រាជធានីភ្នំពេញ ៖ រថយន្តកាមរីស៊េរី៨៩ ពណ៌ខ្មៅ បើកបរដោយបុរសម្នាក់  ទៅបុកម៉ូតូ SL ពណ៌ទឹកប្រាក់ ចំពីមុខពេញទំហឹង  បណ្តាលឲ្យអ្នកជិះម៉ូតូរបួសធ្ងន់ អ្នកបើករថយន្តរត់គេចខ្លួន ។  
 គ្រោះថ្នាក់នេះ កើតឡើងនៅវេលាម៉ោង១២ និង១០ នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១  មេសា តាមផ្លូវវេងស្រេង ជាកន្លែងងងឹត ស្ថិតក្នុងក្រុម៦ ភូមិត្រពាំងថ្លឹង  សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
 ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា រថយន្តកាមរីស៊េរី៨៩ ពណ៌ខ្មៅ  បើកតាមផ្លូវវេងស្រេង ពីកើតទៅលិច ចំណែកម៉ូតូជិះក្នុងទិសដៅបញ្រ្ចាសទិសគ្នា  ខណៈមកដល់ចំណុចខាងលើ ជាចំណុចផ្លូវងងឹតមើលគ្នាអត់ឃើញ  ត្រូវរថយន្តបុកចំពីមុខពេញទំហឹង បណ្តាលឲ្យអ្នកជិះម៉ូតូរបួសធ្ងន់  ម៉ូតូខូចខាតមួយកំណាត់ខាងមុខ និងរថយន្តខូចខាត ផ្នែកខាងមុខ ។
 ក្រោយពេលកើតហេតុ ជនរងគ្រោះ ត្រូវរថយន្តសង្គ្រោះដឹកយកទៅព្យាបាល  នៅគ្លីនិកឯកជន ចំណែកម៉ូតូ និងរថយន្ត  ត្រូវសមត្ថកិច្ចយកទៅរក្សាទុកនៅខណ្ឌពោធិ៍សែនជ័យ រង់ចាំធ្វើការ  ដោះស្រាយតាមនីតិវិធី ៕
ប្រភពៈ អង្គរធំមេឌែ 
