កំពត: កុមារាម្នាក់បានលង់ស្លាប់ ពេលរត់ចូល និងហែលទឹកលេង នៅរមណីយដ្ឋាន ធម្មជាតិទឹកឈូ នៅភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាង ស្រុកទឹកឈូ។ កុមារានោះ បានទៅលេងទឹក ក្រោយពីពិធីសែនឆេងម៉េង ផ្នូរកុងម៉ា រួចបន្តដំណើរកម្សាន្ត ជាមួយក្រុមគ្រួសារ ក្នុងថ្ងៃសម្រាកការសិក្សា។ ហេតុការណ៍នេះ បានកើតឡើង នៅវេលាម៉ោង ២ និង ៣០ នាទី រសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៣។ លោក សឹង ភីន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំម៉ាក់ប្រាង បានឲ្យដឹងថា លោកមិនបានដឹងហេតុការណ៍ អាក្រក់នោះ កើតឡើងទេ។ ប៉ុន្តែអ្នកដឹងហេតុការណ៍ និងជាអ្នកធ្លាប់ស្គាល់ក្រុមគ្រួសារកុមាររងគ្រោះ បានរៀបរាប់ថា កុមារារងគ្រោះឈ្មោះ ហេង សុខថាវិន អាយុ ១៣ឆ្នាំ រស់នៅភូមិស្នាមគូរ ឃុំអង្គសុរភី ស្រុកកំពង់ត្រាច ខេត្តកំពត។ កាលពីព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០០១៣ ដែលជាថ្ងៃឈប់សម្រាកពីការរៀនសូត្រ កុមាររងគ្រោះ រួមដំណើរជាមួយឪពុកម្តាយ មកសែនផ្នូរកុងម៉ា (ឆេងម៉េង) នៅសង្កាត់ត្រើយកោះ ក្រុងកំពត។ ក្រោយពីពិធីសែនព្រេនចប់ ក្រុមគ្រួសារនេះ បានបន្តដំណើរទៅលេងកម្សាន្តនៅរមណីយដ្ឋានទឹកឈូទៀត មុននឹងវិលត្រឡប់ ចូលលំនៅស្ថានវិញ។ ពេលដល់រមណីយដ្ឋាន នៅម៉ោងប្រហែល ២ និង ៣០ នាទី គ្រាន់តែចុះពីម៉ូតូ កុមាររងគ្រោះបានរត់សំដៅទឹក ជាមួយក្មេងៗពីរបីនាក់ ដែលទៅជាមួយ។ តែក្រៅពីរូបគេ កុមារផ្សេងទៀត មិនចុះទឹកទេ។ ដោយសារតែការចុះហែលយូរ មិនឃើញងើបឡើងវិញ កុមារទាំងនោះ ក៏រត់ឡើង ទៅប្រាប់ឪពុកម្តាយ ទើបប្រញ៉ាប់ប្រញ៉ាល់ស្ទុះចុះរាវ ហើយប្រទះឃើញកុមារនោះ នៅជាប់នឹងថ្ម ក៏លើកបីឡើង ហើយនាំទៅកាន់មន្ទីរពេទ្យជាបន្ទាន់។ តែក្រុមគ្រូពេទ្យប្រាប់ថា កុមារារងគ្រោះ បានបាត់បង់ជីវិតទៅហើយ៕
ប្រភពៈ CEN