ឃាតករ​បាញ់​ប្រហារ​ស្ត្រី​បុគ្គ​លិក​ធនាគារ ​និង​ក្មួយត្រូវ​សម្លាប់​នៅ​ស្ទឹង​ត្រែង

Thursday, April 11, 2013

ខេត្ត​ស្ទឹង​ត្រែង ​៖ ទី​បំផុត​ជន​​ម្នាក់​ដែល​ត្រូវ​ជន​ច្រើន​​នាក់​វាយ​សម្លាប់​កាលពីវេលា​ម៉ោង​ ១០ ​និង​៣០​នាទី​យប់​ថ្ងៃ​ទី​៩ មេសា ​កន្លងមក​នេះ ត្រូវបាន​សមត្ថកិច្ច​ដែល​កំពុង​ស្រាវ​ជ្រាវ​តាម​ប្រមាញ់​​ឃាត​ករ​ដៃដល់​បាញ់ ​ប្រហារ​សម្លាប់​​ស្រ្តី​​បុគ្គលិក​​ធនាគារ​កាណាឌីយ៉ា​ សាខា​កំបូល ​​និង​ក្មួយ​ប្រុស ​រី​ឯ​បងស្រី​របួស​បាក់​​ជើង​កាលពី​​ព្រលប់​ថ្ងៃ​ទី​៨​ មេសា ​នៅ បុរី​ញូវថោន​ក្នុង​រាជ​ធានី​ភ្នំពេញ​ បាន​ដាក់​ការ​សង្ស័យ​ជំហាន​ដំបូង​ថា ​ជនដែល​ត្រូវ​ក្រុម​មនុស្ស​មិនស្គាល់​​មុខ​ច្រើន​នាក់​សម្លាប់​នោះ​គឺជា​ ឃាតករ​​ ហើយ​បាន​​ឱ្យដឹង​ទៀត​ថា ​កំពុង​តាម​ប្រមាញ់​ជន​៣នាក់​ដែល​កំពុង​គេច​ខ្លួន ។

ទោះ​បី​ជាបែបណា​ ការ​​កំណត់​អត្តសញ្ញាណ​ជន​ដែល​ត្រូវ​សម្លាប់​នោះ​ជា​ឃាត​ករ​នៅ​មិន​ទាន់​​ ច្បាស់​ការណ៍​នៅ​ឡើយ ទេ ទោះ​​​ជាប្រភព​ខ្លះ​អះ​អាង​ថា ​គឺជាការ​អះ​អាង​របស់​អ្នក​ស្រី​សន សុម៉ា​ឡែន ដែល​រង​របួស​​បាន​កំណត់​ថា ​ជននោះ​គឺជា​ឃាត​ករ​ក្តី​តាម​រយៈ​ការ​បង្ហាញ​រូប​ថត ។ ​ថ្វីបើ​បែប​នេះក្តី​ នៅ​​រសៀល​ថ្ងៃ​ទី​១១​ មេសា ជន​សង្ស័យ​ម្នាក់​កំពុង​​​ត្រូវ​បាន​តាម​ប្រមាញ់​​ដោយ​ប្រភព​ខ្លះ​ថាគឺជា​ ឃាតករ​ និង​ប្រភព​ខ្លះ​ថាអាច​ជាអ្នកជួល ។

ខាង​ក្រោម​នេះគឺជា​ហេតុ​ការណ៍​នានា​ទាក់​ទិន​នឹង​ការស្លាប់​របស់ស្ត្រី​រងគ្រោះ​ និងជន​ដែល​សង្ស័យ​ត្រូវគេ​វាយសម្លាប់ ។

សេចក្តី ​រាយ​ការណ៍​បាន​ឱ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ដែល​គេ​ព្រួត​វាយ​នឹង​ដំបង​ផុង​លលាដ៍​ក្បាល​រហូត​ដល់​ស្លាប់​ កាល​ពី​វេលា​ម៉ោង​១០ និង​៣០​នាទី​យប់​ ថ្ងៃ​ទី​៩ មេសា ស្ថិត​នៅ​​គីឡូ​ម៉ែត្រ​លេខ​៣ ក្នុង​​ភូមិ​រាជា​នុ​កូល​ សង្កាត់​ស្ទឹង​ត្រែង​ ក្រុង​ស្ទឹង​ត្រែង​ ពិត​ជា​​ត្រូវ​​បាន​គេ​សង្ស័យ​ថា​ជា​ឃាត​ករ​បាញ់​ប្រហារ​ទៅ​លើ​ស្ត្រី​ជា​ បុគ្គ​លិក​​​ធនា​គារ​កាណា​ឌីយ៉ា​សា​ខា​កំបូល​ និង​ក្មួយ​ប្រុស​អាយុ​ជាង​១ខួប​ស្លាប់​ ព្រម​ទាំង​បង​ស្រី​រង​របួស​បាក់​ជើង​ ។

ប្រភព​ព័ត៌​មាន​នោះ​បាន​អះ​ អាង​ថា​ បន្ទាប់​ពី​មាន​ការ​បាញ់​ប្រហារ​ កាល​ពី​វេលា​ម៉ោង​៥ និង​៥០​នាទី​ល្ងាច​ ថ្ងៃ​ទី​៨ មេសា​ នៅ​ក្នុង​បុរី​ញូវ​ថោន​ ស្ថិត​ក្នុង​ភូមិ​ព្រៃ​ទា​ សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ដែល​បណ្តាល​ឱ្យ​ស្ត្រី​ឈ្មោះ​ទិត្យ​ ធារ៉ា​ អាយុ​២៦​ឆ្នាំ​ និង​ក្មួយ​ប្រុស​ឈ្មោះ​ឡយ​ យុទ្ធា​រ៉ា​ ហៅ​ទិត្យ​ យុទ្ធា​រ៉ា​ អាយុ​ជាង​១ខួប​ ស្លាប់​ ព្រម​ទាំង​​ម្នាក់​ទៀត​ជា​បង​ស្រី​ឈ្មោះ​សន សុម៉ា​ឡែន​ អាយុ​៣២​ឆ្នាំ​ របួស​បាក់​ជើង​ មាន​គេ​សង្ស័យ​ថា​ ឃាត​ករ​ជា​យុវ​ជន​ម្នាក់​រស់​នៅ​ភូមិ​រាជា​នុកូល​ សង្កាត់​ស្ទឹង​ត្រែង​ ក្រុង​ស្ទឹង​ត្រែង​ ឈ្មោះ​វ៉ាន់​ ចិត្រា​ ហៅ​អូន​ ភេទ​ប្រុស​ អាយុ​២១​ឆ្នាំ​ ជា​ជាង​ជួស​ជុល​ម៉ូតូ​នៅ​គីឡូ​ម៉ែត្រ​លេខ​៤ ។

ប្រភព​ ព័ត៌​មាន​​​បន្ត​ថា​ ក្រោយ​ពី​បាញ់​ប្រហារ​រួច​ ឃាត​ករ​បាន​មក​កាន់​​​ខេត្ត​ស្ទឹង​ត្រែង​ដែល​ជា​ស្រុក​កំណើត​របស់​ខ្លួន​ និង​ដើម្បី​ទារ​ប្រាក់​ថ្លៃ​ឈ្នួល​ក្នុង​ហេតុ​ការណ៍​បាញ់​ប្រហារ​នោះ​ តែ​ស្រប​​ពេល​ជន​សង្ស័យ​ជា​ឃាត​ករ​មក​ទារ​ថ្លៃ​ឈ្នួល​ក៏​​​មាន​ជន​មិន​ ស្គាល់​មុខ​ផ្សេង​ទៀត​បាន​វាយ​សម្លាប់​​​នៅ​នឹង​កន្លែង​ដើម្បី​បំ​បិទ​មាត់​ ​។​​

លោក​ ដួង​ ស៊ី​វុត្ថា​ នាយ​ការិយា​ល័យ​ព្រហ្ម​ទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ដ​ ​ ឱ្យ​ដឹង​នា​រសៀល​ថ្ងៃ​ទី​១​១​ មេសា​​ ​ថា​ ជន​រង​គ្រោះ​ដែល​គេ​ព្រួត​គ្នា​វាយ​នឹង​ដំ​បង​ស្លាប់​នៅ​នឹង​កន្លែង​កាល​ពី​ វេលា​ម៉ោង​១​០​និង​៣​០​នាទី​យប់​ ថ្ងៃ​ទី​៩​​ មេសា​ ​នៅ​​គីឡូម៉ែត្រ​លេខ​៣​ ក្នុង​​ភូមិ​រាជា​នុកូល​ សង្កាត់​ស្ទឹង​ត្រែង​ ក្រុង​ស្ទឹង​ត្រែង​ ត្រូវ​បាន​ថ្នាក់​លើ​ឱ្យ​បញ្ជូន​រូប​ថត​ជន​រង​គ្រោះ​ទៅ​ស្នង​ការ​ភ្លាម​ៗ​ ដោយ​សង្ស័យ​ថា​ ជន​រង​គ្រោះ​ដែល​ស្លាប់​បាត់​បង់​ជីវិត​នៅ​ខេត្ដ​ស្ទឹង​ត្រែង​ជា​ឃាតករ​ ។​ លោក​ឱ្យ​ដឹង​ទៀត​​ថា​​ ពេល​នេះ​សមត្ថ​កិច្ច​កំ​ពុង​​​​ស្រាវ​ជ្រាវ​យ៉ាង​ដុត​ដៃ​ដុត​ជើង​​ស្វែង​រក​ ជន​ដៃ​ដល់​ដែល​សម្លាប់​​​ឈ្មោះ​ វ៉ាន់​ ចិត្រា​​ ហៅ​អូន​​ ភេទ​​ប្រុស​ អាយុ​២​១​ឆ្នាំ​ ដោយ​ជន​ដៃ​ដល់​ទាំង​នោះ​​​ត្រូវ​​បាន​កំ​ណត់​មុខ​សញ្ញា​រួច​ហើយ​ និង​​កំ​ពុង​តែ​ស្វែង​រក​ចាប់​ខ្លួន​ ។​

លោក​នាយ​ការិយា​ល័យ​​ព្រហ្ម ​ទណ្ឌ​​កម្រិត​ធ្ងន់​បន្ដ​ថា​ មុន​កើត​ហេតុ​ គេ​ឃើញ​ជន​រង​គ្រោះ​ និង​មនុស្ស​ប្រុស​៣​នាក់​ទៀត​ជ​ជែក​​គ្នា​​តឹង​សរសៃ​ក​​ ក្រោយ​មក​ក៏​មាន​ការ​ប្រ​ទាញ​ប្រ​ទង់​​ រួច​ជន​មិន​ស្គាល់​មុខ​៣​នាក់​នោះ​ បាន​ព្រួត​វាយ​ជន​រង​គ្រោះ​ ព្រម​ទាំង​យក​​​ដំ​បង​វាយ​ក្បាល​ពី​ក្រោយ​​បណ្តាល​ឱ្យ​​ស្លាប់​ភ្លាម​ រួច​គេ​ឃើញ​អូស​សព​ពី​កន្លែង​កើត​ហេតុ​ទៅ​ចោល​នៅក្រោម​ដើម​ក្រ​ខុប​ចម្ងាយ​​ ប្រមាណ​​ជាង​៥​ម៉ែត្រ​ ពី​កន្លែង​កើត​ហេតុ​​បន្ទាប់​មក​ជន​ដៃ​ដល់​បាន​រត់​គេច​ខ្លួន​បាត់​ស្រមោល​​ អស់ ។

​​ប្រភព​ព័ត៌​មាន​មួយ​ទៀត​​​បង្ហើប​ឱ្យ​ដឹង​ថា  ជន​រង​គ្រោះ​ឈ្មោះ​វ៉ាន់ ចិត្រា ហៅអូន ​នៅមុន​ពេល​​ត្រូវ​គេ​វាយ​សម្លាប់​​​​នោះគឺ​​​បាន​អង្គុយ​​ផឹក​​ស៊ី​ ជាមួយបក្សពួក​​របស់​ខ្លួន​​​ចំនួន​បី​​ទៅ​បួន​នាក់​​​ទៀត ។ ក្រោយ​ពី​ផឹក​ស៊ី​រួច​​​ គេ​បានបណ្ដើរ​គ្នា​តាម​​ចិញ្ចើម​​ផ្លូវមក​ដល់​​ចំណុច​​​​ខាង​លើ​​ត្រូវ​​ក៏​ គេព្រួត​គ្នា​វាយ​​រហូត​ដល់​ស្លាប់​​នៅ​នឹង​កន្លែង​​ រួច​អូស​​សព​​​ទៅ​ចោល​នៅ​ក្បែរ​​ដើម​ក្រខុប​​​ឆ្ងាយ​ពី​កន្លែង​​​កើត​​ហេតុ​ ​​ជាង​​៥ម៉ែត្រ​ ​ហើយ​​​ជន​ដៃ​ដល់​​​​​ក៏​​បាន​រត់គេច​ខ្លួន​បាត់​​អស់ ។  ​បច្ចុប្បន្ន​ជន​ដៃ​ដល់​ជាប់ពាក់​ព័ន្ធ​​​ក្នុង​ការ​រួម​គំនិត​​គ្នា​វាយ​​ សម្លាប់​នេះ​កំពុង​រត់​គេច​ខ្លួន​​ ឯ​សមត្ថកិច្ច​​ក៏កំពុង​​តាម​ដាន​​យ៉ាង​ម៉ត់ចត់​​ផង​ដែរ ។

​តាម​​​ លោក​គឹម ​វ៉ាន់ អតី​ត​ទាហាន​ការិ​យា​ល័យ​​«​ក២» នៃ​តំបន់​ប្រតិបត្តិការ​​​សឹង​រង​ខេត្ត​​​ស្ទឹង​ត្រែង​​ និង​​ភរិយា​​​​របស់​លោក​ដែលជា​ឪពុកម្ដាយ​របស់​ឈ្មោះ​វ៉ាន់ ចិត្រា ​​​​និយាយ​​ថា  មុន​ថ្ងៃ​កើត​ហេតុ​ជាង​កន្លះខែ​​​​កូន​ប្រុស​​របស់​គាត់​​មិន​​ដែល​ទៅ​ណា​​ ចេញ​ពីខេត្ត​ស្ទឹង​ត្រែង​ទេ គឺ​​នៅជួស​​ជុល​​ម៉ូតូ​​​រហូត​​តែមិន​ដឹង​ថា មានគំនុំ​អ្វី​​​នឹង​គេ​​ទើប​​គេ​​វាយ​ដល់​ស្លាប់​បែប​នេះទេ ។  ​តាម​​ការ​បំភ្លឺនេះ​បង្ហាញ​ថា ​បើ​​មាន​ការ​សង្ស័យ​​​ថា ជា​ឃាត​​ក​រ​បាញ់សម្លាប់​​មនុស្សនៅ​ភ្នំពេញ​​​​ញគួរ​​តែ​បាត់​​មុខ​​មួយ​រយៈ ​​នៅ​ខេត្ត​ស្ទឹង​ត្រែង ៕ ​

ប្រភព  everday.com.kh

Copyright @ 2013 Mobile88. Designed by Templateism | MyBloggerLab

Blog Archive

About Metro

Follow us on Facebook