បន្ទាយមានជ័យ: គណៈកម្មការវត្ត មេភូមិ បាននាំគ្នាប្ដឹងបណ្ដេញព្រះសង្ឃក្តាប់រួម ឲ្យចាកចេញពីវត្តទេពសត្ថារាមរូងក្របៅ ដែលពួកគេបាននិមន្តមកគង់ កាលវត្តគ្មានព្រះសង្ឃសោះនោះចេញ ដោយខឹងនឹងការសួរនាំចំណូល ចំណាយមិនបានកាន់ក្ដាប់បច្ច័យវត្ត។ គណៈកម្មការ មេភូមិ មេឃុំ ថា ព្រះសង្ឃ ពុទ្ធបរិស័ទ និងអាជ្ញាធរមូលដ្ឋាន គួរត្រូវគ្រប់គ្រងឲ្យម៉ត់ចត់ ពុំអាចធ្វើអ្វីចង់ល្បីតែខ្លួនទេ ។ លោកតា សុត ធី ប្រធានអាចារ្យវត្ត ទេពសត្ថារាមរូងក្របៅ ភូមិរូងក្របៅ ឃុំអូរប្រាសាទ ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ បានឲ្យដឹង(នៅថ្ងៃទី១០ខែមេសាឆ្នាំ២០១៣)ថា ខ្លួនជាប់ឆ្នោតជាប្រធានអាចារ្យ ក្នុងអាណត្តិ ៣ឆ្នាំ ពីឆ្នាំ២០១២ មក។ វត្តនេះគ្មានព្រះសង្ឃ ក្រោយកាត់ឫសសីមាថ្ងៃទី៣០ ខែមីនាឆ្នាំ២០១២ មក ដោយថា ព្រះគ្រូចៅអធិការវត្ត ព្រះនាម ទុយ សាវួន (ជាបងប្រុសរបស់មេភូមិរូងក្របៅ ឈ្មោះ ទុយសាវុន) និមន្តខ្លួនឯងចេញពីវត្ត ព្រោះបិណ្ឌបាត្របច្ច័យចំនួន ៥០ម៉ឺនរៀលមិនបាន។ ដោយគ្មានអ្នកភូមិនេះណាចង់បួសជាសង្ឃ ទើបលោក ទុយ សាវុន មេភូមិ , លោក ផាត់ លឿង ប្រធានគណៈកម្មការវត្ត ទៅនិមន្តព្រះតេជគុណ ឡុង សុភា និងសិស្សគណ ៤អង្គទៀត ឲ្យនិមន្តមកជាមួយ ដើម្បីគង់ និងពង្រឹងការងារគ្រប់គ្រង និងដឹកនាំ គោរពបូជាព្រះពុទ្ធសាសនា នៅវត្តទេពសត្ថារាមរូងក្របៅ តមក។ លោកតា សុត ធី បានបន្តថា ព្រះសង្ឃនិមន្តមក រួមមាន ១: ព្រះនាម ឡុង សុភា មកពីវត្តបន្ទាយនាង ទទួលគ្រប់គ្រងរួម និងភិក្ខុ ១ អង្គ សាមណេរ ៣ អង្គទៀត មកពីវត្តផ្សេងគ្នា។ ការនិមន្តនោះ អាចារ្យ និងពុទ្ធបរិស័ទ ពុំដឹងទេ ប៉ុន្តែកន្លះខែក្រោយ ប្រធានគណៈកម្មការ , មេភូមិ និងសមាជិកខ្លួនមួយចំនួនតូច បានអន់ចិត្ត ត្បិតត្រួតត្រា និងបង្វិលលោក(ព្រះសង្ឈ) តាមចិត្តមិនបាន ក៏ប្រែជាប្រកាសប្រាប់ពុទ្ធបរិស័ទថា កុំគាំទ្រព្រះសង្ឃនេះ ត្បិតមានរឿងនៅថ្នាក់លើ។ ប្រធានអាចារ្យ បន្តថា ប៉ុន្តែពួកខ្លួនបដិសេធ ព្រោះឃើញថា ព្រះសង្ឃគង់ត្រជាក់ត្រជុំ ដឹកនាំ និងមានឆន្ទៈទ្រទ្រង់ព្រះពុទ្ធសាសនា កសាងឲ្យចម្រើន។ បន្ទាប់មក ព្រះសង្ឃ សុំចេញបិណ្ឌបាត្រ តែមេភូមិមិនស៊ីញេឲ្យ។ ព្រះសង្ឃ គ្មានជម្រើស ក៏និមន្តទៅបិណ្ឌបាត្រស្រូវ ១២បាវ ផ្ញើទុកនៅរោងម៉ាស៊ីន។ មេភូមិ រារាំងមិនឲ្យ លោកលក់ ឬ ចាត់ចែងដោយថា ទុកចែកដល់អ្នកក្រីក្រហូបវិញ។ រឿងមួយទៀត មេភូមិខឹងនឹងព្រះសង្ឃនេះ លែងជិះម៉ូតូឌុបដាក់ខែរបស់ខ្លួនតម្លៃ ១២ម៉ឺនរៀលក្នុង១ខែ សម្រាប់ និមន្តពីវត្តទៅរៀនបាលី នៅវត្តបន្ទាយនាង និងមូលហេតុធំចុងក្រោយ ដែលនាំឲ្យប្រធានគណៈកម្មការ , មេភូមិ ប្ដឹងបណ្ដេញលោកចេញពីវត្ត គឺក្រោយប្រជុំចំហមួយក្នុងវត្ត ដែលព្រះសង្ឃសួររឿងចំណូល-ចំណាយ ការជំពាក់ និងអ្នកណាកាន់បច្ច័យច្បាស់លាស់ ហើយនាំឲ្យពុទ្ធបរិស័ទ ស្នើថា កុំឲ្យនរណាក្រៅពីលោកកាន់បច្ច័យវត្តទៀត ព្រោះចេះតែបាត់និងឈ្លោះគ្នា។ ព្រះសង្ឃ ព្រមកាន់បច្ច័យ តែថា បើមានច្រើន ត្រូវយកទៅផ្ញើនៅធនាគារដាក់ឈ្មោះ ព្រះអង្គ១ , ប្រធានគណៈកម្មការ ១ និងប្រធានអាចារ្យ ១ សម្រាប់ទៅដាក់និងទៅបើកយក។ ប៉ុន្តែអ្វីៗគ្រាន់តែគិត ដោយតាំងពីនោះមក វត្តនេះមានបច្ច័យតិចតួចណាស់ គឺមិនមានសល់បច្ច័យសម្រាប់យកទៅផ្ញើធនាគារនោះទេ។ លោកតា ស្រី សមុទ្រ , លោកតា ថាង ដឿ ជាព្រឹទ្ធាចារ្យ បាននិយាយថា កន្លងមក គឺក្រោយកាត់ឫសសីមាវត្ត កាលពីខែមីនា ឆ្នាំ២០១២ គណៈកម្មការ មេភូមិ និងសមាជិក ក្នុងជួរគណៈកម្មការកសាងវត្ត ដែលកាន់បច្ច័យ ពុំព្រមប្រាប់ថា ចំណូលបុណ្យប៉ុន្មាន ចំណាយប៉ុន្មាន ប្រាប់ដល់ពុទ្ធបរិស័ទទេ។ លុះដល់មានការសួរពីរឿងបច្ច័យ និងលែងបានកាន់បច្ច័យវត្ត ទើបគណៈកម្មការ និងមេភូមិខឹង ហើយរកលេសបណ្ដេញព្រះសង្ឃចេញ។ វត្តនេះមានតែភូមិរូងក្របៅ១ ចំណុះជើងវត្ត ហើយត្រូវបែកជា ២ បក្ខទៀត។ បក្ខខាងមេភូមិ , ប្រធានគណៈកម្មការ គឺចង់ក្ដោបក្ដាប់បញ្ជា បង្វិល និងមិនឲ្យព្រះសង្ឃដឹងឮអ្វីក្រៅពីឆាន់សិងៗទៅ។ ឯមួយបក្ខទៀត ជាពុទ្ធបរិស័ទភាគច្រើន ពេញចិត្តនឹងព្រះសង្ឃមកគង់ ព្រោះវត្តគ្មានព្រះសង្ឃ ខ្មាសគេ ហើយពិបាកធ្វើបុណ្យទាន។ ព្រះសង្ឃនេះ បានខិតខំដឹកនាំគ្រប់គ្រង កសាងវត្ត តាំងពីព្រះអង្គពុំទាន់ជាចៅអធិការ។ លោកមកគ្រប់គ្រងវត្តបានស្អាត បានរីកចម្រើន ទោះបានបច្ច័យស្ដួចស្ដើងក្ដី។ រឿងមួយទៀតសង្ស័យថា មេភូមិបណ្ដេញព្រះសង្ឃនេះចេញ នឹងអាលនិមន្តបងប្រុសខ្លួន ដែលមានចិត្តនិមន្តចេញនោះមកវិញ ស្រួលខ្លួនបានកាន់លុយនិងគ្មានអ្នកសួរនាំ។ ព្រះតេជគុណ ឡុង សុភា ព្រះជន្ម ៤៤ វស្សា ជាអ្នកគ្រប់គ្រងរួមវត្តបណ្ដោះអាសន្ន មានសង្ឃដីកាថា រឿងបណ្ដេញចេញលោកមិនជំទាស់ទេ បើរកឃើញការពិតនោះ។ ព្រះអង្គបដិសេធទាំងស្រុងនូវការចោទប្រកាន់ ពីមេភូមិ ប្រធានគណៈកម្មការ និងបក្ខពួក ដែលគ្មានភ័ស្តុតាង ដូចជាថា ព្រះអង្គប្រើយាយៗឲ្យច្របាច់ជើង ថាព្រះសង្ឃរិះគន់មន្ត្រី ពុករលួយ ថាព្រះអង្គដៀលពុទ្ធបរិស័ទប្រដូចនឹងពួកប្រេត ថាធ្វើឲ្យបាត់លុយបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌពី ១១ លាន មកសល់ត្រឹម ៧ លានរៀល។ ព្រះតេជគុណ ឡុង សុភា បានបន្តថា ចំពោះចំណូល-ចំណាយបច្ច័យវត្ត ត្រូវមានបញ្ជីមូលហេតុ និងអ្នកកាន់ច្បាស់លាស់ ធានាជំនឿទុកចិត្តសម្រាប់គោរពពុទ្ធសាសនា និងកសាង ទើបវត្តនឹងត្រូវមានលក្ខន្តិកៈ កិច្ចសន្យាផង ព្រោះតាមវត្តចេះតែមានរឿងនេះ។ ក្រោយមានបណ្ដឹងបណ្ដេញព្រះសង្ឃអង្គនេះ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៣ អនុគណស្រុក បានធ្វើអធិបតី តំណាងការិយាល័យធម្មការស្រុក សមាជិកក្រុមប្រឹក្សាឃុំ មេភូមិ ប្រធានគណៈកម្មការ និងសមាជិកទៅប្រជុំនៅវត្ត តែពុំបានស្ដាប់រកហេតុផល សម្រុះសម្រួលដោះស្រាយទេ បែរជាដុតភ្លើងកំហឹងទៅវិញ។ លោក ខាវ វ៉ានិន្ទ មេឃុំអូរប្រាសាទ បានប្រាប់នៅថ្ងៃទី១១ មេសាថា តាមពិតវត្ត តាំងពីនិមន្តព្រះសង្ឃថ្មី មកគង់គ្រប់គ្រងពុំទាន់មានបច្ច័យដុំកំភួនទេ។ ព្រះអង្គចង់ឲ្យវត្តមានពុទ្ធបរិស័ទច្រើនមកវត្ត តែបើដាក់ធុងបាសគួរសហការនឹងអាជ្ញាធរ សមត្ថកិច្ចមូលដ្ឋានផង។ ប៉ុន្តែលោកខកខានពីការធានាសុខសុវត្ថិភាពជូនពលរដ្ឋ បានធ្វើបុណ្យទាន និងសប្បាយក្នុងឱកាសបុណ្យចូលឆ្នាំ។ អ្នកស្រី រី ចាន់ទិព្វ ប្រធានការិយាល័យធម្មការ និងកិច្ចការសាសនា ស្រុកមង្គលបូរី និយាយថា ខ្លួនពុំដឹង ពុំនិយាយអ្វីទេរឿងនេះ។ ត្រូវសួរទៅអាជ្ញាធរមូលដ្ឋានចុះ។ លោក ទុយ សាវុន មេភូមិរូងក្របៅ បាននិយាយប្រាប់នៅល្ងាចថ្ងៃទី ១១ មេសាថា លោកបាននិមន្តព្រះសង្ឃនេះ មកគង់មែន តែពុំបានធ្វើលិខិតស្នាមអ្វីទេ ហើយមិនហ៊ានចូលរួមស្នើព្រះអង្គជាចៅអធិការវត្តទៀត ពេលឮថាលោកមានបញ្ហាក្នុងសំណុំរឿងថ្នាក់លើ និងលោកផ្លាស់ទីពីវត្តមួយទៅមួយច្រើនពេក។ លោកមេភូមិ បានបន្តថា ថ្មីៗនេះ ព្រះសង្ឃអង្គនេះ បដិសេធមិនឲ្យអាជ្ញាធរមូលដ្ឋាន ចូលជួយរៀបចំ និងធ្វើការងារខាងបុណ្យ ផ្សព្វផ្សាយច្បាប់ និងកម្មវិធីបុណ្យភូមិ បុណ្យចូលឆ្នាំទៀត។ ព្រះអង្គចាក់ធុងបាស ហើយយកទូរស័ព្ទថតអ្នករាំកញ្ឆក់កញ្ឆែង។ ព្រះសង្ឃខ្វះគុណសម្បត្តិ នាំឲ្យខូចសាសនា ខូចវត្ត ខូចពុទ្ធបរិស័ទ។ បើមានកម្មវិធីក្នុងវត្ត គួរសហការនឹងអាជ្ញាធរ និងសមត្ថកិច្ច ដើម្បីការពាររក្សាសណ្ដាប់ធ្នាប់។ វត្តដូចជាចង់មានរដ្ឋអំណាចខ្លួនឯង មិនឲ្យអាជ្ញាធរមូលដ្ឋានគ្រប់គ្រង និងចំណុះ អំណាចកាន់កាប់។ លោក ទុយ សាវុន បាននិយាយទៀតថា ឯរឿងបច្ច័យនិងចំណូល ចំណាយ ក្នុងវត្ត (ប្រធានគណៈកម្មការ និងព្រះសង្ឃ) មិនឲ្យដឹងនោះទេ តែអ្វីៗទុកឲ្យច្បាប់ជាអ្នកដោះស្រាយចុះ៕
គណៈកម្មការអាចារ្យវត្តទេពសត្ថារាមរូងក្របៅ
គណៈកម្មការអាចារ្យវត្តទេពសត្ថារាមរូងក្របៅ
ព្រះតេជគុណ ឡុង សុភា ព្រះជន្ម ៤៤ វស្សា ជាអ្នកគ្រប់គ្រងរួមវត្តទេពសត្ថារាមរូងក្របៅ បណ្ដោះអាសន្ន
ប្រភព cen.com.kh