រាជធានីភ្នំពេញ ៖ បុរសជនជាតិបរទេសម្នាក់ ជិះម៉ូតូលឿនពេក  ចាប់ហ្វ្រាំងមិនទាន់ ជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀត  ក្នុងទិសដៅច្រាសគ្នា ខណៈពេលដែលម៉ូតូនោះ  បត់ឆ្វេងបណ្តាលឱ្យដួលសន្លប់មួយសន្ទុះ ដឹងខ្លួនវិញ ក្រោករករឿងថា  ជិះម៉ូតូអត់មើល ទើបបណ្តាលឲ្យបុកគ្នាបែបនេះ បានទាមទារសំណង  ២០០ដុល្លារ ដើម្បីព្យាបាលរបួស ។  
គ្រោះថ្នាក់នេះ កើតឡើងនៅវេលាម៉ោង ៩និង ៣០នាទីព្រឹកថ្ងៃទី១ មេសា  នៅចំណុចផ្លូវលេខ ៣៦០ កែង៩៥ មុខភោជនីយដ្ឋានជួបលាភ  ក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា ជនជាតិបរទេសជិះម៉ូតូស្តេប  ពណ៌ក្រហម ជិះ តាមផ្លូវលេខ៣៦០ ពីលិចទៅកើត ចំណែកម៉ូតូគុបជ្រុង៩០ ពណ៌ស្លែ  បើកបរដោយស្រ្តីម្នាក់ ក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចផ្លូវកែង  ម៉ូតូគុបជ្រុងបត់ឆ្វេង ស្រាប់តែម៉ូតូស្តេបជិះលឿនពេក ចាប់ហ្វ្រាំងមិនទាន់  ជ្រុលទៅបុកគូទម៉ូតូគុបជ្រុងដែលកំពុងតែបត់  បណ្តាលឲ្យម៉ូតូដួលទាំងពីរគ្រឿង ។ ដោយឡែក  ស្រ្តីអ្នកបើកម៉ូតូគុបជ្រុង៩០មិនមានរងរបួសទេ  រីឯជនជាតិបរទេសសន្លប់មួយសន្ទុះដឹងខ្លួនវិញ ស្រែកឡូឡាថា  ជិះម៉ូតូអត់មើលឃើញម៉ូតូរបស់គាត់ ជិតមកដល់ហើយ នៅតែបត់ទៀត  ទើបបណ្តាលឲ្យគាត់បុកបែបនេះ ។
ស្រ្តីជិះម៉ូតូគុបជ្រុង មានឈ្មោះ ចាន់ សុគន្ធារី អាយុ ២៩ឆ្នាំ  ស្នាក់នៅផ្ទះលេខ 78E3 ផ្លូវលេខ១២៦ សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ  មិនមានរងរបួសទេ រីឯជនជាតិបរទេសរលាត់ដៃជើង និងថ្លោះចង្កេះ  បានទាមទារសំណង ២០០ដុល្លារ ។ អ្នកបើកម៉ូតូគុបជ្រុង មិនព្រមសុខចិត្តសងសំណង  ៥០ដុល្លារ ដោយលើកឡើងថា ជិះម៉ូតូបុកគាត់ ហើយទាមទារសំណងទៀត ៕

ប្រភពៈ អង្គរធំមេឌែ
