ថៃៈ ត្រៀមខ្លួនជាស្រេច តទល់ជាមួយកម្ពុជា នៅ ICJ

Sunday, April 14, 2013

បាងកកៈ ប្រទេសថៃ បានបង្ហើបឲ្យដឹងថា មន្រ្តី របស់ខ្លួនបានត្រៀមជាស្រេចក្នុងការវាយប្រហារ តទល់ជាមួយ កម្ពុជា ក្នុងតំបន់ជម្លោះក្បែរប្រាសាទព្រះវិហារ អំឡុង នៃការឡើងស្រាយបំភ្លឺដោយផ្ទាល់ ដែលមានការចូលរួមពី អ្នកជំនាញផ្នែកច្បាប់តំណាងឲ្យប្រទេសទាំងពីរ នៅឯតុលាការយុត្តិធម៌អន្តរជាតិ ICJ នៅក្នុងសប្តាហ៍ក្រោយនេះ ។ នេះបើយោងតាមសេចក្តីរាយការណ៍ពីបណ្តាញព័ត៌មានថៃ។

ព័ត៌មានពីគេហទំព័រ Bernama ចុះថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៣ បានឲ្យដឹងដោយលើកឡើងសំដីរបស់លោក  Surapong Tovichakchaikul ប្រាប់អ្នកសារព័ត៌មានថា ក្រុមតំណាងរបស់ប្រទេសថៃ ចាកចេញពីប្រទេសថៃ  ដើម្បីចូលរួមបកស្រាយនៅតុលាការ ដែលព្រឹត្តិការណ៍នេះ នឹងចាប់ផ្តើមឡើងពីថ្ងៃទី១៥ ដល់ថ្ងៃទី១៩ ខែមេសា  ឆ្នាំ២០១៣ខាងមុខនេះ។
លោកបានប្រាប់ក្រុមអ្នកព័ត៌មាននៅព្រលានយន្តហោះ មុនពេលចាកចេញទៅកាន់ទៅក្រុងឡាអេថា បញ្ហាវិវាទលើតំបន់ ៤,៦គីឡូម៉ែត ដែលស្ថិតនៅក្បែរប្រាសាទព្រះវិហារ ត្រូវបានរំពឹងថា នឹងត្រូវបានតុលាការដោះស្រាយ នៅក្នុងរយៈពេលប្រាំមួយខែមុខ។
គួររំលឹកថា កាលពីឆ្នាំ១៩៦២ តុលាការ ICJ បានចេញសាលក្រមសម្រេចថា ប្រាសាទព្រះវិហារជាកម្មសិទ្ធរបស់កម្ពុជា។ ដោយឡែកចំពោះតំបន់ជុំវិញប្រាសាទ នៅតែស្ថិតនៅក្នុងភាពស្រពិចស្រពិល ព្រមទាំងបង្កឲ្យមានជម្លោះ រវាងប្រទេសទាំងពីររហូតមកទល់ពេលបច្ចុប្បន្ន។
ហេតុនេះហើយ បានជាប្រទេសកម្ពុជា បានស្នើឲ្យតុលាការ ICJ បកស្រាយសាលក្រមរបស់ខ្លួនសាជាថ្មី ដើម្បី បញ្ជាក់សេចក្តីថា តើតំបន់ជុំវិញប្រាសាទនេះ ស្ថិតក្រោមអធិបតេយ្យភាពរបស់កម្ពុជា ឬមួយជាកម្មសិទ្ធរបស់ថៃ៕

Copyright @ 2013 Mobile88. Designed by Templateism | MyBloggerLab

Blog Archive

About Metro

Follow us on Facebook