សាកចងកលេងដើម្បីការសប្បាយ ធ្វើអោយមិត្តរបស់ខ្លួន ដាច់ខ្យល់ស្លាប់មែនទែន

Wednesday, April 3, 2013

យោងតាមគេហទំព័រមួយ របស់ចិន បានឲ្យដឹងថា នារីវ័យក្មេងម្នាក់ ឈ្មោះ Lin អាយុជាង ២០ឆ្នាំ បានធ្វើអោយមិត្តភក្តិរបស់នាងស្លាប់ ដោយការសាកល្បង វិធីសាស្រ្តចងក ដែលនាងបានអាន នៅលើគេហទំព័រមួយ ដោយបានសរសេរថា ការព្យូរក អាចនាំមកនូវ ភាពសប្បាយរីករាយ។
ក្រោយពេលដែលនាងបានអានពីវិធីសាស្រ្តនេះរួច នាងក៏បានទៅរក និង ប្រាប់ដល់ មិត្តជិតស្និតម្នាក់ របស់នាង ឈ្មោះ Li ហើយដោយពួកគេទាំង២នាក់ កំពុងតែអផ្សុកស្រាប់ ផងនោះ ក៏បានសំរេចចិត្តសាកល្បងតែម្តង។ ក្នុងពេលនោះ Lin បានយកក្រវាត់ចង្កេះ ពីសំពត់មួយ បន្ទាប់មកពួកគេដេកនៅលើគ្រែ បែរមុខចំគ្នា ព្រមទាំងបិទភ្លើងផងដែរ ហើយ Lin ក៏បានចាប់ផ្តើមរឹតក មិត្តភក្តិរបស់នាងយឺតៗ និង តឹងបន្តិចម្តងៗ ប៉ុន្តែមិនទាន់មានប្រតិកម្មអ្វីនោះទេ។ ក្រោយមកនាងក៏បានរឹតកាន់តែតឹងជាងមុន រហូតប៉ុន្មាននាទីក្រោយមក មិត្តភក្តិរបស់នាង ឈ្មោះ Li ក៏បានស្រែក និង ដេកបម្រះននៀល បក់ដៃ ព្រមទាំងនិយាយថា ជួយខ្ញុំផង ខណៈដែលនាងកំពុងតែ ដង្ហក់ជិតដាច់ខ្យល់។ ដោយលឺដូចនេះ ឈ្មោះ Lin ក៏បានប្រលែងខ្សែចោល ប៉ុន្តែមិនបានជួយស្រាយ ក្រវាត់ដែលរឹតកនោះ ចេញពីមិត្តភក្តិរបស់នាង នោះទេ ដែលជាហេតុនាំ អោយនាងស្ទះខ្យល់ ដាច់ដង្ហើមស្លាប់ តែម្តងទៅ។
យ៉ាងណាមិញ ក្រោយពីដឹងថាមិត្តភក្តិរបស់នាងស្លាប់ហើយនោះ នាងមានការតក់ស្លុតជាខ្លាំង និង ភ័យខ្លាចក្នុងការទទួលខុសត្រូវក្នុងរឿងនេះ នាងក៏បានយកកាំបិត មកអាចង្កេះរបស់ខ្លួនឯង តែមិនជាមុខជ្រៅនោះទេ។ លុះព្រឹកឡើង នៅពេលដែលឈាមរបស់នាងកកហើយនោះ នាងក៏បានទូរស័ព្ទប្រាប់អោយគេជួយ និងរៀបរាប់ប្រាប់ពីហេតុការណ៍ដែលបានកើតឡើងទាំងអស់តែម្តង។
ទោះជាយ៉ាងណា តុលាការប្រជាជន របស់ទីក្រុង នីងបូ ប្រទេសចិន បានកាត់ទោសនាង ពីបទមនុស្សឃាត ហើយដោយយល់ឃើញថា នាងបានចូលមក សារភាពដោយខ្លួនឯង ព្រមជាមួយនឹងការសងសំណងទៅកាន់ គ្រួសាររងគ្រោះផងនោះ នាងនឹងត្រូវជាប់គុកតែ ៧ឆ្នាំ ប៉ុណ្ណោះ។
មួយវិញទៀត នៅពេលដែលអ្នកកាសែតបានធ្វើការសម្ភាសន៍ជាមួយនឹងវេជ្ជបណ្ឌិតម្នាក់ ទាក់ទងនឹងបញ្ហាថាតើ ការចងកពិតជាអាចធ្វើអោយ មានការសប្បាយរីករាយ មែនឬក៏យ៉ាងណានោះ វេជ្ជបណ្ឌិត បានឆ្លើយថា នេះជារឿងដែលគ្មានបានការ និង ល្ងង់ខ្លៅ ជាទីបំផុត។
តើប្រិយមិត្តមានមតិយោបល់យ៉ាងណាដែរ?
រូបភាពតំណាងតែប៉ុណ្ណោះ




ខ្មែរឡូត

Copyright @ 2013 Mobile88. Designed by Templateism | MyBloggerLab

Blog Archive

About Metro

Follow us on Facebook