រាជធានីភ្នំពេញ ៖ ភាពភ្ញាក់ផ្អើលមួយ ខណៈពេលឮសូរសម្លេងផាំង ដាប់ដូចស្នូរដូងទុំជ្រុះ ខណៈពេលនារីម្នាក់ ផឹកស៊ីស្រវឹង បានលោតសម្លាប់ខ្លួនពីលើផ្ទះជាន់ទី២ ទើរនឹងដំបូលយ៉ាបស័ង្កសីជាន់ទីមួយ ទើបរមៀលធ្លាក់មកលើថ្នល់ ធ្វើឲ្យបែកលលាដ៍ក្បាល របួសធ្ងន់ ។ ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង ៤និង៣០ នាទីរសៀលថ្ងៃទី៣១ មីនា នៅផ្ទះតាមផ្លូវលំ ក្រុម១៤ ភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ ។ នារីលោតពីលើផ្ទះជាន់ទី២ ប៉ុនប៉ងសម្លាប់ខ្លួនមានឈ្មោះ កា អាយុ២៥ឆ្នាំ មានស្រុកកំណើតនៅស្រុកកៀនស្វាយ ខេត្តកណ្តាល ។ ប្រភពព័ត៌មានពីមិត្តភក្តិនៅកន្លែងកើតហេតុ បានឲ្យដឹងថា នារីរងគ្រោះបានមកលេងមិត្តប្រុស ធ្វើជាសន្តិសុខពីរបីថ្ងៃមកហើយ មិត្តប្រុសបានដេញឲ្យត្រឡប់ទៅផ្ទះវិញ ក៏មិនព្រមទៅដែរ ។ ប៉ុន្តែ នៅថ្ងៃកើតហេតុនេះ នារីរងគ្រោះបានរៀបចំខោអាវរួចរាល់ហើយ ស្អែកនឹងត្រឡប់ទៅផ្ទះវិញ ហើយបានទៅផឹកស៊ីជាមួយមិត្តភក្តិនៅជិតបន្ទប់គ្នានោះ រហូតស្រវឹងទោរទន់ ចំណែកមិត្តប្រុសធ្វើជាសន្តិសុខនោះ ទៅធ្វើការបាត់ហើយ មិនបាននៅបន្ទប់ជួលទេ ហើយមិនដឹងមានរឿងអី ស្រាប់តែនារីរងគ្រោះលោតពីលើជាន់ទី២ ធ្លាក់ទើរលើដំបូលយ៉ាបស័ង្កសីជាន់ទីមួយ រួចទើបរមៀលធ្លាក់ទៅថ្នល់ បណ្តាលឲ្យបែកលលាដ៍ ក្បាលរបួសធ្ងន់ធ្ងរ បានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត ៕
ប្រភពៈ អង្គរធំមេឌែ