ក្រុង សេអ៊ូល ៖ បើទោះជាមានការគំរាមកំហែងធ្វើសង្គ្រាមអាវុធនុយក្លេអ៊ែររបស់មេដឹកនាំ វ័យក្មេងគីម ជុងអ៊ុនយ៉ាងណាក៏ដោយ ក៏មិនអាចរារាំងពិភពលោកមិនឲ្យចាប់អារម្មណ៍នឹងមហាព្រឹត្តិការណ៍នៅ លើឧបទ្វីបកូរ៉េនោះដែរគឺការចាប់ផ្តើមពិធីណែនាំឲ្យស្គាល់នូវបទ ចម្រៀងថ្មីក្នុងការចេញអាល់ប៊ុម Gangnam Style។
បទចម្រៀងថ្មីមានចំណងជើងថា "Gentleman"បាន បង្ហាញនិងស្រាយអស់ចម្ងល់នៃអ្នកគាំទ្រតាមរយៈការសម្តែងនៅលើឆាក នាថ្ងៃសុក្រនេះ។ តារាចម្រៀងរ៉េបកូរ៉េវ័យ៣៥ឆ្នាំPsy បានកំពុងផ្សព្វផ្សព្វបទចម្រៀងថ្មីនៅក្នុងទីក្រុងសេអ៊ូលដែលមានអ្នកចូលរួមទស្សនារហូតដល់៥ម៉ឺននាក់។
បទ ចម្រៀងដែលទើបតែត្រូវបានឲ្យស្គាល់ចំណងជើង និងទើបតែសម្តែងកាលពីថ្ងៃសុក្រនេះនឹងត្រូវចេញផ្សាយនៅក្នុងប្រទេស ១១៩ដែលភ្ជាប់ជាមួយបទចម្រៀងដែលល្បីស្រាប់។ វីដេអូបទចម្រៀង "Gangnam Style"ដែលជាក្បាច់រាំជិះសេះរបស់ Psy ទទួលបានកេរ្តិ៍ឈ្មោះល្បីជាសាកលកាលពីឆ្នាំមុន បន្ទាប់ពីត្រូវបានដាក់បញ្ចូលក្នុងគេហទំព័រ YouTube។
បទចម្រៀងដែលបង្ហាញឲ្យឃើញនូវបែបបទជីវិតទាន់សម័យនៅក្នុងខណ្ឌ Gangnam ក្នុងទីក្រុងសេអ៊ូលត្រូវបានគេចូលមើលជាងមួយពាន់លាននាក់ចាប់តាំងពីដាក់បញ្ចូលក្នុងអ៊ីនធឺណិតកក្កដាឆ្នាំមុន។
កាលពីប៉ុន្មានសប្តាហ៍កន្លងទៅនេះ Psy បានសន្យាថា លោកនឹងជំរុញស្តាល៍Psy ឲ្យក្លាយជាក្បាច់រាំប្រពៃណីកូរ៉េបូករួមជាមួយបទចម្រៀង "Gentleman"។ លោកបាននិយាយប្រាប់ទូរទស្សន៍កូរ៉េកាលពីដើមខែនេះថា ៖«ខ្ញុំ កំពុងតែធ្វើការ ធ្វើហើយធ្វើទៀត រហូតដល់ទទួលបានអ្វីដែលខ្ញុំពេញចិត្ត បើមិនពេញចិនខ្ញុំនឹងមិនទទួលយក និយាយរួមធ្វើរហូតដល់ទីបំផុត»។
លោកនិយាយទៀតថា ៖«នេះជាបទចម្រៀងដ៏សំខាន់តែថ្មី....ក្បាច់ រាំក្នុងបទចម្រៀងថ្មីនេះត្រូវបានស្គាល់អស់ហើយនៅក្នុងប្រទេស កូរ៉េ ប៉ុន្តែជាក្បាច់រាំថ្មីសុទ្ធសាធសម្រាប់ជនបរទេស។ បទចម្រៀងថ្មីនេះក៏នឹងបង្ហាញពីស្តាយល៍ Psyដែរ»។
ទីភ្នាក់ងារគ្រប់គ្រងរបស់Psyនៅកូរ៉េខាងត្បូងគឺក្រុមហ៊ុន YG Entertainment បាន និយាយថា ខ្លួនមិនទាន់ច្បាស់ទេនៅពេលណាដែលវីដេអូដែលត្រូវបានសម្តែងដោយ តារាកំប្លែងកូរ៉េដ៏ល្បី និងតារាចម្រៀងកូរ៉េស្រី។
ក្រុមហ៊ុននេះបញ្ជាក់ថា ការថតត្រូវបានបញ្ចប់ហើយកាលពីថ្ងៃអង្គារ។ ពួកគេប្រាប់ AFPថា ៖«សម្ពាធធំណាស់....តែមានការខិតខំប្រឹងប្រែងខ្លាំងណាស់ដើម្បីជម្នះរាល់សម្ពាធទាំងនោះ។ និយាយថតទាំងយប់ទាំងថ្ងៃ...ដោយគ្មានពេលសម្រាកឡើយ ប៉ុន្តែយើងរីករាយណាស់។ Psy បានប្រាប់អ្នកគាំទ្រជិត២,៥លាននាក់តាម Twitter កាលពីថ្ងៃច័ន្ទ។
ការ ចាប់ផ្តើមមហាព្រឹត្តិការណ៍ចេញបទចម្រៀងថ្មីនេះត្រូវបានរៀបចំឡើង ចំពេលភាពតានតឹងផ្នែកយោធានៅលើឧបទ្វីបកូរ៉េ ហើយក្នុងសប្តាហ៍នេះប្រទេសកូរ៉េខាងជើងត្រូវគេរំពឹងថានឹងចាប់បាញ់ មីស៊ីលសាកល្បងដើម្បីបង្កហេតុនៅពេលណាមួយ។
កូរ៉េខាងជើង ទើបតែបានណែនាំបណ្តាបុគ្គលិកទូតទាំងអស់នៅក្នុងទីក្រុងព្យុងយ៉ាង ឆាប់ជម្លៀសចេញមុនថ្ងៃទី១០ ខែមេសាដោយសារខ្លួនមិនធានាសុវត្ថិភាពឡើយ ហើយបន្ទាប់មកបានព្រមានទៅជនបរទេសនៅទីក្រុងសេអ៊ូលប្រទេស កូរ៉េខាងត្បូងឲ្យប្រញាប់រកទីសុវត្ថិភាព ពីព្រោះខ្លួនមិនឲ្យជនបរទេសក្លាយជាជនរងគ្រោះឡើយ ប្រសិនបើសង្គ្រាមនុយក្លេអ៊ែរផ្ទុះឡើយ។
អ្នកលេងគេហទំព័រTweeterម្នាក់សរសេរថា ៖«បុរសគីម ជុងអ៊ុនអីគេហ្នឹងអាក្រក់ម្ល៉េះ! អ្នកឯងគួរតែធ្វើឲ្យពិភពលោកកក្រើកញាប់ញ័រតាមទង្វើល្អដូចជាPsy ដែល នរណាៗក៏ពេញចិត្តដែរ តែផ្ទុយទៅវិញពិភពលោកកក្រើកញាប់ញ័រដោយសារទង្វើសាហាវឃោរឃៅគឺគំរាម ធ្វើសង្គ្រាមនុយក្លេអ៊ែរទៅវិញ»។
អ្នកគាំទ្រPsy ជនជាតិអង់គ្លេសម្នាក់បានសរសេរថា ៖«តើកូរ៉េខាងត្បូងនៅតែស្ងប់ស្ងាត់ដួចធម្មតាទេ? មិត្តភ័ក្តិបរទេសរបស់ខ្ញុំទាំងអស់បាននិយាយថា ប្រធានាធិបតីកូរ៉េខាងជើងមើលទៅអាក្រក់ណាស់»៕
ប្រភព រស្មីកម្ពុជា