ភ្នំពេញៈ ជនសង្ស័យ២នាក់ ក្នុងចំណោមបក្ខពួករបស់គេ៣នាក់ ត្រូវប្រជាពលរដ្ឋឃាត់ខ្លួនបាន រួចហើយប្រគល់ទៅឲ្យនគរបាល ប៉ុស្តិ៍ចោចៅ ដើម្បី ធ្វើការសាកសួរបន្ត ចំណែកឯបក្ខពួករបស់គេម្នាក់ទៀត រត់គេចខ្លួនបាត់ រួមទាំងយកទ្រព្យសម្បត្តិ ដែលលួចបាននោះ ទៅជាមួយផងដែរ ។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង១និង១៥នាទី ថ្ងៃទី២ ខែមេសា ឆ្នាំ២០១៣ ស្ថិតនៅក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
នគរបាលបានឲ្យដឹងថា ជនសង្ស័យ ដែលត្រូវឃាត់ខ្លួនបាន២នាក់ ទី១ ឈ្មោះ ម៉ៅ រុណ ភេទប្រុស អាយុ ២៨ឆ្នាំ មានមុខរបរ ជាកម្មករោងចក្រ ទី២ ឈ្មោះ សុខ សែ ភេទប្រុស អាយុ ២៦ឆ្នាំ មានមុខរបរ ជាកម្មករសំណង់ ស្នាក់នៅក្នុងការដ្ឋានសំណង់ ក្នុងសង្កាត់កាកាប និង ទី៣ ឈ្មោះ សុខ ស៊ីន ភេទប្រុស អាយុ ២៤ឆ្នាំ មានមុខរបររត់ម៉ូតូឌុប កំពុងតែរត់គេចខ្លួន ចំណែកជនរងគ្រោះវិញ មានឈ្មោះ ខាន់ ថាត ភេទប្រុស អាយុ១៨ឆ្នាំ ជានិស្សិត ស្នាក់នៅផ្ទះជួល កន្លែងកើតហេតុ ទ្រព្យសម្បត្តិដែលបាត់បង់ នាឡិកា ១គ្រឿង ទូរស័ព្ទដៃ ១គ្រឿង ម៉ាស៊ីនចាក់ស៊ីឌី១គ្រឿង ។
នគរបាលបានបន្តទៀតថា បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យ ធ្វើការដកហូតបានវត្ថុតាង ជាក់ស្តែងកន្ត្រៃ១ កូនសោ១ចង្កោម ម៉ូតូមួយគ្រឿង ម៉ាកសេ ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១១ឡើងតែម ២០១២ គ្មានស្លាកលេខ និងស្លាកលេខ១ផងដែរ ។
បើយោងការឆ្លើយបំភ្លឺ របស់ជនរងគ្រោះប្រាប់នគរបាលនោះ បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះកំពុងតែដេកនៅក្នុងផ្ទះ ស្រាប់តែមាន អ្នកជិតខាងផ្អើលឆោឡោ មកក្បែរផ្ទះរបស់ខ្លួន ពេលនោះជនរងគ្រោះ ក៏ស្ទុះចេញមកមើល ស្រាប់តែឃើញប្រជាពលរដ្ឋ ឃាត់ខ្លួនជនសង្ស័យ បាន ២នាក់ រួមវត្ថុតាងម៉ូតូមួយគ្រឿងផងដែរ ពេលនោះ ទើបជនរងគ្រោះដឹងថា មានចោរចូលគាស់ផ្ទះរបស់ខ្លួន យកទ្រព្យសម្បត្តិ ពេលនោះខ្លួនបានចូល ទៅពិនិត្យមើលផ្ទះជួលឃើញថា ក្រុមចោរធ្វើសកម្មភាពគាស់ រហូតដល់ទៅ២បន្ទប់ជួល គឺបន្ទប់ទី៦និងទី៧ យកទ្រព្យសម្បត្តិបានតែបន្ទប់ទី៦ នោះទេ ចំណែកឯបន្ទប់ទី៧ ទើបតែគាស់ មិនទាន់យកទ្រព្យសម្បត្តិ បាននៅឡើយ ។
បន្ទាប់ពីកើតហេតុ ឃាត់ខ្លួនជនសង្ស័យបាន នគរបាលក៏ចុះទៅដល់កន្លែងកើតហេតុ រួចប្រជាពលរដ្ឋ ក៏ប្រគល់ខ្លួនជនសង្ស័យទាំងពីរ រួមទាំង វត្ថុតាងទៅឲ្យនគរបាល នាំខ្លួនយកទៅសាកសួរ និងចាត់ការទៅតាមនីតិវិធីច្បាប់។ បច្ចុប្បន្នជនសង្ស័យ ត្រូវប្រគល់ទៅឲ្យជំនាញព្រហ្មទណ្ឌខណ្ឌ ដើម្បីធ្វើការសាកសួរបន្ត៕
ដោយ ៖ ដើមអម្ពិល