ព្រះសីហនុ៖ បុរសជនជាតិបារាំងម្នាក់ ជាវេជ្ជបណ្ឌិត  ត្រូវបានគេឃើញស្លាប់ នៅក្នុងបឹងកាឡូសុខសាន្ត ស្ថិតនៅក្រុម៣ ភូមិសុខសាន្ត  សង្កាត់កោះរុង ក្រុង-ខេត្តព្រះសីហនុ ។ 
តាមរយៈការពិនិត្យបឋម របស់នគរបាលបច្ចេកទេសវិទ្យាសាស្រ្ត  និងលោកវេជ្ជបណ្ឌិត សែជូ សិទ្ធិជោត អនុប្រធានមន្ទីរសុខាភិបាល ខេត្ត  ព្រះសីហនុ បានបញ្ជាក់ឲ្យដឹងថា ជនរងគ្រោះ (សព) ស្លាប់នៅវេលាម៉ោងប្រហែល  ៤និង០០នាទី ទៀបភ្លឺ ថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៣ ដោយធ្វើអត្តឃាត  (ប្រើថ្នាំចាក់បញ្ចូលតាមសរសៃដៃខាងស្តាំ) ។ សពត្រូវបានប្រគល់ទៅឲ្យមិត្តភក្តិ  និងតំណាងកុងស៊ុលបារាំង ប្រចាំខេត្ត ព្រះសីហនុ  ដឹកតាមរថយន្តមន្ទីរពេទ្យបង្អែក ខេត្តព្រះសីហនុ  យកទៅតម្កល់ទុកនៅមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ វេលាម៉ោង ២០និង៤៥នាទី  ថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៣ ។
គួរបញ្ជាក់ថា ជនរងគ្រោះនេះមានឈ្មោះថា THIERRY HUGHES COSTA ភេទប្រុស  អាយុ ៤០ឆ្នាំ សញ្ជាតិបារាំង មុខរបរ វេជ្ជបណ្ឌិត កាន់លិខិត ឆ្លងដែនលេខ 04CE  62418 ផុតកំណត់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៤ ទិដ្ឋាការលេខ CI.00013294  ផុតកំណត់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៣ ចូលមក កម្ពុជាតាមច្រកអន្តរជាតិ  ភ្នំពេញ មកដល់ក្រុងព្រះសីហនុ ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៣ ។
តាមសាក្សីនៅកន្លែងកើតហេតុ បានប្រាប់មជ្ឈមណ្ឌលព៌ត័មានដើមអម្ពិលថា  ជនរងគ្រោះអាចសង្ស័យស្លាប់ បណ្តាលមកពីគាត់មាន វិប្បដិសារី ខ្លាំងពេក  ចំពោះសារព៌ត័មានធំៗ នៅស្រុកបារាំង ដែលធ្វើការតិទៀនយ៉ាងខ្លាំងក្លាថា  គាត់គ្មានសមត្ថភាពក្នុងការសង្រ្គោះ ពលរដ្ឋបារាំងម្នាក់  ដែលទើបតែស្លាប់នាពេលថ្មីៗនេះ ខណៈដែលពលរដ្ឋបារាំងរូបនោះ  ចូលរួមថតកុនឲ្យក្រុមហ៊ុន បារាំង Adventure Line Productions បានថតកុន  ដើម្បីចាក់តាមទូរទស្សន៍ នៅស្រុកបារាំង មានឈ្មោះថា កោះឡង់តា KOH LANTA   ដែលថតតាមបែបជីវិតផ្សងព្រេង។ កម្មវិធីទូរទស្សន៍នោះ ត្រូវបានថតនៅលើកោះរ៉ុង  នៅខេត្តព្រះសីហនុ៕
