ថ្ងៃ​ការ កូន​ក្រមុំ​រត់​បាត់

Sunday, April 7, 2013


លោកចាប ចន្ទ្រា (ពេលផ្តល់បទសម្ភាសន៍) និង​នាងងួន សុខនឿន, លោកងួន ជើប , ង្នកស្រីតេង ភាង, អ្នកស្រីដើង ទូច (រូបតូចខាងស្តាំ)
ជា​រឿង​ដ៏​កម្រ​មួយ ដែល​កូន​ក្រមុំ​ម្នាក់ ស្ម័គ្រ​ចិត្ត​រៀប​ការ ដោយ​ពុំ​មាន​ការ​បង្ខិត​បង្ខំ​អ្វី​បន្តិច​សោះ ពី​សំណាក់​ម្តាយ​ឪពុក ជា​អ្នកមាន​គុណ​នោះ ស្រាប់​តែ​ដល់​ថ្ងៃ​ចូល​រោង​ការ ព្រឹក​ឡើង​ត្រូវ​ឈរ​​ទន្ទឹម​នឹង​កូន​កំលោះ ដើម្បី​ទទួលភ្ញៀវ​ទាំង​ឡាយ​ ដែល​មក​ពិសា​ភោជនាហារ​នោះ បែរ​ជា​រត់​ចោល​កូន​កំលោះ បាត់​អស់ ១យប់ ១ថ្ងៃ ទើប​ឪពុក តាម​រក​ឃើញ នាំ​យក​មក​វិញ ល្មម​ពេល​ដែល​ត្រូវ​រុះ​រោងការ​ទៅហើយ។ តែទោះ​បីជា​យ៉ាង​ណា ក៏​អតីត​កូន​កំលោះ-​កូន​ក្រមុំ​មួយ​គូ​នេះ មិន​ទាន់​ផ្តាច់​និស្ស័យ​គ្នា​ទាំង​ស្រុង​ដែរ...។
អ្នកស្រីតេង ភាង អាយុ៤៤ឆ្នាំ សព្វថ្ងៃ រស់នៅ ភូមិវាលត្បាល់ ឃុំមានជ័យ ស្រុកឈូក ខេត្តកំពត បាន រៀបរាប់ថា អ្នកស្រីរៀបការតាំងពីអាយុ១៩ឆ្នាំ មាន មុខរបរជាអ្នកធ្វើស្រែ មានកូន៤នាក់ គឺប្រុស៣ និង កូនស្រី១ ពៅគេបង្អស់ ឈ្មោះងួន សុខនឿន។ កូន- ស្រីទោលនេះ រៀនបានតែត្រឹមថ្នាក់ទី៤ ក៏ឈប់ទៅ ជួយធ្វើការម្តាយឪពុក។ តែទោះបីជីវភាពជួបប្រទះ ការលំបាកខ្វះខាតម្តេចម្តា ក៏អ្នក​ស្រី និងប្តី មិនឱ្យកូនស្រីម្នាក់នេះ ចេញទៅធ្វើការស្រុកឆ្ងាយ ឬទៅធ្វើជា កម្មការិនីរោងចក្រនៅភ្នំពេញ ដូចកូនស្រីអ្នកភូមិផ្សេងៗ ទៀតទេ ព្រោះអ្នកស្រីស្រលាញ់កូន​នេះ​ខ្លាំងណាស់។
អ្នកស្រីតេង ភាង រៀបរាប់បន្តថា ពេលកូនស្រី ធំពេញវ័យ អាយុ១៨ឆ្នាំ ក៏មានកំលោះនៅក្នុងភូមិ ជាមួយគ្នាម្នាក់ ឈ្មោះចាប ចន្ទ្រា ស្រលាញ់ពេញចិត្ត និងចង់បាន​ជាគូវាសនា ក៏ឱ្យម្តាយឪពុក ចាស់ទុំ បងប្អូនគេ មកសួរនាំតាមប្រពៃណីទំនៀមទម្លាប់ខ្មែរ។ ឯកូនស្រីក៏មិនប្រកែកតវ៉ាអ្វី សូម្បីបន្តិចដែរ ក៏ព្រម តាមម្តាយឪពុកដោយ​រីក​រាយ។ ទាំងសងខាង បាន ព្រមព្រៀងគ្នារៀបចំអាពាហ៍ពិពាហ៍ឱ្យកូនស្រីកូនប្រុស នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៣ ដោយបានទៅកក់ ជាងផ្នួង ភ្លេង តុ រោង ម្ហូបអាហារ​គ្រប់​​យ៉ាង គ្មាន ខ្វះអ្វីបន្តិចឡើយ។ មិនតែប៉ុណ្ណោះ បានទាំងស្រាក់ លុយគ្នាជាមួយដន្លង ធ្វើផ្ទះថ្មីមួយខ្នងតូចល្មម ដើម្បី ឱ្យកូនៗទាំងពីររស់នៅដោយឡែកទៀតផង។
អ្នកស្រីតេង ភាង ជាម្តាយបញ្ជាក់ថា  រយៈពេល ជិតមួយខែ មុនថ្ងៃរៀបការ កូនកំលោះតែងតែមក បម្រើនៅផ្ទះអ្នកស្រី ស្ទើររាល់ថ្ងៃ រហូតដល់យប់ខ្លះ ដេកនៅលើផ្ទះ​ជាមួយ​គ្នា តែគ្រែដោយឡែក។ អ្នកស្រី ក៏ដឹងច្បាស់ថា ពួកគេមិនហ៊ានដេកជាមួយគ្នាឡើយ។ ប៉ុន្តែ ពេលដល់កំណត់រៀបមង្គលការ គឺថ្ងៃត្រូវសង់ រោង និងចាត់ចែង​ធ្វើ​ម្ហូប​អាហារ បងប្អូនញាតិមិត្ត មកជួយត្រៀបត្រាទៅហើយ ស្រាប់តែយប់ថ្ងៃទី២៧ ខែកុម្ភៈ ២០១៣ កូនស្រីរត់ចោលរោងការបាត់ ធ្វើឱ្យ អ្នកស្រី និងក្រុមគ្រួសារទាំងមូល ជ្រួលច្របល់ ស្លោស្លន់ មិនដឹងគិតយ៉ាងណា ពីរឿងរៀបការនេះ។ ឯអ្នកស្រុក អ្នកភូមិ ក៏នាំគ្នាភ្ញាក់ផ្អើលគ្រប់ៗគ្នាដែរ។
លោកងួន ជើប ហៅសារី អាយុ៤៧ឆ្នាំ ជាប្តីអ្នកស្រីតេង ភាង និងជាឪពុកខាងស្រី បានឱ្យដឹងថា កាលខាងប្រុសឱ្យម្តាយឪពុក ចាស់ទុំមកចែចូវ គាត់ និងប្រពន្ធ ក៏បាន​សួរ​ចិត្តកូនក្រមុំដែរ គឺមិនហ៊ានបង្ខិតបង្ខំទេ។ ប៉ុន្តែ ស្រាប់តែដល់ពេលចូលរោងការ ថ្ងៃទី០១ កូនស្រីគាត់ រត់បាត់ពីផ្ទះ ធ្វើឱ្យក្រុមគ្រួសារគាត់រត់ជាន់ជើងគ្នាតាមរក​ទាំង​យប់។ លុះព្រឹកឡើង គាត់បានទុក ឱ្យប្រពន្ធនៅទទួលភ្ញៀវដែលមកពិសាភោជនាហារ តាមការអញ្ជើញពីថ្ងៃមុន។ រីឯជាងផ្នួងក៏ត្រូវត្រឡប់ ទៅផ្ទះគេវិញ ព្រោះ​កូន​ក្រមុំ​រត់បាត់ទៅហើយ។ ចំណែក រូបគាត់ជាប្តី ប្រញាប់ធ្វើដំណើរទៅភ្នំពេញ តាមរក កូនក្រមុំ ក៏មានគេខ្សឹបប្រាប់ថា កូនក្រមុំបានរត់ទៅតាមមិត្តភក្តិនាងម្នាក់ ដែលជា​កម្មការិនី នៅរោងចក្រមួយ ហើយបានរកឃើញនាង នៅយប់ថ្ងៃទី២៨ កុម្ភៈ ២០១៣។ លុះព្រឹកឡើង ដែលជាថ្ងៃបញ្ចប់ពិធីមង្គលការ នោះទៅហើយ ទើបលោកនាំ​នាង​ត្រឡប់មកដល់ផ្ទះវិញ។
បុរសជាឪពុក បានបញ្ជាក់ថា ដំបូង គាត់ខឹង ដាច់ក្បាលដាច់កន្ទុយ ព្រោះគាត់ និងប្រពន្ធ មិនបានបង្ខំកូនស្រីសូម្បីបន្តិចទេ គឺរូបនាងយល់ព្រមរៀបការ ដោយរីករាយ ហើយ​គាត់ក៏មិននឹកស្មានថា កូនស្រី រត់ចោលរោងការ ធ្វើឱ្យក្រុមគ្រួសារខ្មាសគេ និង ខាតបង់លុយកាក់ជាច្រើន ព្រោះភ្ញៀវខ្លះគេដឹងថា កូនក្រមុំរត់ចោលរោងការ គេមិន​មក​ពិសាភោជនាហារ ទេ។ ម៉្យាងទៀត ត្រូវខាតបង់ថ្លៃកក់សម្អាងការ ថ្លៃ ធ្វើផ្ទះថ្មី សរុបទាំងអស់ ប្រហែល ១០លានរៀល។ ដំបូង គាត់នឹកថា បើតាមរកឃើញ​កូនស្រីពេលណា គាត់នឹងវាយឱ្យស្គាល់ដៃម្តង តែដល់ពេលរកឃើញ គាត់បែរជាអាណិត រកលើកដៃវាយកូនមិនរួច។
នាងក្រមុំរត់ចោលរោងការ ឈ្មោះងួន សុខនឿន អាយុ១៨ឆ្នាំ បានឱ្យដឹងថា ដំបូង កូនកំលោះឈ្មោះ ចាប ចន្ទ្រា បានមកលេងផ្ទះនាងញឹកញាប់។ នាងក៏ ដឹងថា គេពិត​ជា​ស្រលាញ់នាងហើយ។ លុះម្តាយឪពុក ប្រាប់ថា លើកនាងឱ្យគេ នាងក៏មិនប្រកែកអ្វីដែរ។ ប៉ុន្តែ មិនដឹងយ៉ាងម៉េច ស្រាប់តែជិតដល់ថ្ងៃចូលរោងការ ធ្វើឱ្យនាងស្អប់​មុខ និងមិនចង់និយាយអ្វី ជាមួយកូនកំលោះនោះបន្តិចទាល់តែសោះ។ លុះដល់វេលាជិតភ្លឺ ថ្ងៃទី២៧ កុម្ភៈ ២០១៣ នាងក៏សម្រេចចិត្ត រត់ចោលរោងការ ទៅភ្នំពេញ ដើម្បី​ធ្វើជាកម្មការិនី វិញ ធ្វើឱ្យម្តាយឪពុកត្រូវខាតបង់លុយកាក់ជាច្រើន។ នាងងួន សុខនឿន បញ្ជាក់ថា នៅថ្ងៃក្រោយ បើម្តាយឪពុកមានគម្រោងរៀបការនាងជាមួយ កូនកំលោះឈ្មោះចាប ចន្ទ្រា ម្តងទៀតនោះ នាងមិនទាន់ដឹងថា ត្រូវសម្រេចចិត្តយ៉ាងណាទេ។
ចំណែកកូនកំលោះអភ័ព្វឈ្មោះចាប ចន្ទ្រា អាយុ ២១ឆ្នាំ បានឱ្យដឹងថា មុនពេលរៀបការ លោកតែងមកបម្រើអនាគតម្តាយឪពុកក្មេក និងយកចិត្តអនាគត ភរិយា ស្ទើរ​រាល់​ថ្ងៃ។ ពិសេស កូនក្រមុំ និងលោក មិនដែលមានបញ្ហាអ្វីនឹងគ្នាបន្តិចទេ។ ប៉ុន្តែ មិនដឹងហេតុអ្វី បានជាដល់ពេលត្រូវចូលរោងការទៅហើយ នាងបែរជារត់ចោល​លោក ឱ្យខ្មាសគេយ៉ាងនេះសោះ។
លោកចាប ចន្ទ្រា បញ្ជាក់ពីទឹកចិត្តថា ពេលនេះ លោកនៅមិនទាន់ដាច់អាល័យពីកូនក្រមុំរត់ចោលរោងការម្នាក់នេះទេ ទៅថ្ងៃក្រោយ បើនាងយល់ព្រម ចូលរោងការ​ជាមួយលោកម្តងទៀត លោកក៏មិនប្រកែប្រកាន់អ្វីដែរ ព្រោះក្នុងបេះដូងលោក មានតែនាង ម្នាក់ប៉ុណ្ណោះ។
អ្នកស្រីដើង ទូច អាយុ៤០ឆ្នាំ និងអ្នកស្រីប៉ា សុភា អាយុ៥២ឆ្នាំ ជាអ្នករស់នៅក្នុងភូមិជាមួយ បានឱ្យដឹងថា កូនកំលោះអភ័ព្វ ឈ្មោះចាប ចន្ទ្រា ជា មនុស្សត្រឹមត្រូវ និង​មាន​មុខរបរជាអ្នកបើករថយន្តកូរ៉េ ដឹកដូងខ្ចី យកទៅបោះដុំនៅភ្នំពេញ។ ឯកូនក្រមុំ មិនគួររត់ចោលរោងការអ៊ីចឹងសោះ។ ពួកគាត់យល់ថា ទាំងពីរនាក់នេះ បើបានគ្នា​ជាប្តី​ប្រពន្ធ ពិតជាមានសុភមង្គល ព្រោះម្តាយឪពុកទាំងសងខាង បានគិតគូរផ្សំផ្គុំសង់ផ្ទះសម្បែងរួចជាស្រេច ទុកឱ្យពួកគេរស់នៅ ដោយខុសពីគូស្រករផ្សេងៗទៀត ដែលក្រោយពេលរៀបការហើយ មានតែបាតដៃទទេ ពុំមានមរតកអ្វី បន្តិចពីម្តាយឪពុក ៕


ប្រភព​ អង្គរធំ

Copyright @ 2013 Mobile88. Designed by Templateism | MyBloggerLab

Blog Archive

About Metro

Follow us on Facebook