រាជធានីភ្នំពេញ ៖ បន្ទប់ជួលមាន ១០បន្ទប់ នៅក្នុងដីឡូត៍ផ្ទះលេខ៣០២ ផ្លូវលេខ 58P សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ កាលពីវេលាម៉ោង ៩និង ១៥នាទីយប់ ត្រូវបានអគ្គិភ័យឆាបឆេះ អស់ចំនួន ៦បន្ទប់ និង៤បន្ទប់ទៀត គ្រាន់តែឆេះរោលខ្មៅប៉ុណ្ណោះ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា ម្ចាស់បន្ទប់ជួល ខាងលើ មានឈ្មោះ អៀង វុទ្ធា ភេទប្រុស អាយុ ៤៧ឆ្នាំ ។ បន្ទប់ជួលខាងលើមុនពេលកើតហេតុភាគច្រើន មិនសូវមានកម្មករ កម្មការិនីស្នាក់នៅទេ ពួកគាត់ធ្វើការថែមម៉ោង មិនទាន់ចេញ ។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា មូលហេតុដែលបង្កឲ្យឆាបឆេះបណ្តាលមកពីទុស្សេ ខ្សែភ្លើងបណ្តាលឲ្យឆាបឆេះបន្ទប់អស់ទាំងស្រុងចំនួន ៦បន្ទប់ និងបន្ទប់ទៀតឆេះរោលខ្មៅ ។ បន្ទប់ទាំង ១០នេះ សង់ ២ល្វែងទល់មុខគ្នា ទើបឆាបឆេះឆ្លងទៅមករាលដាល រហូតឆាបឆេះរបស់របរក្នុងបន្ទប់អស់ទាំងស្រុង ចំនួន ៦បន្ទប់ និងឆេះខូចកង់អស់ ៣គ្រឿង ប៉ុន្តែមិនបណ្តាលឲ្យមានអ្នករងរបួសទេ ។
ក្នុងហេតុការណ៍នោះ មានរថយន្តពន្លត់អគ្គិភ័យ ២គ្រឿង ទៅជួយបាញ់ពន្លត់អស់ទឹកមួយគ្រឿង អណ្តាតភ្លើងបានរលត់អស់ទៅវិញ ។ ប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់នោះ ខណៈពេលរថយន្ត អគ្គិភ័យកំពុងតែចូលទៅជួយអន្តរាគមន៍ហេតុការណ៍អគ្គិភ័យខាងលើ ដែលជាផ្លូវតូចចង្អៀត ស្រាប់តែមានបុរសម្នាក់ស្រវឹងស្រាជិះរថយន្តកាមរីបាឡែនមួយគ្រឿង ប្រុងបើកចូលទៅកន្លែងកើតហេតុ ត្រូវសមត្ថកិច្ចឃាត់មិនឲ្យបើកចូលទៅទេ ដោយសារផ្លូវចង្អៀត តែបុរសនោះបែរជាមកឈ្លោះ ប្រកែកជាមួយសមត្ថកិច្ចទៅវិញដោយអះអាងថា គាត់ទៅជួយមើលផ្ទះបងប្អូន ដែលកំពុងរងភ្លើងឆាបឆេះ ៕
ប្រភពៈ អង្គរធំ