ចាប់ខ្លួន ព្រះរាជអាជ្ញារង តុលាការ យោធា និងបក្ខពួក សង្ស័យជាប់បទល្មើស ពុករលួយ ជាច្រើនករណី

Saturday, March 23, 2013

ភ្នំពេញ ៖ បើទោះបី រហូតមកដល់ រសៀល ថ្ងៃទី២៣ ខែមីនា ឆ្នាំ ២០១៣ នេះ មិនទាន់មានការបញ្ជាក់ជាផ្លូវការ ពី សំណាក់អង្គភាព ប្រឆាំងអំពើពុករលួយក៏ ដោយ ប៉ុន្ដែ យោងតាមប្រភពព័ត៌មានដែល សុំមិនបញ្ចេញឈ្មោះ បានលួចបង្ហើបថា ព្រះរាជអាជ្ញារង នៅតុលាការយោធា លោក ម៉ែន ហុង ពាក់ផ្កាយ២ និងកូនប្រុស ជាក្រឡាបញ្ជី របស់អយ្យការ ព្រមទាំង បក្ខពួក ២នាក់ផ្សេងទៀត ក្នុងនោះមាន ម្នាក់ជាជនជាតិអង់គ្លេស សង្ស័យជាប់បទ ល្មើសពុករលួយជាច្រើនករណី ដែលបានធ្វើ កន្លងមក ។
ប្រភពព័ត៌មាន ដែលបានលួចបង្ហើប ខាងលើនេះ បានឱ្យដឹងថា លោក ម៉ែន ហុង ត្រូវបានគេដឹងថា លួចយកដីរបស់អង្គភាព ដែលបច្ចុប្បន្នស្ថិតក្នុងខណ្ឌសែនសុខ យក ទៅធ្វើផ្ទះល្វែង ចំនួន ៦ល្វែង តាំងពីឆ្នាំ ២០១២ ហើយជាប់សង្ស័យក្នុងការកិប កេងលុយចំពោះការដោះដូរទីតាំង ពីក្នុង ខណ្ឌចំការមន ទៅខណ្ឌសែនសុខ ។
ជាមួយគ្នានេះ លោក ម៉ែន ហុង ក៏ត្រូវ បានគេសង្ស័យជាប់ពាក់ព័ន្ធ ការប្រព្រឹត្ដ អំពើពុករលួយជាច្រើនករណីផ្សេងទៀត ហើយកូនប្រុសរបស់ខ្លួនដែលពាក់ស័ក្ដិ ៤ ទើបនឹងចូលបម្រើការងារ ជាក្រឡាបញ្ជី មិនទាន់បាន ១ឆ្នាំផងនោះ ក៏ជាប់សង្ស័យ នឹងការប្រព្រឹត្ដអំពើពុករលួយជាច្រើន ករណីផងដែរ ។
ទន្ទឹមគ្នានេះ ប្រភពព័ត៌មានខាងលើក៏ បានឱ្យដឹងថា កាលពីពេលកន្លងទៅលោក ព្រះរាជអាជ្ញារង ម៉ែន ហុង បានធ្វើអ្វីៗ ស្រេចតែចិត្ដ ដោយមិនបានឆ្លងកាត់ យោបល់ពីសំណាក់រដ្ឋមន្ដ្រី នោះឡើយ ពោលគឺធ្វើអ្វីស្រេចតែអំណាច របស់ខ្លួន ប៉ុណ្ណោះ ។
យ៉ាងណាក៏ដោយ បើតាមប្រភពខាង លើ ទង្វើរបស់លោក ម៉ែន ហុង អាចជាប់ ពាក់ព័ន្ធ ដូចជា សម្លកំពិសអីចឹង ប៉ុន្ដែ ត្រូវ រង់ចាំការស៊ើបអង្កេត និងសួរនាំពីសំណាក់ អង្គភាព ប្រឆាំងអំពើពុករលួយជាមុន សិន ។
គួរបញ្ជាក់ថា កម្លាំងមកពីអង្គភាពប្រឆាំង អំពើពុករលួយ របស់លោកទេសរដ្ឋមន្ដ្រី ឱម យ៉ិនទៀង ដោយមានការ ចូលរួមសហការ ពីកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ដឹកនាំ ដោយមេបញ្ជាការរងអាវុធហត្ថ លោកខេន សុវណ្ណ កាលពីព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ ២០១៣ បានឃាត់ខ្លួនព្រះរាជអាជ្ញារង តុលាការយោធា ឈ្មោះម៉ែន ហុង និងកូន ប្រុស រួមជាមួយបក្ខពួកពីរនាក់ផ្សេងទៀត ម្នាក់ជាជនជាតិអង់គ្លេស ។
ប្រតិបត្ដិការឃាត់ខ្លួនមន្ដ្រីតុលាការជាន់ ខ្ពស់យោធា រួមជាមួយបក្ខពួកខាងលើនេះ បានធ្វើឡើងដោយមានការឯកភាពពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ស្ថិតនៅក្នុងហាងកាហ្វេមណ្ឌលគិរី១ តាម បណ្ដោយផ្លូវលេខ៦៣ ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ ។
មេបញ្ជាការរងអាវុធហត្ថរាជធានីភ្នំពេញ លោកខេន សុវណ្ណ ដែលបានដឹកនាំកម្លាំង ចុះទៅចាប់ខ្លួនជនសង្ស័យទាំង៤នាក់ខាងលើនេះ មិនអាចធ្វើការអត្ថាធិប្បាយឱ្យបាន វែងឆ្ងាយ ជុំវិញ ករណីទាំងនេះទេ គ្រាន់តែ បញ្ជាក់តាមទូរស័ព្ទយ៉ាងខ្លីថា ជនសង្ស័យចំនួន៤នាក់ ក្នុងនោះម្នាក់ជាជនបរទេស ត្រូវបានចាប់ខ្លួន ។
យោងតាមប្រភពព័ត៌មានពីមន្ដ្រីអាវុធ ហត្ថមួយរូប ដែលចូលរួមក្នុងប្រតិបត្ដិការ ខាងលើនេះ បានឱ្យដឹងថា ក្នុងចំណោមជន សង្ស័យទាំង៤នាក់នោះ មានម្នាក់ជាព្រះ រាជអាជ្ញារងតុលាការយោធា ឈ្មោះម៉ែន ហុង និងកូនប្រុសរបស់ខ្លួនជាអ្នកបកប្រែ រីឯ បក្ខពួកពីរនាក់ផ្សេងទៀត ម្នាក់ជាជនជាតិ អង់គ្លេស មិនទាន់ត្រូវបានសមត្ថកិច្ចឬខាង អង្គភាពប្រឆាំងអំពើពុករលួយបញ្ជាក់នោះ ទេ ។
មន្ដ្រីអាវុធហត្ថ មិនបានបញ្ជាក់ថា តើ ការចាប់ខ្លួនជនសង្ស័យទាំង៤នាក់ ជាប់ពាក់ ព័ន្ធនិងបទល្មើសអ្វីនោះឡើយគ្រាន់តែដឹងថា ជារឿងពុករលួយ ។
ក្រោយការចាប់ខ្លួន នៅហាងកាហ្វេ មណ្ឌលគិរីទី១ ជនសង្ស័យទាំង៤នាក់ ត្រូវ បាននាំតាមរថយន្ដឆ្ពោះទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីសួរនាំបន្ដទៀត ជុំវិញ ករណីទាំងនេះ។
ក្រោយពីនាំខ្លួនជនសង្ស័យទាំង៤នាក់ ទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយរួចមក ជនសង្ស័យជនជាតិអង់គ្លេសវ័យប្រមាណ ជាង៥០ឆ្នាំ ត្រូវបាននាំខ្លួនឆ្ពោះទៅកាន់ សណ្ឋាគារណាណា នៅវេលាម៉ោងប្រមាណ១១ព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៣ ស្ថិតនៅតាមបណ្ដោយ ផ្លូវលេខ១៥៤ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូន ពេញ ដើម្បីឆែកឆេរបន្ទប់ ទីកន្លែងដែលជន សង្ស័យរូបនេះ ស្នាក់នៅជាបណ្ដោះអាសន្ន។
ប៉ុន្ដែនៅពេលកម្លាំងសមត្ថកិច្ចនាំជនសង្ស័យរូបនេះ ចេញពីសណ្ឋាគារវិញ ខណៈដែល អ្នកយកព័ត៌មានទៅថតរូបភាព នៅកន្លែង កើតហេតុនោះ តំណាងសណ្ឋាគារវ័យជាង ៣០ឆ្នាំ បានចេញមករារាំង មិនឱ្យថតរូប ដោយនិយាយថា ពុំមានអ្វីកើតឡើងនោះ ទេ គ្រាន់តែនាំមកយកឥវ៉ាន់តែប៉ុណ្ណោះ ។
យ៉ាងណាក៏ដោយ មូលហេតុពិតប្រាកដ ដែលនាំឱ្យមានការឃាត់ខ្លួនព្រះរាជអាជ្ញារង តុលាការយោធាលោកម៉ែន ហុង និងកូនប្រុស រួមជាមួយបក្ខពួកពីរនាក់ផ្សេងទៀតនោះ មិនទាន់មានការបញ្ជាក់ជាផ្លូវការពីអង្គភាព ប្រឆាំងអំពើពុករលួយនៅឡើយទេ ខណៈដែលជន សង្ស័យទាំង៤នាក់ ស្ថិតក្រោមការសាកសួរនៅឡើយ ៕

Photo by DAP-News
Photo by DAP-News
Photo by DAP-News
Photo by DAP-News
Photo by DAP-News
Photo by DAP-News
ប្រភព៖ ដើមអម្ពិល

Copyright @ 2013 Mobile88. Designed by Templateism | MyBloggerLab

Blog Archive

About Metro

Follow us on Facebook