តាកែវ ៖ ជនរងគ្រោះ មានស្រីមាន ប្រុសចំនួន៦នាក់ បានរងរបួសធ្ងន់ស្រាល ក្នុងគ្រោះថ្នាក់ ចរាចរមួយ ដោយក្រឡាប់ រថយន្ដផ្ងារជើង កាលពី វេលាម៉ោង៣ រសៀលថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៣ ស្ថិត នៅលើកំណាត់ផ្លូវជាតិលេខ២ ក្នុងស្រុក សំរោង ខេត្ដតាកែវ ខណៈដែលជនរងគ្រោះ ទាំងនេះ ត្រូវបានគេរាយការណ៍ថា កំពុងធ្វើ ដំណើរត្រឡប់មកពីសែផ្នូរ (ឆេងម៉េង) ឆ្ពោះមករាជធានីភ្នំពេញវិញ ។ យោងតាមសេចក្ដីរាយការណ៍ពីកន្លែង កើតហេតុ បានឱ្យដឹងថា រថយន្ដដែលក្រឡាប់តែឯងៗខាងលើនេះ ម៉ាកកាមរីឆ្លាម ពាក់ស្លាកលេខ ភ្នំពេញ 2A-9964 ជិះក្នុងរថយន្ដមានគ្នា៦នាក់ ក្នុងនោះត្រូវបានគេរាយការណ៍ថា របួសធ្ងន់៤នាក់ និងរបួសស្រាល២នាក់ ។អធិការនគរបាលស្រុកសំរោងខេត្ដតាកែវ លោកមឿង សារុន បានប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល តាមទូរស័ព្ទនៅរសៀលថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៣ថា ពិតជាមានគ្រោះថ្នាក់ចរាចរខាងលើនេះ កើតឡើងមែន បណ្ដាលឱ្យអ្នកជិះ នៅក្នុងរថយន្ដទាំង៦នាក់ រងរបួស ប៉ុន្ដែមិនទាន់ ស្គាល់ អត្ដសញ្ញាណនៅឡើយទេ ។លោកមឿង សារុន បានបន្ដថា ក្រោយកើតហេតុ និងរហូតមកដល់វេលាម៉ោង៤រសៀលថ្ងៃដដែលនេះ កម្លាំងសមត្ថកិច្ចរបស់លោក បានចុះទៅជួយ អន្ដរាគមន៍ភ្លាមៗ ហើយបញ្ជូនរថយន្ដស្ទូច ទៅស្ទូចរថយន្ដក្រឡាប់នេះ ។ យ៉ាងណាក៏ដោយ មូលហេតុពិតប្រាកដ ដែលនាំឱ្យមានគ្រោះថ្នាក់ចរាចរក្រឡាប់ ដោយខ្លួនឯងខាងលើនេះ មិនទាន់មានការ បញ្ជាក់ជាផ្លូវ ការនៅឡើយទេ ខណៈដែលសមត្ថកិច្ច កំពុងជួយសង្គ្រោះនៅកន្លែងកើតហេតុ ៕
ដោយ៖ ដើមអម្ពិល