និស្សិតរងគ្រោះខាងលើ បានប្រាប់ថា គាត់ឈ្មោះ ងី គីមសាន ភេទប្រុស អាយុ៣៣ឆ្នាំ ជានិស្សិតឆ្នាំទី៤ ផ្នែកព័ត៌មានវិទ្យានៅសាកាលវិទ្យាល័យភូមិន្ទភ្នំពេញ និងមានទីលំនៅក្នុងខណ្ឌដង្កោម្ដុំចំការដូង។
ជនរងគ្រោះនិយាយថា ដោយសារជីវភាពក្រុមគ្រួសារខ្វះខាតតែងតែឆ្លៀតពេលរត់ម៉ូតូឌុបនៅពេល ទំនេរ ដើម្បីរកប្រាក់ផ្គត់ផ្គង់ជីវភាពផ្ទាល់ខ្លួន ពេលកំពុងរៀននេះ។ គាត់បន្តថា នៅមុនពេលកើតហេតុគាត់ក៏បានជិះម៉ូតូរកម៉ូយ ហើយ(ភ្ញៀវ) អ្នកដំណើរចុះពីរថយន្តតាក់ស៊ីត្រង់ការ៉ាស់សាំងកាល់ តិច ស្ដុបលោកសង្ឃ ខ្លួនក៏ហៅម៉ូយបានម្នាក់ជិះក៏ស្រាប់តែមាន បុរសម្នាក់ជាអ្នករត់ម៉ូតូកង់៣ ប្រចាំការអចិន្ត្រៃយ៍នៅទីនោះមកជេរប្រមាថ ក្រោយមកក៏បានាំបក្ខពួក២នាក់ទៀតមកចាប់ក្រៀកគាត់វាយទាត់ធាក់ ចាប់ក្បាលអុកជង្គង់និងដងខ្លួនក្បែរសន្លប់។
ជនរងគ្រោះបន្តថា ភ្លាមៗនោះគាត់ក៏រត់ទៅឲ្យប៉ូលិសចរាចរក្រុងនៅក្បែរនោះជួយ អន្តរាគមន៍ តែប៉ូលិសនោះមិនហ៊ាន ក៏ជួយស្រែកតាមវិទ្យុទាក់ទង(អាយកូម) ឲ្យប៉ូលិសប៉ុស្ដិ៍ទឹកថ្លា មកជួយអន្តរាគមន៍តែស្ងាត់ឈឹងរហូតហើយគាត់ក៏បានធ្វើដំណើរទៅប្ដឹង ដល់ទីស្នាក់ការប៉ុស្ដិ៍នគរបាលសង្កាត់ទឹកថ្លាដែរ ប៉ុន្តែគេមិនរូតរះទៅឃាត់ក្រុមជនបង្កនោះទេ។
ជនរងគ្រោះនិយាយថា ដោយសារឃើញប៉ូលិសមិនរវល់ចាត់ការចំពោះជនបង្កវាយតប់មកលើរូបគាត់ ដូច្នេះគាត់ក៏បានព្យាយាមមកប្ដឹងប៉េអឹមខណ្ឌសែនសុខនៅព្រឹកថ្ងៃ បន្ទាប់ ប៉ុន្តែមន្ត្រីប៉េអឹមខណ្ឌសែនសុខនិយាយថារឿងវាយតប់គ្នាត្រូវ ទៅប្ដឹងប៉ូលិសប៉ុស្ដិ៍ទៅ ពីព្រោះប៉េអឹមអត់ធ្វើការងារនេះទេ ហើយម្យ៉ាងទៀតពុំមានកម្លាំងចុះធ្វើការផងជាប់រវល់ការងារអស់ហើយ៕
ប្រភព: កម្ពុជាថ្មី