រាជធានីភ្នំពេញ ៖ រថយន្តហាយឡែនឌ័រ ពណ៌ទឹកប្រាក់  កំពុងបើកបរតាមដងផ្លូវ ស្រាប់តែបុរសម្នាក់ស្រវឹងជិះម៉ូតូសង់កូរ៉េ ពណ៌ក្រហម  ជ្រុលទៅបុកពីក្រោយរថយន្ត ធ្វើឱ្យបែកស្តុប និងក្រពឹតកាងក្រោយ  អ្នកបើកម៉ូតូដួលសន្លប់មួយសន្ទុះ រថយន្តសង្គ្រោះ របស់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រៀបចំសែងយកទៅព្យាបាល ឯជនរងគ្រោះប្រាប់ថារូបគេអត់ខុសអ្វីទេ កុំចាប់រូបគេ ហើយបានស្ទុះងើបរត់  ប្រុងជិះម៉ូតូឌុបត្រូវឃាត់ខ្លួនបាន ។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង៥  និង១៥នាទីល្ងាច ថ្ងៃទី៣១ មីនា នៅមុខមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត  តាមផ្លូវលេខ២៧១ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន ។
ប្រភពព័ត៌មានពីកន្លែង កើតហេតុបានឱ្យដឹងថា រថយន្ត  និងម៉ូតូសង់កូរ៉េបើកស្របទិសគ្នា ពីជើងទៅត្បូង ខណៈមកដល់ចំណុចខាងលើ  អ្នកបើកម៉ូតូស្រវឹងបានជ្រុល ទៅបុកពីក្រោយរថយន្តហាយឡិនឌ័រ  ធ្វើឱ្យក្រពឹតកាងក្រោយ និងបែកស្តុប អ្នកបើកម៉ូតូដួលសន្លាប់មួយសន្ទុះ  ត្រូវក្រុមរថយន្តសង្គ្រោះមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតប្រុងលើកដាក់ប្រង់កាយកទៅព្យាបាល  ស្រាប់តែជនរងគ្រោះដឹងខ្លួនវិញ មិនព្រមទៅព្យាបាលទេ បាននិយាយថា  រូបគេមានកំហុសអ្វីបានជាចាប់គេបែបនេះ ហើយបានស្ទុះរត់ប្រុងទៅជិះម៉ូតូឌុប  ត្រូវឃាត់ខ្លួនបានមកនិយាយគ្នា  បានបន្តិចរត់ចុះ តាមស្ពានភូមិចំរើនផលម្តងទៀតត្រូវបានឃាត់ខ្លួន ។ក្រោយកើតហេតុ  សាច់ញាតិជនរងគ្រោះ បានមកសំពះអង្វរម្ចាស់រថយន្តថា  ក្រុមគ្រួសារជនរងគ្រោះក្រីក្រណាស់ មិនមានប្រាក់សងទេ  ខាងរថយន្តសុខចិត្តមិនយកសំណង  ប៉ុន្តែតម្រូវឱ្យសមត្ថកិច្ចយកអ្នកបើកម៉ូតូទៅអប់រំឱ្យយល់ពីច្បាប់ចរាចរណ៍ ៕
