ជិះ​ម៉ូតូ​ប្រជែង​ជាមួយ​ឡាន​ត្រូវ​ឡាន​កៀរ​ដួល​របួស​បាក់​ជើង​ឆ្វេង​ម្ខាង​

Friday, March 22, 2013

ភ្នំពេញ ​៖ ​យុវ​សិស្ស​ម្នាក់​ខណៈ​ពេល​ជិះ​ម៉ូតូ​ម្នាក់​ឯង​យក​បាយ​ឲ្យ​បង​ត្រូវ​រថយន្ត ​មួយ​គ្រឿង​ដែល​បើកបរ​ស្រប​ទិស​គ្នា​កៀរ​ឲ្យ​ដួល​បាក់ជើង​ឆ្វេង​ម្ខាង​ម៉ូតូ ​រង​របួស​បន្តិចបន្តួច​ ហើយ​ជនរងគ្រោះ​ត្រូវ​បាន​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាមៗ។
ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​ថ្ងៃត្រង់​ថ្ងៃទី​២២​ខែ​ មីនា​ឆ្នាំ២០១៣​នៅ​លើ​ផ្លូវ​បេតុង​ភូមិ​ត្រពាំង​ល្វា ​សង្កាត់​កា​កាប​ ខណ្ឌ​ពោធិ៍​សែន​ជ័យ។
ជនរងគ្រោះ​មានឈ្មោះ​ ចៅ​ប៉ាវ​សឹង​ ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ​មុខរបរ​ជា​សិស្ស​រស់នៅ​ភូមិ​ប៉ប្រក​ខាងត្បូង​ សង្កាត់​កា​កាប ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ បាន​រង​របួស​បាក់ជើង​ឆ្វេង។ ជនរងគ្រោះ​ជិះ​ម៉ូតូ​ម៉ាក​ស៊ុយស៊ូគី​ស្មាស់​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ ភ្នំពេញ​1BI- 9135 ​ ហើយ​ម៉ូតូ​នេះ​គ្រាន់តែ​រង​ការខូចខាត​បន្តិចបន្តួច​ប៉ុណ្ណោះ។ រីឯ​រថយន្ត​ដែល​ប៉ះ​ជាមួយ​ម៉ូតូ​នោះ​ម៉ាក គា​ពណ៌ស​ចំណុះ​២​តោន​កន្លះ​អត់​ស្លាក​លេខ បើកបរ​ដោយ​ឈ្មោះ ​អៀង​ឡុង​ភេទ​ប្រុស​អាយុ​៣៨​ឆ្នាំ។
តាម​ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា​មុន​ពេល​កើតហេតុ​ រថយន្ត​និង​ម៉ូតូ​បើកបរ​ស្រប​ទិស​គ្នា​ពី​ជើង​ទៅ​ត្បូង ​ពេលនោះ​​រថយន្ត​​បាន​សសៀរ​បត់​ស្ដាំ​បម្រុង​បត់​ចូល​ផ្ទះ​ តែ​ម៉ូតូ​ជនរងគ្រោះ​វិញ​​មិនបាន​បន្ថយល្បឿន​នោះ​ទេ​គឺ​រឹតតែ​បន្ថែម​ល្បឿន​ វ៉ា​ស្ដាំ​ខំ​ឲ្យ​ផុត​រថយន្ត តែ​ដោយសារ​វ៉ា​មិន​ផុត​ទើប​កៀរ​ជាមួយ​រថយន្ត​នោះ​តែម្ដង។
ប្រភព​បន្ដ​ថា​ម៉ូតូ​បាន​កៀប​ជាប់​ក្រោម​រថយន្ត​ រីឯ​ជនរងគ្រោះ​បាន​ខ្ទាត​ចេញ​ពីក្រោម​កង់​រថយន្ត​ តែ​បាន​បាក់​ជើងឆ្វេង​ម្ខាង​ទៅ​ហើយ។ ក្រោយពេល​កើតហេតុ​ប៉ូលិស​បាន​នាំ​យក​ម៉ូតូ​និង​រថយន្ត​ទៅ​រក្សាទុក​នៅ​ផ្នែក ​សណ្ដាប់ធ្នាប់​​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​រង់ចាំ​ធ្វើការ​ ដោះស្រាយ​គ្នា​តាមផ្លូវ​ច្បាប់៕

Copyright @ 2013 Mobile88. Designed by Templateism | MyBloggerLab

Blog Archive

About Metro

Follow us on Facebook