សម្តេច​តេ​ជោ ហ៊ុន សែន បើក​ការដ្ឋាន​សាងសង់ ពហុកីឡាដ្ឋាន​ជាតិ​មរតក​តេ​ជោ តម្លៃ​ជិត​៣៩​លាន​ដុល្លារ​

Thursday, April 11, 2013


ភ្នំពេញ: សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតីភាព ក្នុង​ពិធីបើកការដ្ឋាន​សាងសង់ សំណង់​ពហុកីឡាដ្ឋាន​ជាតិ មរតក​តេ​ជោ ដែលជា​ពហុកីឡាដ្ឋាន​ធំ​ទំនើប​លំដាប់​ខ្នាត​អន្តរជាតិ​មួយ មានតម្លៃ​ជិត ៣៩ លាន​ដុល្លារ​អាមេរិក ដែល​ត្រូវ​ប្រើ​រយៈពេល​សាងសង់ ៩ ឆ្នាំ ដោយ​ចាប់ផ្តើម​នៅ​ព្រឹក​ថ្ងៃទី​១២ ខែមេសា ឆ្នាំ​២០១៣​នេះ​តទៅ​។

​ សំណង់​ពហុកីឡាដ្ឋាន​ជាតិ​មរតក​តេ​ជោ ដែលជា​ពហុកីឡាដ្ឋាន​ថ្មី​នេះ មាន​ទីតាំង​ស្ថិតក្នុង​សង្កាត់​បាក់​ខែង ខណ្ឌ​ឬ​ស្សី​កែវ លើ​ទំហំ​ផ្ទៃដី​ជាង ៨៥ ហិកតា ក្នុង​តំបន់​អភិវឌ្ឍ​ន៏​របស់ លោក​ឧកញ៉ា លី យ៉ុង​ផាត ដែលមាន​ហេដ្ឋារចនាសម្ព័ន្ធ​ស្រាប់​។ សំណង់​ពហុកីឡាដ្ឋាន​ជាតិ មរតក​តេ​ជោ នឹងត្រូវ​សាងសង់​ជា ៣ ដំណាក់កាល​៖

​ដំណាក់កាល​ទី​១ មាន​រយៈពេល​សាងសង់ ៣២ ខែ មាន​មណ្ឌលកីឡា​ក្នុង​សាល​ទំហំ ៨៥ ម៉ែត្រ គុណ​នឹង ១២៥ ម៉ែត្រ កម្ពស់ ២៩ ម៉ែត្រ​។ មណ្ឌល​កីឡាហែលទឹក​ទំហំ ៨១ ម៉ែត្រ គុណ​នឹង ១២៩ ម៉ែត្រ កំពស់ ៣០ ម៉ែត្រ​។ សាល​ហាត់​កីឡា​ប្រយុទ្ធ ទំហំ ២០ ម៉ែត្រ គុណ ៤០ ម៉ែត្រ កំពស់ ១៣ ម៉ែត្រ​។ អគារ​ស្នាក់នៅ អាហា​រដ្ឋា​ន​ទំហំ ៤៤ ម៉ែត្រ គុណ ៥២ ម៉ែត្រ កំពស់ ១២ ម៉ែត្រ និង​ទីលាន​ហ្វឹកហាត់​ក្រៅ​អគារ​។

​ដំណាក់កាល​ទី​២ ប្រើ​រយៈពេល ៣៦​ខែ កីឡាដ្ឋាន ដែល​អាច​ទទួល​ទស្សនិកជន​ប្រមាណ​ជាង ៧ ម៉ឺន​នាក់​។

​ ដំណាក់កាល​ទី​៣ ប្រើ​រយៈពេល ៤០ ខែ មាន​សាល​វេជ្ជសាស្ត្រ វិទ្យាសាស្ត្រ​កីឡា និង​សាល​ហាត់​សាច់ ដុំ សាល​កាយសម្ព័ន្ធ សាល​កីឡា​បាញ់កាំភ្លើង មជ្ឈមណ្ឌល​កីឡា​ហុក​គី និង សាល​កីឡា​ប្រពៃណី​។

​បើ​ពិនិត្យ​រយៈពេល​ សាងសង់ នឹង​ចប់សព្វគ្រប់​នៅក្នុង​ឆ្នាំ ២០២២ គឺ​មុន​មួយឆ្នាំ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ រៀបចំ​កីឡា SEA GAME នៅ​ឆ្នាំ ២០២៣ ខាងមុខ​។ ជាមួយ​ការបើក​ការដ្ឋាន​សំណង់​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ក៏មាន​ការបើក​ការដ្ឋាន​សាងសង់ កន្លែង​វាយ​ហ្គោល ហ្គា​ឌិន​ស៊ី​ធី ភ្នំពេញ លំដាប់ថ្នាក់​ពិភពលោក ដែល​លាតសន្ធឹង​លើ​ផ្ទៃដី​ជាង ២៤០ អា តែ​មិន​រួមបញ្ចូល​សណ្ឋាគារ និង​អគារ​ផ្សេងៗ​ទៀត​ទេ ហើយ​មាន​ទីតាំង​ចំងាយ ១៥ គីឡូម៉ែត្រ ពី​ទិស​ឦ​សាន្ត នៃ​ទីក្រុង​ភ្នំពេញ​៕​

ប្រភព everyday.com.kh

Copyright @ 2013 Mobile88. Designed by Templateism | MyBloggerLab

Blog Archive

About Metro

Follow us on Facebook