បាត់ដំបង: បុរសម្នាក់ស្លាប់ ពេលដឹកទៅដល់មន្ទីរពេទ្យ ដោយសារបុរសម្នាក់បានវាយទាត់មួយជើងចំកញ្ចឹងក ខណៈដែលអ្នករស់ជិតខាង ២គ្រួសារ មានជម្លោះឈ្លោះប្រកែកគ្នា ជនរងគ្រោះចូលទៅជួយឃាត់កុំឲ្យឈ្លោះគ្នា កាលពីយប់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៣ ស្ថិតនៅភូមិចម្ការឫស្សី សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង។ លោកសំ វីឡុង មេបញ្ជាការងអាវុធហត្ថក្រុងបាត់ដំបង បានឲ្យដឹងថា បុរសដែលស្លាប់ឈ្មោះសុខ សោមមុនី ហៅគក់ អាយុ២៩ឆ្នាំ មានប្រពន្ធកូនខ្ចីអាយុ២ខែ រស់នៅភូមិសុភី ឃុំគុត្តសត ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ ជនរងគ្រោះបានមកលេងផ្ទះយាយតាក្នុងឱកាសបុណ្យចូលឆ្នាំថ្មី នៅភូមិចម្ការឫស្សី សង្កាត់ព្រែកព្រះស្តេច។ ចំណែកជនដៃដល់ឈ្មោះឌី ភេទប្រុស អាយុ២១ឆ្នាំ នៅភូមិ សង្កាត់ខាងលើជាមួយផ្ទះយាយតាជនរងគ្រោះ ដែលមកលេងនោះ។ ជនដៃដល់ គឺជាមុខសញ្ញាចាស់ដែលធ្លាប់កាប់សម្លាប់គេ កាលនៅធ្វើកម្មករនៅខេត្តកោះកុង ហើយរត់មកលាក់ខ្លួននៅទីនេះ ដែលមានឪពុកធ្វើជាប៉ូលិសប៉ុស្តិ៍សង្កាត់ព្រែកព្រះស្តេច។ ប្រភពពីអ្នកជិតខាងបានឲ្យប៉េអឹមក្រុងបាត់ដំបង ឲ្យដឹងថា កាលពីព្រឹកថ្ងៃទី១៤ ខែមេសា ជនរងគ្រោះនិងប្រពន្ធ ព្រមទាំងកូនតូចអាយុ២ខែនេះ បានធ្វើដំណើរពីស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ មកលេងផ្ទះយាយ តានៅភូមិចម្ការឫស្សីនេះ។ លុះពេលយប់ថ្ងៃទី១៤ ខែមេសា ជាថ្ងៃទី១ នៃបុណ្យចូលឆ្នាំថ្មី ឆ្នាំម្សាញ់ មានអ្នករស់នៅជិតខាងរៀបចំពិធីជប់លៀងផឹកស៊ី មានញាតិមិត្តជាច្រើននាក់ចូលរួមផងដែរ។ ពេលនោះ ស្រាប់តែឈ្មោះឌី (ជនសង្ស័យ) បានបង្កជម្លោះឈ្លោះជាមួយបុរសម្នាក់ ដែលរស់នៅជិតខាងប្រតាយប្រតប់គ្នា ឃើញដូច្នេះជនរងគ្រោះបានទៅជួយឃាត់ មិនឲ្យទាស់ទែងគ្នា ស្រាប់តែឈ្មោះឌី បានវាយត្រូវមុខ ពីរ-បី ដៃព្រមទាំងទាត់មួយជើងចំកញ្ចឹងកជនរងគ្រោះ បណ្តាលឲ្យដួលសន្លប់នៅលើដី ហើយសាច់ញាតិមិត្តជិតខាងបានជួយដឹកយកទៅមន្ទីរពេទ្យធំបាត់ដំបង ដើម្បីសង្គ្រោះ ប៉ុន្តែក្រុមគ្រូពេទ្យបានប្រាប់ថា ជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ក៏ដឹកត្រឡប់មកផ្ទះវិញ ដើម្បីធ្វើបុណ្យតាមប្រពៃណីនៅផ្ទះយាយតា។ ចំណែកជនដៃដល់ក្រោយពេលដឹងថា ជនរងគ្រោះស្លាប់ក៏រត់គេចខ្លួនបាត់ទាំងយប់តែម្ដង។ លោក សំ វីឡុង បានបញ្ជាក់ថា បច្ចុប្បន្នសមត្ថកិច្ចអាវុធហត្ថក្រុងបាត់ដំបង និងប៉ូលិស កំពុងតាមស្រាវជ្រាវរកចាប់ខ្លួនជនសង្ស័យ យកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ ព្រោះជនដៃដល់សមត្ថកិច្ចស្គាល់អត្តសញ្ញាណជននេះអស់ហើយ៕
Copyright @ 2013 Mobile88. Designed by Templateism | MyBloggerLab