ខេត្តកំពត ៖ កាលពីរសៀលថ្ងៃទី១០ មេសា  ភ្លៀងបានបង្អុរកក់ខែមួយមេយ៉ាងធំ អស់រយៈពេលជាងកន្លះម៉ោង  បានធ្វើឱ្យទឹកជន់លិចពេញបរិវេណក្នុងផ្សារទីរួមខេត្ត  និងផ្លូវសាធារណៈជុំវិញផ្សារទីរួមខេត្តស្ទើរតែយានយន្តគ្រប់ ប្រភេទបើកបរមិនបាន ។ ផ្សារសាមគ្គីទីរួមខេត្ត  ដែលសព្វថ្ងៃហៅផ្សារក្រុងកំពតនេះ  នាពេលកន្លងមកក៏ដូចជាបច្ចុប្បន្ន  មិនថាតែរដូវវស្សាដែលមានភ្លៀងធ្លាក់ជាប់ហូរហែនោះទេ  សូម្បីតែភ្លៀងកក់ខែ(រដូវប្រាំង)មួយមេត្រឹមតែកន្លះម៉ោង  តែងតែត្រូវរងការលិចលង់ជាប់ជាប្រចាំពុំដែលចៀសផុតម្តងណាឡើយ ។
លោកនាក់ សុវណ្ណរី  អភិបាលក្រុងកំពតធ្លាប់មានប្រសាសន៍ប្រាប់អ្នកយកព័ត៌មានថា  ការជន់ជោរលិចក្នុងផ្សារនិងផ្លូវសាធារណៈជុំវិញផ្សារនោះ  ពុំមែនជាបញ្ហាខ្វះបច្ចេកទេសក្នុងការភ្ជាប់ប្រព័ន្ធលូនោះទេ  គឺបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំងហើយទឹកព្រែកកំពុងជោរទើបធ្វើឱ្យ ទឹកហូរចុះទៅព្រែកពុំទាន់ ។  បើតាមការពិនិត្យជាក់ស្តែងនៅរសៀលថ្ងៃទី១០ មេសា  ភ្លៀងធ្លាក់ចាប់ពីវេលាម៉ោង១និង១៥នាទីដល់ម៉ោង២រសៀល  ខណៈទឹកព្រែកកំពតនាចដល់បាតព្រែក  ប៉ុន្តែទឹកភ្លៀងដែលលិចជោរជន់នៅក្នុងផ្សារនិងផ្លូវសាធារណៈជុំ វិញផ្សារនៅតែបន្តជន់លិចដដែល ។
តាមការពិនិត្យជាក់ស្តែងគឺបណ្តាលមកពីសំរាម  និងកាកសំណល់គ្រប់ប្រភេទត្រូវបានគេបោះចោលពាសវាលពាសកាល  នៅពេលភ្លៀងធ្លាក់ម្តងៗទឹកបានហូរនាំយកសំរាមទាំងនោះចូលទៅធ្វើ ឱ្យណែនរន្ធតេហ្គ្រាប្រព័ន្ធលូ  ដែលជាហេតុបណ្តាលឱ្យកកស្ទះទឹកហូរមិនទាន់ ទើបទឹកចាល់លិចយ៉ាង   ដូច្នេះ ។ បញ្ហាខាងលើនេះ គេពិនិត្យឃើញថាក្រោយពេលភ្លៀងរាំង  មានកម្មករមន្ទីរសាធារណការខេត្ត  ដើរឆ្កឹះសំរាមតាមមុខរន្ធតេហ្គ្រា  ទើបទឹកហូរស្រកទៅតាមប្រព័ន្ធលូវិញ។
គួររំលឹកផងដែរថា  ផ្សារសាមគ្គីទីរួមខេត្តឬហៅផ្សារក្រុងកំពតបច្ចុប្បន្ននេះ  ត្រូវបានប្រជាពលរដ្ឋជាច្រើនធ្វើការរិះគន់មកលើអាជ្ញាធរ  និងអ្នកគ្រប់គ្រងផ្សារក៏ដូចជាអ្នកគ្រប់គ្រងសំរាមសម្អាតអនាម័យ ក្រុងផងដែរថា  មានការធ្វេសប្រហែសមិនបានបំពេញភារកិច្ចស្នូលរបស់ខ្លួន  និងពុំបានគិតគូរពីបញ្ហាបរិស្ថានដែលនាំឱ្យប៉ះពាល់ដល់សុខភាព ប្រជាពលរដ្ឋនៅទូទាំងក្រុងកំពត ៕
ប្រភព  កោះសន្តិភាព 
