ភ្នំពេញ ៖ ស្នូរគ្រាប់កាំភ្លើង បានផ្ទុះលាន់ឮឡើងផ្ទួនៗគ្នាជាច្រើនគ្រាប់តាំងពីផ្លូវកម្ពុជា ក្រោមនិងផ្លូវសហព័ន្ធរុស្ស៉ីរហូតដល់ផ្លូវមុនីវង្សទល់មុខ មន្ទីរពេទ្យកាល់ម៉ែតដែលបង្កឡើង ដោយក្រុមជនទំនើងមួយក្រុមជិះរថយន្តស៊េរីទំនើបម៉ាករ៉ែងរ៉ូវ័របាន ដេញតាមបាញ់រថយន្តហុងដាស្ព័រដូចក្នុងរឿងចិនហុងកុងបណ្ដាលឲ្យ ភាគីខាងរថយន្តស្ព័រដែលជិះគ្នា៤នាក់ត្រូវរងរបួស២នាក់ ហើយក្រុមជនដៃដល់បានបើករថយន្តគេចបាត់ដោយសុវត្ថិភាពគ្មានខ្លាចញញើត សមត្ថកិច្ចឡើយ។
ក្នុងហេតុការណ៍ជិះ រថយន្តដេញបាញ់គ្នាផ្អើលពេញក្រុងភ្នំពេញនោះបានកើតឡើងនៅវេលា ម៉ោង១និង៥០ នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៣ខែមីនា ឆ្នាំ២០១៣ ដោយកើតឡើងតាំងពីម្តុំ សណ្ឋាគារណានជីងក្នុងទឹកដីខណ្ឌ៧មករាផ្លូវកម្ពុជាក្រោម បន្តរហូតមកដល់ម្តុំស្ពានអាកាសអតីតតោពីរក្នុងទឹកដីខណ្ឌទួលគោក រួចហើយដេញបាញ់តាមផ្លូវសហព័ន្ធរុស្ស៊ីនៅជិតទីស្តីការ គណៈរដ្ឋមន្ត្រីដល់ផ្លូវព្រះមុនីវង្សរហូតដល់ខាងមុខមន្ទីរពេទ្យ កាល់ម៉ែត ខាងមុខមន្ទីរពេទ្យ កាល់ម៉ែតក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញបានបណ្ដាលឲ្យ ជនរងគ្រោះចំនួន២នាក់ក្នុងចំណោមគ្នា៤នាក់បានរងរបួសព្រោះបាញ់ ធ្លាយពីទ្វារនិងកញ្ចក់រថយន្តម៉ាកHonda (domani)ប្រភេទស្ព័រពណ៌សពាក់ស្លាកលេខភ្នំពេញ2F 35 35ដែលក្រុមជនរងគ្រោះជិះ។
សមត្ថកិច្ចបានឲ្យដឹងថាក្រុមជនរងគ្រោះដែលរងរបួសដោយ គ្រាប់កាំភ្លើងនោះទី១. ឈ្មោះគង់ នរិទ្ធ ភេទប្រុសអាយុ៣១ឆ្នាំមុខរបរធ្វើការនៅភោជនដ្ឋានម៉ាលីស77 ស្នាក់នៅ ភូមិ សង្កាត់ទឹកថ្លាខណ្ឌសែនសុខបានរងរបួសធ្លាយភ្លៅឆ្វេង ទី២.ឈ្មោះវង្ស ស្រីអូន អាយុ១៩ឆ្នាំមុខរបររៀនសំអាងស្នាក់នៅផ្ទះជួលនៅសង្កាត់ទឹកថ្លាខណ្ឌ សែន សុខបានរងរបួសត្រង់កំភួនដៃឆ្វេងនិងត្រូវបញ្ឆិតក្បាលខាងស្តាំ( ជនរងគ្រោះទាំង២នាក់នេះជិះខាងក្រោយ)។ ចំណែកជនរងគ្រោះ២នាក់ទៀតជាអ្នកបើកបរនិងអ្នកអង្គុយក្បែរតៃកុងទី ១. ឈ្មោះបុត្រ រំដួលរង្សី ភេទប្រុសអាយុ២៥ ឆ្នាំជាតន្ត្រីករស្នាក់នៅសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ទី២. ឈ្មោះវង្ស ស្រីលក្ខ ភេទស្រីអាយុ២៥ ឆ្នាំមុខរបររតរត់តុស្នាក់នៅសង្កាត់ទឹកថ្លាខណ្ឌសែនសុខ(ទាំង២ នាក់នេះមិនរងរបួសឡើយ)។
សមត្ថកិច្ចបានឲ្យដឹងទៀតថារថយន្តបង្កហេតុម៉ាករ៉ែងរ៉ូវ័រពណ៌ ស មានស្លាកលេខដែរ តែគេមិនចាំប្រដាប់ដោយកាំភ្លើងខ្លីស៊េរីទំនើប ហើយក្រោយពីដេញបាញ់ទម្លុះរថយន្តរបស់ជនរងគ្រោះធ្លុះធ្លាយចំនួន ៣កន្លែងបណ្ដាលឲ្យជនរងគ្រោះជិះខាងក្នុងចំនួន២នាក់រងរបួសធ្ងន់ រួចមក ពួកគេគេចខ្លួនបាត់អស់។
សមត្ថកិច្ចបានបន្តទៀតថា នៅមុនពេលកើតហេតុក្រុមជនរងគ្រោះទាំង៤នាក់(ប្រុស២នាក់ស្រី២នាក់ )ជាសង្សារ២គូរ បាននាំគ្នាចេញពីផឹកស៊ីរាំរែកនៅនៅក្លឹបឌីស្កូយីហោ(ម៉ូណាកូ) នៅក្នុងទឹកដីសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខរួចហើយពួកបាននាំគ្នា ជិះរថយន្តប្រភេទHondaស្ព័រពណ៌សបើកចេញឆ្ពោះមកនាំគ្នាហូបបបរស នៅម្តុំផ្សារស៊ីតនីផ្លូវកម្ពុជាក្រោម។ បន្ទាប់ពីនាំគ្នាហូបចុករួចហើយក៏នាំគ្នាជិះរថយន្តក្នុងគោលបំណងវិល ត្រឡប់ទៅផ្ទះវិញដោយបើកបរតាមផ្លូវកម្ពុជាក្រោមពីកើតទៅលិចដល់ ម្តុំភ្លើងស្តុបណានជីងពួកគេបានបើកវ៉ារថយន្តម៉ាករ៉ែងរ៉ូវ័រ ពណ៌សហើយរថយន្តរ៉ែងរ៉ូវ័រនោះក៏បើកប្រដេញវ៉ាគ្នាទៅវិញទៅមក រហូតដល់ម្តុំស្ពានអាកាស៧ មករាក្រុមជនបង្កខាងរថយន្តរ៉ែងរ៉ូវ័របានដកកាំភ្លើងបាញ់ស្រោច មកលើរថយន្តស្ព័រខាងរងគ្រោ។ ពេលនោះខាងរងគ្រោះភ័យក៏បត់ឡើងផ្លូវសហព័ន្ធរុស្ស៉ីឆ្ពោះមក ទិសខាងកើតវិញដោយរថយន្តរ៉ែងរ៉ូវ័របើកដេញតាមពីក្រោយដល់ម្តុំ ខាងមុខទីស្តីការគណៈរដ្ឋមន្ត្រីក្រុង ខាងរថយន្តរ៉ែងរ៉ូវ័របានបាញ់មកលើរថយន្តស្ព៏រថែមទៀតហើយរថយន្ត ស្ព័រក៏ចេះតែបើករត់ដល់ផ្លូវមុនីវង្សបត់មកទិសខាងជើងដល់ខាងមុខ មន្ទីរពេទ្យកាល់ម៉ែតពួកបានបាញ់មកលើក្រុមរងគ្រោះទៀតបណ្តាលឲ្យ ជនរងគ្រោះ២នាក់(ប្រុសម្នាក់ស្រីម្នាក់)ដែលអង្គុយខាងក្រោយត្រូវ រងរបួសធ្ងន់ ចំណែកជនរងគ្រោះ២នាក់ទៀតជាអ្នកបើកបរនិងអ្នកអង្គុយក្បែរសំណាងល្អ មិនរងរបួសឡើយ។ រំពេចនោះក្រុមជនរងគ្រោះបើកបត់ចូលក្នុងមន្ទីរពេទ្យកាល់ម៉ែតចំណែក ក្រុមជនបង្កក៏បើកបង្ហួសឆ្ពោះទៅទិសខាងបាត់ទៅ។
ពាក់ព័ន្ធក្នុងហេតុការណ៍ដេញបាញ់គ្នាផ្អើលពេញក្រុងនោះដែរគេ សង្ស័យថាអាចមកពីទំនាស់រឿងស្រីញីពេលចេញពីក្លឹបបានជាដេញបាញ់គ្នា បែបអនាធិបតេយ្យគ្មានខ្លាចសមត្ថកិច្ចចាប់បង្ក្រាបឡើយដូច្នេះ។
បច្ចុប្បន្នសមត្ថកិច្ចកំពុងស្រាវជ្រាវដើម្បីឈានដល់ការចាប់ បង្ក្រាបក្រុមជនទំនើងជិះរថយន្តស៊េរីទំនើបដេញបាញ់គេផ្អើលពេញ ក្រុងនោះ។ ចំណែកក្រុមជនរងគ្រោះកំពុងសង្គ្រោះមន្ទីរពេទ្យកាល់ម៉ែតដោយ ក្រុមគ្រូពេទ្យអះអាងថាមិនប៉ះពាល់ដល់អាយុជីវិតឡើយ៕

ប្រភព កម្ពុជាថ្មី