ភ្នំពេញ: នៅពេលរំលងអធ្រាត ថ្ងៃទី២៦ ខែមេសា អ្នកដែលស្រឡាញ់បាតុភូតលើមេឃ អាចនឹងមើលឃើញច័ន្ទគ្រាសមួយកើតឡើង, នេះជាសេចក្តីរាយការណ៍របស់ណាសា(NASA)អាមេរិក។
ច័ន្ទគ្រាសឆ្នាំ២០១២មើលឃើញនៅវៀតណាម
ក្នុងខែមេសា ច័ន្ទគ្រាសលើកនេះ គឺជាបាតុភូតអវកាសលើកទីពីរហើយដែលបានកើត ហើយដែលគេអាចមើលឃើញនៅប៉ែកឥណ្ឌូចិន ក៏ប៉ុន្តែកាលពីបាតុភូតភ្លៀងអាចម៍ផ្កាយកាលពីលើកមុន អ្នករង់ចាំមើលបានខកចិត្ត ដោយសារពន្លឺព្រះច័ន្ទភ្លឺពេក មិនអាចឲ្យមើលឃើញបាតុភូតនោះច្បាស់។ នៅកម្ពុជា គេមិនដឹងពីប្រការដែលថាតើអាចមើលឃើញច័ន្ទគ្រាសនៅថ្ងៃទី២៦ខាងមុខដែរឬអត់នោះទេ។ វិស័យអវកាសរបស់កម្ពុជានៅអន់ថយខ្លាំងណាស់។ ទោះជាយ៉ាងនេះក្តី តាមការគិតគូររបស់ណាសា(NASA)គិតតាមម៉ោងនៅកម្ពុជា ច័ន្ទគ្រាសលើកនេះនឹងកើតឡើងនៅម៉ោងរំលងអធ្រាត។ ច័ន្ទគ្រាសងងឹតពាក់កណ្តាលចាប់ផ្តើមនៅម៉ោង១ និង៣នាទី, ច័ន្ទគ្រាសងងឹតមួយផ្នែកចាប់ផ្តើមនៅម៉ោង២ និង៥៤នាទី ហើយងងឹតច្រើនបំផុតគឺនៅម៉ោង៣ និង៧នាទី ច័ន្ទគ្រាសមួយចំណែកនឹងចប់នៅម៉ោង៣ និង២១នាទី ហើយច័ន្ទគ្រាសពាក់កណ្តាលនឹងចប់នៅម៉ោង៥ និង១១នាទី៕