនួញរបស់នាងផងដែរ។
ផលិតកម្មមហាហង្ស ធ្លាប់បានទាក់ទងនាងឱ្យថតភាពយន្តភាគ សម្រាប់ចាក់ផ្សាយនៅស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៥ ប៉ុន្តែ មិនទាន់បានសម្រេច។ តំណាងផលិតកម្មនេះ ប្រាប់ថា ម៉ារីណា បង្ហាញចំណាប់អារម្មណ៍ក្នុងការថតរឿង ហើយ ថា នាងនឹងថតនៅពេលនាងមានពេលគ្រប់គ្រាន់។ ដោយសារទេពកោសល្យសម្តែង គួបផ្សំនឹងរូបសម្រស់ផងនោះ លី ម៉ារីណា នឹងទទួលបានការស្វាគមន៍ ប្រសិនបើនាងចង់បកក្រោយ។ ប្រភពកៀកជិតនឹងរូបនាង ប្រាប់ម៉ារីណា នឹងដឹកដៃស្វាមីត្រឡប់ទៅសហរដ្ឋអាមេរិក វិញ នាពេលឆាប់ៗខាងមុខមុននឹងត្រឡប់មកឈរជើងនៅស្រុកខ្មែរ សាជាថ្មី ទៀត ។
ប្រភពៈ អង្គរធំ