កែវ និសា យីអ៊ុន​ឡើង

Saturday, March 23, 2013


ចុង​ក្រោយនេះ គេ​សង្កេត​ឃើញ​ថា អ្នក​មេម៉ាយ​ចាយ​រាង កែវ និសា ហាក់​កំពុង​តែ​មាន​យីអ៊ុន​ឡើង​ក្រឺតៗ ស្រប​ពេល​ដែល​លេច​ឮ​ពាក្យ​ចចាម​អារ៉ាមថា មាន​ឧកញ៉ា​ម្នាក់ តាម​សុំ​ស្នេហ៍​នាង យ៉ាង​ប្រកិត រួម​ទាំង​លេច​ឮ​ពី​ចំណងស្នេហ៍ឆ្លង​ដែន​ផង​នោះ។ ទោះ​យ៉ាង​ណា កែវ និសា ពេល​នេះ នៅ​តែ​ខ្លាច​កាមេរ៉ា​អ្នក​កាសែត និង មិន​ព្រម​ចេញ​មុខ​បក​ស្រាយ​ជម្រះ​មន្ទិល​ស្នេហ៍​ឱ្យ​ជ្រះ​ស្រឡះ​ទេ…។
បើទោះបីជាកែវ និសា មានឈ្មោះ​ជា ស្រីមេម៉ាយក៏ពិតមែន ប៉ុន្តែ រូបសម្រស់ គឺក្រមុំ មិនដូរឡើយ។ ជាធម្មតា គ្រាន់តែនាងបង្ហាញកាយ នៅលើឆាកតន្ត្រី ឬក៏ឈរកាន់​ក្បាល​មីក្រូ ធ្វើជាពិធីការិនីម្តងៗ ជាមួយនឹងសម្លៀកបំពាក់សិចស៊ី ខើចលើ ខើចក្រោម ចេញសាច់សខ្ចីនេះ បណ្តាលឱ្យទស្សនិកជន ភាគច្រើន បុរសៗជ្រួលជ្រើមដកកចំហមាត់ ប្រឹងសម្លឹងមើលនាង​ស្ទើរ​មិនប៉ប្រិចភ្នែក។
អ្នកមេម៉ាយចាយរាង កែវ និសា តែងទទួលបាននូវការកោតសរសើរ ពីសំណាក់បុរសជាច្រើនថា នាងពិតជាស្អាតអស្ចារ្យណាស់ ពិសេសគឺ រង្វង់ភ័ក្ត្រស្រស់ផូរផង់ សម​នឹងបបូរមាត់ញញឹមមានស្នេហ៍ គួរឱ្យបេតី ទើបធ្វើឱ្យបុរសៗជាច្រើនឈ្លក់វង្វេងនឹងសម្រស់របស់នាង។ ទន្ទឹមនឹងនេះដែរ អ្នកមេម៉ាយសម្បូរមន្តស្នេហ៍រូបនេះ ក៏ពោរ​ពេញ ទៅដោយពាក្យចចាមអារ៉ាមស្នេហារុំព័ទ្ធបន្តកន្ទុយគ្នារដឹកផងដែរ ប៉ុន្តែ ទោះយ៉ាងណា រាល់ព័ត៌មានទាំងឡាយ ដែលបានបោកបក់មកលើនាង តាំងពីដើម រហូត​មកទល់នឹងពេលនេះ កែវ និសា តែងតែបដិសេធ មិនដែលទទួលស្គាល់ម្តងណាឡើយ។
មួយរយៈចុងក្រោយនេះ កែវ និសា ហាក់កំពុងតែមានយីអ៊ុនឡើង ក្រឺតៗតែម្តង។ នាងមិនត្រឹមតែមានការងារសម្តែងយ៉ាងសស្រាក់សស្រាំ ប៉ុណ្ណោះទេ ពេលនេះ នាង​កំពុងតែទទួលតំណែងជាពិធីការិនី របស់ស្ថានីយទូរទស្សន៍ My TV នៅក្នុងកម្មវិធី “រង្វាន់ទេវតា”, “សំណើចរាត្រី” និង “ហ្គេមសេដ្ឋី” ថែមទាំងឆ្លៀតឱកាសឡើង​ច្រៀង​នៅតាមបណ្តាស្ថានីយ ទូរទស្សន៍នានា រាល់ចុងសប្តាហ៍ ញឹកញាប់ទៀតផង។
ទន្ទឹមនឹងមានរាសីខ្ពស់ត្រដែតនេះដែរ កែវ និសា ក៏កំពុងត្រូវគេ សង្ស័យថា មានឧកញ៉ាម្នាក់ដែលមានទ្រព្យហូរហៀរ និងមានឥទ្ធិពល តាមសុំស្នេហ៍យ៉ាងប្រកិត ប៉ុន្តែ ពេលសាកសួរនាងពេលណា នាងតែងធ្វើការច្រានចោលចំពោះពាក្យចចាមអារ៉ាមនេះជានិច្ច។
កាលពីថ្ងៃទី០៨ មីនា ក្នុងកម្មវិធីខួប១០ឆ្នាំ របស់ស្ថានីយទូរទស្សន៍CTN នៅកោះពេជ្រ មានតារាចម្រៀង និងសម្តែងល្បីៗ ជាច្រើនបានមក ចូលរួម ពិសេស បុគ្គលិក និងពិធីករ-ពិធីការិនី CTN  មកជុំគ្នាទាំងអស់ ក្នុងនោះក៏មានពិធីការិនីថ្មី កែវ និសា បានបង្ហាញខ្លួនយ៉ាងស្រស់ស្អាត ផងដែរ។ ប៉ុន្តែ គេសម្គាល់ថា ក្នុងពេលដែល​ពិធីការិនី​ជើងចាស់ថ្មីទាំងអស់ សុទ្ធតែបានឈរកាច់រាងនៅចំពោះមុខកាមេរ៉ាអ្នកកាសែតគ្រប់ៗគ្នា សូម្បីតែកំពូលតារាចម្រៀងល្បី មាស សុខសោភា និងកញ្ញាអីុវ៉ា ដែលតែងគេច កាមេរ៉ាអ្នកកាសែតនោះ ក៏ឈរញញឹមឱ្យអ្នកាសែត ថតដោយរីករាយ នោះ អ្នកមេម៉ាយស្រស់ខ្ចី ពិធីការិនីថ្មី កែវ និសា បែរជាមានទឹកមុខ មិនសូវ​ស្រស់ ហើយគេចកាមេរ៉ាអ្នកកាសែតទៅវិញ ព្រមទាំងប្រញាប់ប្រញាល់ចេញទៅវិញភ្លាម ដោយនាងមិនបាននៅលេងសើចជាមួយនឹង ពិធីករ-ពិធីការិនីដទៃ​ទៀត​យូរឡើយ។
អ្នកយកព័ត៌មានយើងបានទាក់ទងកែវ និសា ដើម្បីសុំការបំភ្លឺពី រឿងនេះដែរ តែទូរស័ព្ទរបស់នាង មិនអាចទាក់ទងបានឡើយ។
គួរបញ្ជាក់ដែរថា កែវ និសា តារាសម្តែងមុខស្រស់ បានលេចធ្លោខ្លាំង តាមរយៈការសម្តែងរឿងភាគទូរទស្សន៍បាយ័ន ជាតួឯកជាបន្តបន្ទាប់ ប៉ុន្តែ ក្រោយពេលធ្លាយ​រឿង​ប្តឹងលែងប្តី និងរងពាក្យចចាមអារ៉ាមថ្មីៗរឿងស្នេហា ជារឿយៗនោះ ធ្វើឱ្យតារារូបស្រស់នេះហាក់មិនសូវចង់ចេញមុខ តែ ដោយសារនាងជាតារាសិល្បៈ ទើបពិបាក​ក្នុង​ការព្យាយាមលាក់មុខ។
ជាមួយគ្នានេះ អ្នកសិល្បៈ និងទស្សនិកជនភាគច្រើន ជឿថា បើកែវ និសា មិនខ្លាចកាមេរ៉ាអ្នកកាសែត ហើយស្វាគមន៍រាល់ការសុំសេចក្តីបកស្រាយបំភ្លឺ ចំពោះពាក្យ​លេច​ឮផ្សេង។ ដែលទស្សនិកជនចង់ដឹងនោះ នាងនឹងកាន់តែ ល្បីឈ្មោះ លេចធ្លោក្នុងពិភពសិល្បៈថែមទៀតមិនខាន ព្រោះនាងជាតារាស្រី រូបស្រស់ មុខមាន​មន្ត​ស្នេហ៍ គួរឱ្យស្រលាញ់ចូលចិត្ត ហើយមានទេពកោសល្យសិល្បៈសម្តែងល្អទៀតផង…៕
ប្រភព អង្គរធំមេឌា

Copyright @ 2013 Mobile88. Designed by Templateism | MyBloggerLab

Blog Archive

About Metro

Follow us on Facebook