ឱក សុគន្ធកញ្ញា និងលោករ៉េតធី ដូណា (រូបតូច កណ្តាល)
បើទោះបីជាអាជីពចម្រៀងកំពុងតែបោះពួយទៅមុខលឿនស្លេវក្តី តែស្នេហាតារាល្បី ឱក សុគន្ធកញ្ញា ហាក់អស់សង្ឃឹម គ្មានដំណោះស្រាយទេ បន្ទាប់ពីរឿងបែកបាក់កណ្តាលទី ត្រូវបានបែកធ្លាយ។ ក្នុងជំនួបផ្ទាល់ជាមួយឱក សុគន្ធកញ្ញា ថ្មីៗនេះ តារាហង្សមាស រូបនេះ ហាក់ដូចជាស្ទាក់ស្ទើរក្នុងការឆ្លើយរឿងស្នេហា តែនាងបាន សម្តែងនូវអារម្មណ៍អាណិតលោកដូណា ដោយអះអាងថា រវាងនាង និងដូណា នៅតែទាក់ទងគ្នាតាមទូរស័ព្ទ ឬE-mail...។
រឿងស្នេហាឱក សុគន្ធកញ្ញា ក៏ល្បីមិនចាញ់អាជីពចម្រៀងដែរ ដែល កន្លងមក អ្នកណាក៏ដឹងថា នាងមានសង្សារជាតន្ត្រីករ លោករ៉េតធី ដូណា ដោយបានទំនាក់ទំនងគ្នាតាំងពីឆ្នាំ២០០៥ នៅពេលដែលពួកគេបានរួមការងារ ជាមួយគ្នា នៅផលិតកម្មU2។ ក៏ប៉ុន្តែ នៅលើលោកនេះ អ្វីៗមិនមានភាពទៀងទាត់ទេ ពោលគឺគ្មានការជួបជុំណា ដែលថាមិនបែកទេ។ បន្ទាប់ពីអតីតតារារួមដំបូល សុគន្ធ និសា ប្រេះឆា ជាមួយកវីនិពន្ធសុខ ជំនោរ ២ឆ្នាំ (២០០៩) ប៉ុណ្ណោះ នៅទីបំផុត ស្នេហាឱក សុគន្ធកញ្ញា ក៏បានដល់ផ្លូវបំបែក ដោយតាមព័ត៌មានថា អ្នកម្តាយសុគន្ធកញ្ញា មិនពេញចិត្តលោកដូណា តែអ្នកខ្លះសង្ស័យថា អាចមានជនទី៣ ចូលជ្រៀតជ្រែក ស្របពេល ដែលសាមីខ្លួន បានគេចចេញពីការបកស្រាយ នាពេលកន្លងមក។
អ្នកយកព័ត៌មាន “តារា” បានស្កាត់ ទៅជួបឱក សុគន្ធកញ្ញា ផ្ទាល់ នៅ ត្សុដិៀ ហង្សមាស កាលពីរសៀលថ្ងៃទី១៣ មីនា នៅពេលដែលនាងថត ទ្វំ សម្រាប់វ៉ុលចូលឆ្នាំ។ ក្នុងឈុតបុរាណ បែបប្រពៃណីខ្មែរ សំពត់បត់ អាវប៉ាក់ សុគន្ធកញ្ញា ពិតជាស្រស់ស្អាតម៉្យាងដែរ ហើយនៅពេលដែលអ្នកយកព័ត៌មានយើងបានសង្កត់សំណួរចំថា ហេតុអ្វីបានជាកញ្ញា បែកបាក់ជាមួយដូណា?
តារាល្បីរូបនេះ បាននិយាយមួយៗ បែបប្រុងប្រយ័ត្នថា វា ពិបាកណាស់ ព្រោះអ្វីៗខាងសារព័ត៌មានបានដឹងច្បាស់ ហើយលឿនជាងនាងទៅទៀត។
កញ្ញា ប្រាប់ថា “ខាងហ្នុង (សារព័ត៌មាន) ពេលជួបក៏ដឹង បែកក៏ដឹង អ៊ីចឹងគាត់ ដឹងទាំងអស់ ខ្ញុំមិនដឹងនិយាយថាម៉េចទេ។ ប៉ុន្តែ ខ្ញុំនិងគាត់ (ដូណា) នៅតែជួបគ្នា ធ្វើការជាមួយគ្នាតើ!”។
តាមសភាពជាក់ស្តែង ពិតដូចឱក សុគន្ធកញ្ញា បានរៀបរាប់មែន គឺកញ្ញា និងដូណា បានរួមការងារជាមួយគ្នាធម្មតា ខុសពីសុគន្ធ និសា-សុខ ជំនោរ ដែលពុះចែកទាំង បេះដូង ចែកទាំងទ្រព្យ។ ដោយឡែក លោកដូណា នៅតែខិតខំធ្វើទំនុកភ្លេង និងទំនុកច្រៀង ល្អៗ ឱ្យកញ្ញា ច្រៀងដដែល ហើយលោកបាននិយាយប្រាប់មិត្តភក្តិថា អ្នកណានិយាយអី និយាយចុះ សំខាន់លោកត្រូវតែធ្វើសម្រាប់មនុស្ស ដែលលោកស្រលាញ់។ ថ្វីត្បិតតែ អ្នកទាំង២ មិនអាចកាត់ផ្តាច់ការងារគ្នាបានមែន តែភាពផ្អែមល្ហែម ដែលធ្លាប់មាន ត្រូវរលត់រលាយអស់ទៅហើយ ព្រោះរាល់ការច្រៀងការប្រគំតន្ត្រី ស្ទើរតែគ្រប់កម្មវិធី លោកដូណា ឈប់ទៅចាំ ឬទទួលកញ្ញា ដូចមុនសោះតែម្តង។
ឱក សុគន្ធកញ្ញា ហាក់ទទួលស្គាល់ចំណុចទាំងនេះ នាងនិយាយបែបស្រងូតស្រងាត់ថា ដោយសារតែរវល់ពេក ទើបគ្មានពេលដូចមុន។
កញ្ញា ប្រាប់បន្តថា “ជួបគ្នាម៉េចកើតទៅ បើខ្ញុំក៏រវល់ គាត់ (ដូណា) ក៏រវល់ តែខ្ញុំមានការអី នៅតែទាក់ទងគ្នាតាមទូរស័ព្ទ ឬE-mail តើបង! ធ្វើម៉េចបើម្នាក់ៗសុទ្ធតែរវល់អ៊ីចឹង”។
នេះជាការអះអាងផ្ទាល់ចេញពីមាត់ឱក សុគន្ធកញ្ញា បញ្ជាក់ ថា នាងមិនមានពេលច្រើនដូចមុន ទៅជួបលោកដូណា ទេ ការធ្លាប់បណ្តើរគ្នាស្អិតល្មួត ដូចលលកញីឈ្មោលនោះ ទីបំផុត សល់ត្រឹមតែទាក់ទងគ្នាតាមE-mail តើលោកដូណា អាចទទួលយកបានទេ នូវស្នេហាបែបសោះកក្រោះនេះ?
ឱក សុគន្ធកញ្ញា មិនបានបង្ហាញទុក្ខសោកស្នេហានេះ ឱ្យគេឃើញទេ រហូតដល់អ្នកខ្លះសង្ស័យថា នាងកំពុងមានថ្មី បានជាទាត់ចោលអ្នកចាស់។ ប៉ុន្តែ តាមរយៈជំនួបថ្មីៗនេះ ថ្វីត្បិតតែកញ្ញា មិនបាននិយាយចំៗក្តី តែមើលទៅអារម្មណ៍នាង ហាក់ដូចជាអាណិតលោកដូណា ជាខ្លាំង ដោយ នាងនិយាយថា នៅតែជួបគ្នាជាមួយដូណា តែជួបតាមទូរស័ព្ទ ហើយអះអាងថា អ្នកម្តាយនាងមិនស្អប់លោកដូណា ទេ។
ឱក សុគន្ធកញ្ញា នៅតែឈានមុខគេ ដដែល នៅដើមឆ្នាំ២០១៣នេះ ព្រោះតែ លោកដូណា នៅតែមិនប្តូរជំហរទេថា នៅក្រោយស្រីថ្លៃជានិច្ច លើកលែងតែ សុគន្ធកញ្ញា រៀបការប្តី ទើបលោក ព្រមផ្លាស់ប្តូរគំនិត។
ឱក សុគន្ធកញ្ញា បានសួរច្រាស មកអ្នកយកព័ត៌មានវិញថា “បងឯងថា ខ្ញុំឆ្នាំហ្នឹងខ្លាំង ចុះកាលពីឆ្នាំ២០១២ ខ្ញុំម៉េច ដែរ? (សើច)។ តាមពិត ការងារខ្ញុំនៅឆ្នាំ២០១៣ នេះ មានភាពរវល់ប្រហាក់ប្រហែលគ្នា កាលពី ឆ្នាំ២០១២ ដែរ ហើយការឡើងយ៉ាងម៉េចនោះ ខ្ញុំទុកឱ្យមហាជន ឱ្យតម្លៃទៅចុះ!” ៕