លោក ខៀវ សំផន ស្នើសុំ​ឲ្យ​តុលាការ ដោះលែង​រូបលោក ចេញពី​ការ​ឃុំឃាំង

Thursday, April 11, 2013

​ភ្នំពេញ: អតីត​ប្រមុខរដ្ឋ​ខ្មែរក្រហម លោក ខៀវ សំផន បាន​ស្នើសុំ​ឲ្យ​តុលាការ​កាត់ទោស​អតីត​មេដឹកនាំ​ជាន់ខ្ពស់​ខ្មែរក្រហម ដោះលែង​រូបលោក ចេញពី​ការ​ឃុំឃាំង ដែល​មាន​រយៈពេល​ជាង ៥ ឆ្នាំ​មកហើយ​។ លោក ខៀវ សំផន បាន​ថ្លែង​ដូច្នេះ​ផ្ទាល់មាត់ នៅក្នុង​សវនាការ កាលពី​រសៀល​ថ្ងៃ​ទី​១១ ខែ​មេសា ឆ្នាំ​២០១៣​។​ ​ក្នុង​អង្គ​សវនាការ លោក ខៀវ សំផន អាយុ ៨១ ឆ្នាំ បាន​ថ្លែងថា រូបលោក មិន​មាន​លិខិតឆ្លងដែន​ទេ​។ លោក​ចង់​ចេញពី​បន្ទប់​ឃុំឃាំង​របស់​តុលាការ​ខ្មែរក្រហម ហើយ​ទៅ​រួមរស់ ជួបជុំ​ប្រពន្ធ និង​កូនៗ​របស់លោក នៅ​ក្នុង​ផ្ទះល្វែង​មួយ​។​ ​លោក ខៀវ សំផន ក៏​បាន​ថ្លែង​សន្យាថា នឹង​គោរព​តាម​លក្ខខណ្ឌ​របស់​តុលាការ​ខ្មែរក្រហម ហើយ​នឹង​ចូលខ្លួន​ទៅ​បង្ហាញ​វត្តមាន នៅពេល​តុលាការ កោះហៅ​រូបលោក​។​ ​ចំណែក​មេធាវី​ការពារ​ក្ដី​ជនជាប់ចោទ ខៀវ សំផន គឺ​លោក អា​ទើរ វែ​កិន ( Arthur Vercken ) ក៏បាន​លើកឡើង ក្នុង​អង្គ​សវនាការ ដោយ​ស្នើសុំ​អង្គជំនុំជម្រះ​សាលាដំបូង របស់​តុលាការ​ខ្មែរក្រហម ដោះលែង​លោក ខៀវ សំផន តាម​លក្ខខណ្ឌ ដាក់ឲ្យ​ស្ថិតនៅក្រោម​ការត្រួតពិនិត្យ​របស់​តុលាការ​។​ ​មេធាវី​លើក​ហេតុផល​ថា លោក ខៀវ សំផន បាន​ជាប់​ឃុំឃាំង នៅ​សាលាក្ដី​ខ្មែរក្រហម​អស់​រយៈពេល ៥​ឆ្នាំ និង ៤​ខែ មកហើយ ហើយ​មិនដឹងថា​នៅពេល​ណា​ទើប​សាលាក្ដី​កូនកាត់​នេះ ជំនុំជម្រះ​ចប់ ហើយ​ចេញ​សាលក្រម លើ​សំណុំរឿង​០០២ ឡើយ​។​ ​លោក​សហ​មេធាវី​បរទេស ការពា​រលោក ខៀវ សំផន ក៏​បាន​បន្ថែមថា តុលាការ អាច​ដាក់​ឱ្យ​លោក ខៀវ សំផន ស្ថិតនៅក្រោម​ការត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ ដោយ​ធានា​ថា មិនមាន​ការប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់​សាធារ​ណៈ​កម្ពុជា និង​ឱ្យ​មាន​ការធានា​ថា លោក ខៀវ សំផន នឹង​មាន​វត្តមាន​ដូចដែល​គាត់​ធ្លាប់​មាន​នៅ​ទីនេះ​។ ដូច្នេះ គាត់​នឹង​មាន​វត្តមាន​តទៅទៀត ហើយ​យើង​ក៏​ផ្ដល់​នូវ​កិច្ចសន្យា​ជា​លាយលក្ខណ៍អក្សរ​របស់​គាត់​ថា គាត់​សន្យាថា នឹង​មាន​វត្តមាន​នៅក្នុង​គ្រប់​សវនាការ​នៅ​តុលាការ​នេះ​។​ ​លោក​មេធាវី បាន​បន្ថែមថា ប្រសិន​បើ​តុលាការ​ដោះលែង​លោក ខៀវ សំផន នោះ​លោក​មេធាវី​ធានាថា កូនក្ដី​លោក នឹង​មិន​ផ្លាស់ប្ដូរ​ទីលំនៅ ដោយ​មិន​ប្រាប់​តុលាការ​ទេ ហើយ​លើសពីនេះ លោក ខៀវ សំផន ក៏​នឹង​មិន​ទាក់ទង​ជាមួយ​អ្នកកាសែត ឬ​សាក្សី​ឡើយ​។ ដូច្នេះ​ការដោះលែង​នេះ ក៏​នឹង​មិន​មាន​ហានិភ័យ​ចំពោះ​ការ​រត់​គេច​ខ្លួន​ដែរ​។​ ​ក៏​ប៉ុន្តែ​ភាគី​សហ​ព្រះរាជអាជ្ញា បាន​លើក​ហេតុផល មក​ជំទាស់​ទៅ​នឹង​ការស្នើ​សុំ​ដោះលែង​លោក ខៀវ សំផន​។ ភាគី​សហ​ព្រះរាជអាជ្ញា បាន​អះអាង​ថា ការបន្ត​ឃុំខ្លួន​លោក ខៀវ សំផន ជា​វិធានការ​ចាំបាច់ ដើម្បី​រក្សា​សណ្ដាប់ធ្នាប់​សង្គម ការពារ​ដល់​សន្តិសុខ​ជនជាប់ចោទ ឲ្យ​រួចផុត​អំពើហឹង្សា និង​ការពារ​រងគ្រោះ ដែល​នៅតែ​មាន​ការ​បាក់ស្បាត​នៅឡើយ​។ ​បន្ទាប់ពី​ស្តាប់​នូវ​អំណះអំណាង​ខាងលើ​រួច​មក អង្គជំនុំជម្រះ​សាលាដំបូង មិនទាន់​បាន​សម្រេច ថា​ត្រូវ​ដោះលែង​លោក ខៀវ សំផន ឬ​បន្ត​ឃុំ​ខ្លួន​លោក នៅ​តុលាការ​ខ្មែរក្រហម នៅឡើយ​ទេ​។​ ​លោក​ចៅក្រម និល ណុន ប្រធាន​អង្គជំនុំជម្រះ សាលាដំបូង របស់​តុលាការ​ខ្មែរក្រហម បានប្រកាសថា សេចក្ដីសម្រេច​លើ​ការស្នើ​សុំ​ដោះលែង​លោក ខៀវ សំផន នឹង​ត្រូវ​ប្រកាស នៅពេល​សមស្រប​ខាងមុខ​។ ​សូម​រម្លឹកថា បន្ទាប់ពី​លោក ខៀវ សំផន ត្រូវបាន​ចាប់ ឃុំ​ខ្លួន​ជា​បណ្តោះអាសន្ន នៅ​តុលាការ​ខ្មែរក្រហម កាលពី​ថ្ងៃ​ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០០៧ ក្រោយមក​បន្តិច លោក ខៀវ សំផន បាន​ប្តឹង​ជំទាស់ ហើយ​ស្នើសុំ​តុលាការ​ឲ្យ​ដោះលែង​រូបលោក​។ តែ​កាលណោះ សាលាក្តី​ខ្មែរក្រហម បាន​បដិសេធ ហើយ​បន្ត​ឃុំ​ខ្លួន​លោក ខៀវ សំផន មកដល់​សព្វថ្ងៃ​។​ ​សាលាក្តី​ខ្មែរក្រហម នឹង​បន្ត​សវនាការ​របស់ខ្លួន​ឡើងវិញ នៅ​ថ្ងៃ​ចន្ទ ទី​២២ ខែ​មេសា ឆ្នាំ​២០១៣ បន្ទាប់​ពី​បញ្ចប់​ការ​ស្ដាប់​សក្ខីកម្ម​របស់​សាក្សី លោក ហ្វ្រង់​ស្វ័រ ពុងសូ ( Francois Ponchaud ) ពាក់ព័ន្ធ​ការជម្លៀសប្រជាជនកម្ពុជា​ដោយ​បង្ខំ ចេញពីភ្នំពេញ នៅពេលខ្មែរក្រហម ឡើងកាន់អំណាច ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥​៕​


cen.com.kh

Copyright @ 2013 Mobile88. Designed by Templateism | MyBloggerLab

Blog Archive

About Metro

Follow us on Facebook